អ្នកស្រី Nguyen To Quyen អាយុ៣៥ឆ្នាំ បានសម្រកគីឡូអស់៣៥គីឡូក្នុង១ឆ្នាំ ពីគីឡូដើមរបស់នាង១០៧គីឡូ បន្ទាប់ពីនាងសម្រេចចិត្តវះកាត់បង្រួមក្រពះឱ្យតូច និងទទួលទានរបបអាហារបែបសុខភាព នេះបើផ្អែកតាមការចែករំលែកពីប្រភពvnexpress។
មុនពេលរៀបការ អ្នកនាងQuyen មានទម្ងន់៤៨គីឡូក្រាម និងមានកម្ពស់ ១.៦៥ម៉ែត្រ។ ក្នុងឆ្នាំ២០១៩ បន្ទាប់ពីសម្រាលបានកូនទី២ ទម្ងន់របស់នាងបានកើនឡើងដល់ ១០៧គីឡូក្រាម។ គាត់បានព្យាយាមលេបថ្នាំសម្រកទម្ងន់អស់ជាច្រើនតែគ្មានលទ្ធផល។ ក្រៅពីនោះនាងក៏បានចាក់ថ្នាំសម្រក់នៅកន្លែងកែសម្ផស្សផងដែរ ប៉ុន្តែវាបានធ្វើឱ្យនាងមានបញ្ហាមករដូវ ឈឺពោះ ហូរឈាម ឈឺក្បាលញឹកញាប់ វិលមុខ គេងមិនលក់ អស់កម្លាំងខ្លាំង។ នាងស្រកបាន១០គីឡូក្រាម ប៉ុន្តែសុខភាពរបស់នាងកាន់តែយ៉ាប់យ៉ឺនខ្លាំង នាងក៏សម្រេចចិត្តបញ្ឈប់ការសម្រកនេះ។
សាស្ត្រាចារ្យវេជ្ជបណ្ឌិត Nguyen Anh Tuan អនុប្រធានវិទ្យាស្ថានវះកាត់ប្រព័ន្ធរំលាយអាហារ មន្ទីរពេទ្យ 108 Central Military បានឲ្យដឹងថាអ្នកជំងឺខាងលើ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយទាំងមានសុខភាពខ្សោយ និងមានសន្ទស្សន៍រាងកាយ(BMI)៤០ លើសទម្ងន់ខ្លាំង។ គ្រូពេទ្យបានលើកឡើងថាកត្តាដែលធ្វើឱ្យគាត់លើសគីឡូខ្លាំង គឺដោយសារតែគាត់សម្រកគីឡូមិនបានត្រឹមត្រូវតាមបែបវេជ្ជសាស្ត្រ។
វេជ្ជបណ្ឌិតណែនាំអ្នកជំងឺអំពីការវះកាត់បង្រួមក្រពះ (laparoscopic gastric bypass) ។ វិធីសាស្រ្តនេះ ភាគច្រើនធ្វើសម្រាប់អ្នកធាត់មានទាក់ទងនឹងជំងឺទឹកនោមផ្អែម រដូវមិនទៀងទាត់ ដើម្បីជួយកាត់បន្ថយបរិមាណថាមពលដែលដាក់ចូលក្នុងរាងកាយ។ ការវះកាត់ laparoscopic gastric bypass ជាញឹកញាប់ត្រូវបានអនុវត្តសម្រាប់អ្នកដែលមាន BMI លើសពី៣០(ធាត់ថ្នាក់ទី២) ដែលមានលក្ខខណ្ឌវេជ្ជសាស្ត្រមួយចំនួនដូចជា សម្ពាធឈាមខ្ពស់ ការឈឺចាប់សន្លាក់ ភាពគ្មានកូន ជំងឺទឹកនោមផ្អែម និងបញ្ហាមករដូវជាដើម។
បន្ទាប់ពីការវះកាត់អ្នកជំងឺអាចកាត់បន្ថយបរិមាណអាហារដោយសារតែក្រពះតូច។ បន្ទាប់មក ពួកគេត្រូវរក្សារបបអាហារដែលមានសុខភាពល្អ រួមជាមួយការហាត់ប្រាណ ដើម្បីរក្សាទម្ងន់សមស្រប និងធានាដល់សុខភាពផងដែរ៕