សព្វថ្ងៃនេះ មានបុរសមួយចំនួនតូចមានអារម្មណ៍ថា ខ្លួនមានអំណាចជាងមនុសស្រី និងខ្លួនមានសិទ្ធច្រើនជាងមនុស្សស្រី រួចហើយកំណត់ថា សេចក្តីសុខក្នុងគ្រួសារខ្លួនជាអ្នកកំណត់ មនុស្សស្រីមានសិទ្ធតិច។ នៅពេលបុរសខ្វះការស្វែងយល់ពីនារី ឬដៃគូជីវិតមានបញ្ហាផ្លូវចិត្ត និងមានជម្លោះនឹងគ្នាជារឿយៗទៀត។ បើលោកអ្នកជាបុរសសាកល្បងវិធីរបស់លោកបណ្ឌិត John Gray ជាអ្នកចិត្តវិទ្យាសម្ពន្ធភាពគ្រួសារ និងជាអ្នកនិពន្ធសៀវភៅល្បីល្បាញ Men Are from Mars, Women Are from Venus តែ១ក្បាច់នេះ នាំឱ្យឈ្នះចិត្តប្រពន្ធមិនខានឡើយ។
ការមានជម្លោះរវាងប្តីប្រពន្ធ គឺផ្តើមពីពាក្យសម្តីមិនយល់ពីគ្នានេះឯង។ ព្រោះអ្វី? បើប្តីប្រពន្ធជជែកគ្នា ហើយស្តាប់គ្នាមិនយល់ថា ភាគីម្ខាងៗ ចង់និយាយពីអ្វីទេ អារម្មណ៍ចាប់ផ្តើមអស់ក្តីស្រឡាញ់ម្តងបន្តិចៗ ហើយ។ លោកបណ្ឌិត John Gray ទម្រាំតែនិពន្ធសៀវភៅនេះមួយក្បាល បានឆ្លងកាត់បទពិសោធច្រើនណាស់ជាមួយភរិយារបស់គាត់។ ជីវិតគ្រួសារមានជម្លោះនឹងគ្នា គឺមិនយល់ពីអារម្មណ៍គ្នានេះឯង។ ពេលមួយប្រពន្ធគាត់មកពីធ្វើការវិញ ហើយលោក John gray ក៏ទើបតែមកពីធ្វើការដូចគ្នាដែរ។ ហើយលោក Gray បានអង្គុយចុះ ស្រាប់តែប្រពន្ធគាត់រអ៊ូពីបញ្ហាការងារជាច្រើន នាំឱ្យលោក Gray មានអារម្មណ៍រងសម្ពាធខ្លាំង ក៏ឈ្លោះគ្នា។
ពេលគាត់សិក្សាលើរឿងជម្លោះជាមួយប្តីប្រពន្ធរបស់ខ្លួន និងមានដំណោះស្រាយហើយ គាត់បានគិតថា បើបុរសចេះវិធីមួយនេះដែរ ការរស់នៅជាមួយប្តីប្រពន្ធច្បាស់ជាសុខសាន្តមិនខានឡើយ។ គាត់បានលើកឡើងថា ពេលបុរសរៀនធ្វើជាអ្នកស្តាប់ ចេះយល់ពីអារម្មណ៍ និងផ្តល់ក្តីស្រឡាញ់ឱ្យមនុស្សស្រីឱ្យបានច្រើននោះ ការទំនាក់ទំនងប្តីប្រពន្ធកាន់តែស្រឡាញ់គ្នាលើសដើម។ ជាប្រចាំថ្ងៃពេលគាត់ត្រឡប់មកដល់ផ្ទះវិញ គាត់តែងដើរទៅរកប្រពន្ធហើយសួរសុខទុក្ខ និងស្តាប់នាងនិយាយ ហើយគាត់បានហ្វឹកហាត់សិល្បៈនៃការស្តាប់ រាល់ប្រពន្ធគាត់និយាយដោយយកចិត្តទុកដាក់បំផុត។ ពេលស្តាប់នាងនិយាយរួច ធ្វើឱ្យការតប់ប្រមល់ អារម្មណ៍មិនល្អនឹងការងារ ក៏នាំអារម្មណ៍ប្រពន្ធរបស់គាត់ល្អ និងសប្បាយរីករាយផងដែរ។
គាត់បានសួរប្រពន្ធបន្តទៀតថា“តើអូនមានរឿងអ្វីកើតឡើង? នេះជាសំនួរបុរសកំពុងតែយកចិត្តទុក និងផ្តល់ក្តីស្រឡាញ់ឱ្យប្រពន្ធ។ ហើយពេលវេលាកន្លងទៅ គាត់មើលឃើញបន្តិចម្តងៗថា គ្រួសារកាន់តែមានក្តីសុខ។ ស្រាប់ប្រពន្ធគាត់វិញចាប់ផ្តើមានអារម្មណ៍អរគុណ ព្រមទទួលស្គាល់ និងស្រឡាញ់គាត់ខ្លាំងឡើង។ សូម្បីលោក Dale Carnegie ជាគ្រូតាផ្នែកចិត្តសាស្រ្តបាននិយាយថា ការស្តាប់ដោយយកចិត្តទុកដាក់ ជារូបភាពសរសើរកម្រិតខ្ពស់ដែលផ្តល់តម្លៃឱ្យអ្នកដទៃ ឬដៃគូជីវិតផងដែរ។ ហើយការមានស្នាមញញឹមចេញពីជម្រៅចិត្ត មានភាពស្មោះត្រង់ និងក្តីស្រឡាញ់នោះ ជាស្នាមញញឹមមានតម្លៃខ្លាំងណាស់។” ដូចនេះ ប្តីចង់ឈ្នះចិត្តប្រពន្ធ ត្រូវស្តាប់ដោយការស្វែងយល់ពីអារម្មណ៍នាង តើអូនមានរឿងអី? មានស្នាមញញឹមពេលនិយាយទៅកាន់នាង តើឱ្យបងជួយអ្វីដែរទេ? និងមានស្នាមថើបជាមួយក្តីស្រឡាញ់ បងពិតជាស្រឡាញ់អូន...។ នេះជាភាសាសាមញ្ញៗ តែមានឥទ្ធិពលចាក់ចំបេះដូងនារីៗ ខ្លាំងណាស់៕
អត្ថបទដោយ៖ ទ្រ សុភាព