ការគេងជាផ្នែកដ៏សំខាន់មួយនៃភាពរាងកាយរបស់មនុស្ស ការគេងមិនបានគ្រប់គ្រាន់ លង់លក់ស្កប់ស្កល់ ជាច្រើនយូរខែឆ្នាំអាចធ្វើឱ្យរាងកាយមនុស្សចុះខ្សោយ និងកើតជំងឺផ្លូវចិត្តថែមទៀត។ នៅខាងក្រោមនេះជាទម្លាប់នៃការគេង៤យ៉ាងជួយអ្នកគេងឱ្យឆាប់លក់៖
១. ទម្លាប់អានសៀវភៅ និងស្ដាប់វីដេអូចំណេះដឹង៖ ការប្រើប្រាស់បណ្តេញសង្គមបន្ទាប់ពីចប់ពីការងារគឺជារឿងទូទៅនៅសម័យស្មាតហ្វូននេះ។ ជំនួសឱ្យការអានសារអេឡិចត្រូនិចនិងសៀវភៅឌីជីថលផ្សេងៗ ទម្លាប់នៃការអានសៀវភៅគឺជាពេលវេលាដែលអាចធ្វើឱ្យយើងនៅជាមួយខ្លួនឯងដោយគ្មានការរំខាន ព្រមទាំងស្ងប់អារម្មណ៍ផងដែរ។ បន្ថែមពីនោះការស្តាប់វីដេអូចំណេះដឹង មើលកម្មវិធីអប់រំ និងស្តាប់ Podcast ផងដែរដែលនាំឱ្យយើងមានគំនិតច្រើន មានការសម្រេចចិត្តបានល្អ។
២. រៀបចំគោលដៅត្រូវធ្វើថ្ងៃស្អែកឱ្យរួចរាល់៖ មានមនុស្សជាច្រើនយល់ថា ឱ្យតែគិតថ្ងៃនេះរួចរចាំស្អែកចាំគិតទៀតក៏បាន តែការពិតប្រសិនបើអ្នកមិនទម្លាប់គិតនិងរៀបចំផែនការការងារ បន្តបន្ទាប់សម្រាប់ថ្ងៃស្អែកនោះទេ ខួរក្បាលអ្នកនឹងមិនសម្រាកឡើយ ព្រោះខួរក្បាលយើងនឹងស្មុគស្មាញ នៅគិតច្រើនវិលវល់ មិនជ្រះស្រឡះរហូតធ្វើឱ្យកើតជាការគេងយល់សប្តិនិងគេងមិនស្កប់ជាដើម។
៣. រៀបចំគ្រែគេងនិងពិសារទឹកកន្លះកែវមុនចូលគេង៖ ការរៀបចំគ្រែគេងនៅមុនពេលចូលដំណេកឱ្យមានរបៀបរៀបរយ មានក្លិនល្អ ក៏ជាកត្តាសំខាន់ផងដែរ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ កាត់បន្ថយភាពនឿយហត់ គេងលក់បានស្កប់ស្កល់ និងមិនសូវមានបញ្ហាសុខភាព ដូចជាបញ្ហាស្បែក និងដំណកដង្ហើមផងដែរ។ ដូច្នេះអ្នកគួរញ៉ាំអាហារឱ្យបានគ្រប់គ្រាន់ មិនគួរញ៉ាំឆ្អែតពេកមុនចូលគេង ព្រមទាំងពិសារទឹកឱ្យបានសមល្មមមុនចូលគេង ព្រោះបើអ្នកពិសារទឹកមិនគ្រប់គ្រាន់ ក្រពះពោះវៀនពិបាករំលាយអាហារ តែប្រសិនបើពិសារទឹកច្រើនពេកក៏វានឹងរំខានដល់ដំណេកផងដែរ។
៤.ចៀសវាងការរំខានច្រើន៖ ការរំខានដែលកើតចេញភាពយន្តរន្ធត់ បណ្តាញសង្គម កម្មវិធីទូរទស្សន៍ ការលេងហ្គេម ដែលមានភាពរំជើបរំជួលខ្លាំង មុនពេលគេង នឹងធ្វើយើងឱ្យយល់សប្តិរញេរញៃច្រើន ជាហេតុបណ្តាលឱ្យគេងមិនស្កប់។ បន្ថែមពីនេះយើងគួរភ្ញាក់ពីគេងឱ្យទៀងពេលរាល់ថ្ងៃ ទោះបីថ្ងៃឈប់សម្រាកក្តី ដើម្បីជំរុញឱ្យដំណើរការនៃការគេងប្រព្រឹត្តទៅជាប្រក្រតី មានពេលវេលាទៀងទាត់ច្បាស់លាស់៕
