បើគ្មានអ្វីប្រែប្រួលទេថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ នឹងមានជំនួបការប្រកួតយ៉ាងកក្រើករវាងម្ចាស់ជើងឯកខ្សែក្រវាត់ Thai Fight កីឡាករ ធឿន ធារ៉ា នឹងត្រូវប៉ះជាមួយនឹងតោកំណាចThiago Teixeira ដើម្បីដណ្ដើមយកខ្សែក្រវាត់ ពិភពលោក IPCC Kun Khmer World Champion ដែលរៀបចំឡើងដោយផលិតកម្ម Town ស្ថិតនៅលើទឹកដីខេត្តស្វាយរៀង។
ជាការពិតណាស់មួយគូនេះពិតជាធ្វើឲ្យរញ្ជួយស្រុកខ្មែរតែម្ដងពីព្រោះថាកីឡាករបរទេស Thiago Teixeira គឺជាកីឡាករមួយរូបដែលមានសមត្ថភាពមិនធម្មតាដោយកាលពេលកន្លងទៅនេះរូបគេក៏បានយកឈ្នះកីឡាករខ្មែរយើងច្រើនរាប់មិនអស់ ខណៈកាលពីពេលថ្មីៗនេះកីឡាកររូបនេះក៏បានប្រកាសនៅផេកហ្វេសប៊ុកថារូបគេពិតជាចង់ជួបធឿន ធារ៉ា ខ្លាំងណាស់។ តាមថាទៅThiago មានចិត្តចង់ប្រកួតជាមួយម្ចាស់ខ្សែក្រវាត់Thai Fight តាំងពី រូបគេបានយកឈ្នះកីឡាករ ឡៅ ចន្រ្ទា មកម្លេះប៉ុន្តែពុំមានឱកាសសោះ តែនៅពេលនេះក្ដីប្រាថ្នារូបគេបានសម្រេចហើយដែលនឹងឡើងប្រកួតជាមួយ ធឿន ធារ៉ា នៅថ្ងៃខាងមុខនេះ។
គួររំលឹកដែលថា អ្នកលេងផ្លែកែង ធឿន ធារ៉ា បានក្លាយជាកីឡាករគុនខ្មែរដំបូងគេដែលដណ្តើមបានខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្តេចថៃ ឆ្នាំ២០២២ បន្ទាប់ពីរូបគេបានវាយកែងបណ្តាលឱ្យជើងខ្លាំងចាស់វស្សារបស់ថៃ Saiyok Sakchainrong បែកធំ និងត្រូវបានគ្រូពេទ្របញ្ឈប់ត្រឹមទឹក១ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់នេះក្នុងប្រភេទទម្ងន់៧២,៥គីឡូក្រាម។
អ្វីដែលកាន់តែគួរឲ្យស្ញើចសរសើរនោះនៅពេលបច្ចុប្បន្ននេះកីឡាករ ធឿន ធារ៉ា បានឈរនៅក្នុងលំដាប់ថ្នាក់កំពូលលេខ១ ក្នុងតារាងរបស់ស្ថាប័នកីឡាប្រដាល់សេរីថៃ World Muaythai Organization (WMO) ក្រោយរូបគេបានបន្តយកឈ្នះលើ Beckham Bigwin ម្ចាស់ខ្សែក្រវាត់២សម័យកាល និងជាអតីតកីឡាករកំពូលតារាង WMO ៣រដូវកាល ក្នុងកម្មវិធីប្រដាល់គុនខ្មែរប្រចាំប្រទេស។ តាមរយៈជ័យជម្នះលើជើងខ្លាំងថៃទាំងពីរ ធារ៉ា កីឡាករគុនខ្មែរ ត្រូវបានស្ថាប័លប្រដាល់ថៃកម្រិតអន្តរជាតិ WMO ដាក់ឈ្មោះក្នុងបញ្ជីកំពូលតារាងរបស់ខ្លួន ៕
អត្ថបទដោយ៖ ស្រីណុច