មុនផ្កាស្បូន ឬហៅថា Syringoma ជាមុនម្យ៉ាងដែលច្រើនកើតលើស្បែកជាពិសេសគឺផ្ទៃមុខ ហើយកើតជាញឹកញាប់ នៅក្រោមភ្នែក លើត្របកភ្នែក ជួនកាលកើតលើថ្ងាស លើទ្រូង និងសរីរាង្គភេទផងដែរ។ លក្ខណៈសម្គាល់របស់វា គឺជាដុំសតូចៗដែលមានទំហំប្រហែលជា១-៣មីលីម៉ែត្រ និងពណ៌របស់វាជាទូទៅមានលក្ខណៈដូចស្បែករបស់យើង ឬក៏មានពណ៌លឿង។
យោងតាមការចុះផ្សាយរបស់គេហទំព័រ healthline បានឱ្យដឹងថា ស្រ្តីប្រឈមនឹងការកើតមុនផ្កាស្បូននេះច្រើនជាងបុរស ជាពិសេសនៅក្នុងដំណាក់កាលពេញវ័យ។ ស្រ្តីមានការផ្លាស់ប្តូរអរម៉ូនច្រើនជាងបុរសជាហេតុធ្វើឱ្យងាយនឹងកើតមុនផ្កាស្បូននេះ។ មូលហេតុមួយចំនួនទៀតដែលធ្វើឱ្យកើតមុនផ្កាស្បូនគឺមកពីភាពខុសប្រក្រតីនៃសកម្មភាពក្រពេញញើស ឬក្រពេញទឹករបស់មនុស្សដែលនៅក្រោមស្បែក និងអ្នកមានជំងឺទឹកនោមផ្អែមជាដើម។ ចំពោះអ្នកដែលមានទម្លាប់បរិភោគអាហារប្រៃក៏អាចបង្កើនឱកាសក្នុងការប្រឈមមុខនឹងការកើតមានមុនផ្កាស្បូនដូចគ្នា។
វិធីមួយចំនួនដែលអាចព្យាបាលមុនផ្កាស្បូននេះបានគឺទីមួយ ការវះកាត់យកដុំតូចៗនោះចេញពីផ្ទៃមុន។ វិធីទីពីរ ប្រើកាំរស្មីឡាស៊ែរដោយនៅមន្ទីរពេទ្យ។ ក្រៅពីនោះអ្នកអាចទៅពិគ្រោះជាមួយគ្រូពេទ្យព្យាបាលតាមរយៈ Dermabrasion ដែលជាវិធីសាស្ត្រ ក្នុងការខាត់ជម្រុះដុំពកៗនោះតែម្តង។ ការព្យាបាលតាមវិធីនីមួយៗ គឺទាមទារពេលវេលាមួយសមរម្យ និងតម្រូវឲ្យធ្វើច្រើនដង ពីព្រោះមុនផ្កាស្បូនពីបាកព្យាបាលជាងមុនធម្មតា។ដោយឡែកចំពោះអ្នកដែលមិនទទួលការព្យាបាលត្រឹមត្រូវមុននេះវាអាចវិវត្តទៅជាជំងឺមហារីកផងដែរ។
វិធីការពារកុំឲ្យកើតមុនផ្កាស្បូន
វិធីសាស្ត្រខ្លះដែលអ្នកអាចធ្វើបាន ដើម្បីបង្កាកុំឱ្យកើតមុនផ្កាស្បូនមានដូចជា៖ អ្នកត្រូវលាងសម្អាតស្បែកមុនឲ្យបានស្អាតជារៀងរាល់ថ្ងៃ ចៀសវាងការរលាកផ្សេងៗជាពិសេសគឺការរលាកដោយសារកម្តៅថ្ងៃ ចៀសវាងការពិសាស្រា បារី និងគួរត្រួតពិនិត្យ តាមដានកម្រិតជាតិស្ករនៅក្នុងខ្លួនជាប្រចាំដោយសារវាអាចពាក់ព័ន្ធនឹងការកើតជំងឺទឹកនោមផ្អែមដែលជាកត្តាជម្រុញមួយនៃមុនផ្កាស្បូន។ កាត់បន្ថយការហូបប្រៃ កុំប្រឈម ឬនៅកៀកទៅនឹងបរិយាកាសដែលមានជាតិពុលឬជាតិគីមីច្រើនព្រោះវាអាចជាមូលហេតុនៃការកើតជំងឺផ្កាស្បូននៅថ្ងៃក្រោយ៕
អត្ថបទដោយ៖ មឿន គន្ធា

