ច្រមុះជាផ្នែកមួយរបស់រាងកាយ។ ពេលអ្នកមានបញ្ហាច្រមុះនោះ ធ្វើឱ្យអ្នកមានអារម្មណ៍ពិបាកដកខ្យល់ដង្ហើមណាស់។ ព្រោះច្រមុះមានជួយឱ្យអ្នកហិតក្លិនបាន។ សព្វថ្ងៃនេះ មានមនុស្សមួយចំនួនបានមើលរំលងបញ្ហាធំមួយគឺបញ្ហាមហារីកច្រមុះ។ យោងតាមមន្ទីរពេទ្យកាល់ម៉ែតបានចុះផ្សាយថា ជំងឺមហារីកច្រមុះ Nasopharyngeal Cancer ជាជំងឺមហារីកដែលកើតឡើងនៅផ្នែកខាងក្រោយច្រមុះ និងខាងលើបំពងក ដែលពាក្យបច្ចេកទេសឲ្យតំបន់នេះថា “Nasopharynx”។
ក) រោគសញ្ញា៖ នៅដំណាក់កាលដំបូង ជំងឺមហារីកច្រមុះ ពុំស្ដែងនូវសញ្ញាអ្វីដែលគួរឲ្យកត់សំគាល់ទេ។ រោគសញ្ញាមួយចំនួនដែលតម្រូវឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ មានដូចខាងក្រោម៖
១. មានឡើងកូនកណ្តុលនៅក
២. ឈាមច្រមុះ
៣. តឹងច្រមុះភាគច្រើនមួយចំហៀង
៤. សណ្តាប់មានការធ្លាក់ចុះនៅត្រចៀកម្ខាង
៥. ហឹងត្រចៀក
៦. ឈឺក្បាល
ខ) មូលហេតុបង្ក៖ មូលហេតុបង្កឲ្យកើតជំងឺមហារីកច្រមុះ នៅមិនទាន់ដឹងពិតប្រាកដ ប៉ុន្តែមានកត្តាមួយចំនួនដែលជំរុញឲ្យកើតមានជំងឺនេះ ៖
១. ទីតាំងភូមិសាស្រ្ត ដូចជាប្រទេសចិនភាគខាងត្បូង ឬអាស៊ីខាងកើត
២. ការបរិភោគអាហារដែលសម្បូរជាតិ Nitrosamine : អាហារដែលមានកម្រិតអំបិលខ្ពស់ ប្រលាក់ហាលឲ្យស្ងួតរួចអាំង (សាច់ ឬត្រី)
៣. អ្នកប្រកបរបរដែលទាក់ទងជាមួយឈើ-ជាងឈើ
៤. ប្រវត្តិក្រុមគ្រួសារដែលកើតជំងឺនេះ(Nasopharyngeal Cancer)
