ឡេការពារកម្តៅថ្ងៃជាប្រភេទឡេដែលសំខាន់បំផុតមិនអាចខ្វះបានទាំងសម្រាប់ស្បែកខ្លួនជាពិសេសស្បែកមុខ។ បច្ចុប្បន្នឃើញថា មនុស្សមួយចំនួនបានចំណាយថវិកាទិញឡេការពារកម្តៅថ្ងៃថ្លៃៗយកមកប្រើ ប៉ុន្តែបែរជាគ្មានប្រសិទ្ធភាព លាបទៅមិនចូលស្បែកមុខ ហើយខ្លះក៏ទៅជារមាស់ ប្រតិកម្មទៀត នោះក៏ព្រោះតែពួកគាត់ជ្រើសឡេការពារកម្តៅថ្ងៃមិនត្រូវជាមួយប្រភេទស្បែកមុខរបស់គាត់។
ជាការពិតណាស់ យោងតាមការចែករំលែកពីបងស្រី សុធី ដាវីតា ស្ថាបនិកប្រេន Cambovita គាត់បានប្រាប់ឱ្យដឹងថា មិនសំខាន់ថាអ្នកទិញឡេការពារកម្តៅថ្ងៃមកប្រើក្នុងតម្លៃថ្លៃឬថោកនោះទេ អ្វីដែលសំខាន់គឺអ្នកត្រូវចេះជ្រើសឡេការពារកម្តៅថ្ងៃឱ្យត្រូវប្រភេទស្បែកមុខ។ ស្បែកមុខរបស់មនុស្សយើងម្នាក់ៗមិនដូចគ្នាទេ។ ដោយក្នុងនោះដែរ ស្បែកមុខរបស់មនុស្សគឺគេចែកចេញជា ៤ប្រភេទគឺ ប្រភេទស្ងួត ខ្លាញ់ ងាយប្រតិកម្ម និងធម្មតា។
· ប្រភេទស្បែកមុខស្ងួត៖ សម្រាប់ស្បែកដែលស្ងួត គឺត្រូវការជាតិទឹកចាំបាច់បំផុត ដូច្នេះចំពោះការលាបSunscreen ក៏ជាប្រភេទSunscreenដែលមានជាតិសំណើមខ្ពស់ដែលអាចជួយបំពេញជាតិទឹក ផ្ដល់សំណើមឱ្យស្បែក។
· សម្រាប់ស្បែកដែលឆាប់ប្រតិកម្ម៖ សម្រាប់ស្បែកដែលងាយប្រតិកម្ម ត្រូវបានណែនាំឱ្យជ្រើសឡេការពារកម្ដៅថ្ងៃដែលគ្មានក្លិន គ្មានជាតិម្សៅរដេញរដុបសៗស្អិតៗ ពេលលាបលើស្បែក។ បន្ថែមពីនេះ អ្នកត្រូវពិនិត្យមើលលើសារធាតុផ្សំរបស់ឡេការពារកម្ដៅថ្ងៃ ដែលមានផ្ទុកសារធាតុ Physical Sunscreen ,Mineralដែលមានសារធាតុផ្សំពី Zinc Oxide ឬ Titanium Dioxide សារធាតុស័ង្កសីអុកស៊ីតកម្ម និងទីតាញ៉ូមឌីអ៊ុកស៊ីត ដែលការពារស្បែក។ ចំពោះសារធាតុទាំង២នេះ គឺវាមិនធ្វើឱ្យស្បែករលាក ឬក្រហាយឡើយ ជាពិសេសវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារស្បែកអ្នកពីពន្លឺព្រះអាទិត្យបានយ៉ាងល្អ។
· ស្បែកមុខខ្លាញ់៖ ស្បែកមុខខ្លាញ់ជាប្រភេទស្បែកដែលងាយស្ទះរន្ធរោម ងាយបង្កទោជាការកើតមុខប្រសិនជាអ្នកជ្រើសឡេការពារកម្តៅថ្ងៃ ឬ Skin care លាបមិនត្រូវ។ ដូច្នេះក្នុងការជ្រើសរើសឡេការពារកម្តៅថ្ងៃអ្នកត្រូវផ្តោតសំខាន់ទៅលើប្រភេទឡេដែលទប់ជាតិខ្លាញ់ ទប់ប្រពេញខ្លាញ់កុំឱ្យធ្វើការលើសកម្រិត។ គួរប្រើ Sunscreen with Oil Free។
