ពេលខ្លះជីវិតរបស់មនុស្សជួបបញ្ហាច្រើនណាស់ បើគ្មានអ្នកលើកទឹកចិត្ត និងគ្មានអ្វីម្យ៉ាងជម្រុញចិត្តទេ អ្នកច្បាស់ជារងសម្ពាធផ្លូវចិត្តមិនខានឡើយ។ បើអ្នកកំពុងតែមានបញ្ហាជីវិតក្នុងការងារ បញ្ហាប្តីប្រពន្ធ និងអារម្មណ៍ភ័យខ្លាចពីអនាគតនោះ ខ្ញុំជឿថា អ្នកបានអានអត្ថបទមួយនេះរួច អ្នកច្បាស់ជាមានទំនុកចិត្ត មានទឹកចិត្តឡើងវិញ និងហ៊ានបន្តដំណើរតាមក្តីសុបិនរបស់អ្នកទៀត។ អ្នកកុំចាញ់ លទ្ធផលចុងក្រោយ អ្នកនឹងក្លាយជាជើងឯកលើវិស័យរបស់អ្នកដូចជាលោក Steve Jobs ចឹងដែរ។ នេះជាសម្តីដែលអស្ចារ្យបំផុតលោក Steve Jobs បាននិយាយនៅសកកវិទ្យាល័យ Stanford ដែលធ្វើឱ្យមនុស្សរាប់លានស្តាប់ និងអានច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរបស់យើងនេះ។
លោក Steve Jobs បានលើកឡើងថា៖ មនុស្សយើងគ្មានអ្នកណាចង់ស្លាប់នោះទេ សូម្បីតែមនុស្សចង់ទៅឋានសួគ៌ ក៏មិនចង់ស្លាប់ដែរ។ ឯសេចក្តីស្លាប់នេះ ជាគោលដៅដែលយើងទាំងអស់គ្នា គ្មានអ្នកណាអាចគេចផុតពីវាបានទេ។ ពីព្រោះសេចក្តីស្លាប់នេះ ជាវិធីតែមួយគត់នាំឱ្យអ្នកខំគិតច្នៃប្រឌិតអ្វីមួយឱ្យល្អបំផុត។ ហើយវាជាអ្នកនាំផ្លូវឱ្យជីវិតរបស់អ្នកមានការផ្លាស់ប្តូរលាងជម្រះស្នាមអតីតកាល ដើម្បីរកផ្លូវថ្មីសម្រាប់ស្រមៃ។ បច្ចុប្បន្នភាពនេះ ជារូបអ្នក។ នៅថ្ងៃណាមួយ មិនយូរប៉ុន្មានទេ អ្នកចាប់ផ្តើមចាស់បន្តិចម្ដងៗ ហើយអ្នកនឹងស្លាប់។ ឱ្យខ្ញុំសូមអភ័យទោសផង ដែលធ្វើឱ្យអ្នកមានការភ្ញាក់ផ្អើល តែវាជាការពិត។ ហើយលោកបានបន្តថា៖
"ពេលវេលារបស់អ្នកមានដែនកំណត់ ដូច្នេះកុំខ្ជះខ្ជាយវាក្នុងការរស់នៅតាមជីវិតរបស់អ្នកដ៏ទៃ។ កុំជាប់គាំងជាមួយលទ្ធផលនៃការគិតរបស់អ្នកដទៃ។ កុំឱ្យសម្លេងរំខាននៃគំនិតរបស់អ្នកដទៃ មកបញ្ឈប់ក្តីស្រមៃរបស់អ្នក។ អ្នកត្រូវចាំថា សម្លេងខាងក្នុងមានឥទ្ធិពលណាស់សម្រាប់ដំណើរជីវិតនេះ អ្នកត្រូវមានភាពក្លាហានធ្វើតាមបេះដូង និងវិចារណញាណរបស់អ្នក... នៅត្រូវតែឃ្លាន និងបន្តភាពល្ងង់របស់អ្នក (ពេលអ្នកដឹងថា ខ្លួនល្ងង់ ជាចំណុចចាប់ផ្តើមបន្តរៀនសូត្រជានិច្ច)។
ស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs បាននិយាយបន្តទៀតថា “ពេលខ្លះជីវិតនេះ ដូចជាគេវាយក្បាលអ្នកមួយដុំឥដ្ឋចឹង ប៉ុន្តែអ្នកកុំបាត់បង់ជំនឿលើខ្លួនឯងឱ្យសោះ។" ថ្វីត្បិតតែលោក Steve Jobs មានកេរ្តិ៍ឈ្មោះល្បីល្បាញក៏ដោយ ក៏គាត់ផ្តើមចេញពីកន្លែងធ្វើការងារនៅផ្ទះជារោងដាក់ឡានឪពុកម្តាយរបស់លោកដែរ។ គាត់បានចាប់ផ្តើមក្រុមហ៊ុន Apple នេះជាមួយចិត្តដ៏ស្មោះស្ម័គ្រជាមួយក្តីស្រមៃ។ ជីវិតរបស់អ្នកមានអត្ថន័យណាស់ អ្នកកុំចុះចាញ់បញ្ហាទាំងឡាយ វាជាមេរៀនដ៏មានតម្លៃ ដែលអ្នកគួររៀនសូត្រពីវា។ ចូរបន្តដំណើរជីវិតរបស់អ្នកជាមួយស្នាមញញឹម និងក្តីស្រឡាញ់ទៀតណា៕
អត្ថបទដោយ៖ ទ្រ សុភាព