· ស្បែកមុខធម្មតា៖ ជាប្រភេទស្បែកមុខដែលគ្មានបញ្ហា មិនស្ងួត មិនខ្លាញ់ពេល រឹងមាំ ហើយមិនងាយប្រតិកម្ម ស្បែកមុខប្រភេទនេះគឺងាយស្រួលក្នុងការជ្រើសឡេការពារកម្តៅថ្ងៃជាងប្រភេទស្បែកមុខផ្សេងៗ។ គួរជ្រើសប្រើ Chemical Sunscreen មានដូចជា៖ Oxybenzone Avobenzone ។
បន្ថែមពីលើនេះទៀត បើតាមការឱ្យដឹងពីគេហទំព័រ Nivea បានបញ្ជាក់ច្បាស់ៗពីម៉ោងក្នុងការលាបឡេការពារកម្តៅថ្ងៃក្នុង១ថ្ងៃដូចខាងក្រោម៖
១. លាបពេលព្រឹកចន្លោះម៉ោង ៧-៨ព្រឹក១ដង
២.លាបឡើងវិញនៅម៉ោង ១០-១១ព្រឹក១ដងទៀត
៣. លាបនៅម៉ោង១-២រសៀល១ដង
៤. លាបឡើងវិញនៅម៉ោង៣រសៀល១ដងទៀត។
របៀបនៃការលាបឡេការពារកម្តៅថ្ងៃឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់អ្នកត្រូវលាបទៅតាមរបៀបខាងក្រោម៖
· ជ្រើសឡេការពារកម្តៅថ្ងៃដែលមានកម្រិត SPF លើសពី៣០ ពីព្រោះវាជួយការពារមុខរបស់យើងពីកម្តៅថ្ងៃបានល្អ។
· អ្នកចាំបាច់ត្រូវតែលាបឡេការពារកម្តៅថ្ងៃឱ្យបានមុនពេលចេញទៅខាងក្រៅ ១៥នាទី ពីព្រោះរយៈពេលនេះជាពេលដែលសាច់ឡេកំពុងតែជ្រាបចូលទៅក្នុងស្រទាប់ស្បែករបស់អ្នក និងជួយការពារកម្តៅថ្ងៃបានយ៉ាងល្អ។ ករណីអ្នកលាបហើយភ្លាមចេញទៅក្រៅត្រូវកម្តៅថ្ងៃភ្លាមធ្វើឱ្យស្បែកមុខរបស់អ្នកប្រឈមជាមួយការឡើងជាំ និងស្នាមអុចខ្មៅ។
· លាបឡេការពារកម្តៅថ្ងៃឱ្យសព្វពេញមុខ ដោយអ្នកអាចចាក់ល្បាយឡេការពារកម្តៅថ្ងៃរបស់អ្នកដាក់លើម្រាមដៃទាំង៣(ដៃចង្អុល ដៃកណ្តាល និងដៃនាង) រួចសឹមយកល្បាយនោះទៅដាក់នៅត្រង់ចំណុច៥សំខាន់ៗមានដូចជា ថ្ងាស ថ្ពាល់ឆ្វេង ថ្ពាល់ស្តាំ ចុងច្រមុះ និងចង្កា រួចលាបរាងជារង្វង់ថ្នមៗរហូតទាល់តែសព្វស្បែកមុខល្អ។
បម្រាម៖ ពេលលាបឡេការពារកម្តៅថ្ងៃរួច ហាមយកដៃទៅទះនៅលើមុខខ្លាំងពីព្រោះការធ្វើបែបនេះមិនបានជួយឱ្យសាច់ឡេការពារកម្តៅថ្ងៃចូលស្បែកបានល្អនោះទេ គឺជាការធ្វើឱ្យស្បែកមុខចុះខ្សោយ ហើយអាចប្រឈមទៅនឹងការជាំមុខ។ អ្វីដែលអ្នកគួរធ្វើគឺអ្នកគ្រាន់តែយកបាតដៃទាំង២របស់អ្នកមកផ្តិតៗនៅលើមុខថ្នមតែប៉ុណ្ណោះ៕
អត្ថបទដោយ៖ មឿន គន្ធា

