ពាក្យចាស់តែងប្រាប់ថា “ក្មេងជាក្រដាសស” មែនហើយក្មេងឆាប់ចាប់បាន ឆាប់ទទួលយកនូវអ្វីដែលមនុស្សចាស់ធ្វើណាស់។ រឿងងាយៗ ពេលឪពុកម្តាយប្រើសម្តីមិនល្អ កូនតែងប្រើសម្តីមិនល្អដូចគ្នាដែរ។ នេះជាទម្លាប់អាក្រក់មួយក្នុងជីវិតក្មេងដែលងាយចម្លងគំរូអាក្រក់ពីមនុស្សចាស់។ ខាងក្រោមនេះជាទម្លាប់ ៣យ៉ាងជួយឱ្យកូនក្លាយជាមនុស្សឆ្លាត។
១. ទម្លាប់បង្រៀនកូនឱ្យចេះធ្វើការផ្ទះ៖ តាមលោកស្រី Julie Lythcott-Haims ជាអតីតព្រឹទ្ធបុរសនិស្សិតនៅសាកលវិទ្យាល័យ Stanford និងជាអ្នកនិពន្ធសៀវភៅ "How to Raise an Adult" បាននិយាយថា បើក្មេងៗ មិនចេះលានចានទេ មានន័យថាមានអ្នកផ្សេងទៀតកំពុងធ្វើវាសម្រាប់ពួកគេ ដូច្នេះពួកគេនឹងខ្ជិលហើយពួកគេនឹងមិនចេះធ្វើការផ្សេងនោះទេ។ គាត់បន្តថា ក្មេងដែលចិញ្ចឹមបីបាច់ថែរក្សាដោយឪពុកម្តាយដែលមានទម្លាប់បង្រៀនកូនឱ្យស្គាល់និងជួយធ្វើកិច្ចការផ្ទះ ធ្វើឱ្យពួកគេធំឡើងក្លាយជាបុគ្គលដែលមានភាពឧស្សាហ៍ព្យាយាម ចេះសហការគ្នាបានល្អជាមួយមិត្តរួមការងាររបស់ពួកគេនិងមានការយោគយល់អធ្យាស្រ័យខ្ពស់។ ក្មេងបែបនេះ ជាក្មេងមានសតិបញ្ញាឆ្លាតណាស។
២. ទម្លាប់ធ្វើជាមិត្តភក្តិរបស់កូនជានិច្ច៖ ឪពុកម្តាយឬអាណាព្យាបាលតែងប្រើអំណាចទៅកាន់កូនដើម្បីឲ្យពួកគេស្តាប់សម្តីនិងខ្លាចនោះ វាធ្វើឱ្យក្មេងក្រិនបញ្ញា មកពីអារម្មណ៍ភ័យខ្លាចនេះឯង។ ហើយអាកប្បកិរិយាប្រអំណាចបែបនេះ នាំឱ្យកូនមិនហ៊ានស្និតស្នាល និងប្រាប់ពីបញ្ហាប្រឈមរបស់ពួកគេទៅកាន់ឪពុកម្តាយនោះទេ ហើយកត្តាទាំងនេះនឹងធ្វើឱ្យទំនាក់ទំនងកូននិងឪពុកម្តាយឃ្លាតឆ្ងាយ ជាពិសេសនៅពេលពួកគេពេញវ័យគេនឹងអាចក្លាយជាមនុស្សដែលជឿទុកចិត្តអ្នកដទៃជាងគ្រួសារ។ ពេលធំឡើងកូនអ្នកងាយចាញ់ច្រាបគេណាស់ មកពីឪពុកម្តាយប្រើអំណាចបំបាកកូនតាំងពីតូចនេះឯង។ ចូរធ្វើជាមិត្ត បើកចិត្តស្តាប់បញ្ហារបស់កូន កូននឹងទុកចិត្តឪពុកម្តាយ ហើយស្រឡាញ់ឪពុកម្តាយខ្លាំងបំផុត។
៣. បង្រៀនពួកគេឲ្យចេះលើកទឹកចិត្តខ្លួនឯង៖ ករាមានទំនុកចិត្ត និងការលើកទឹកចិត្តខ្លួនឯង គឺជាទិដ្ឋភាពសំខាន់នៃសុខភាពផ្លូវចិត្ត ដែលមានន័យថា កូនរបស់អ្នកមិនគួរពឹងផ្អែកលើសម្តីអ្នកដទៃដើម្បីឱ្យមានអារម្មណ៍ល្អចំពោះខ្លួនឯងឡើយ នេះបើយោងតាមអ្នកព្យាបាលចិត្តសាស្ត្រ Amy Morin។ ក្នុងនោះ អ្នកស្រីក៏បានបង្ហាញឃ្លាខ្លីខ្លឹម និងងាយចងចាំ៤ សម្រាប់កូនៗនិយាយមកកាន់ខ្លួនឯង ទី១ “អ្វីដែលអាចធ្វើបាន គឺខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព”, ទី២ “ខ្ញុំនឹងធ្វើសកម្មភាពនេះប្រកបដោយទំនុកចិត្តបំផុត”, ទី៣ “ខ្ញុំល្អគ្រប់គ្រាន់ហើយ” និងទី៤ “ខ្ញុំជ្រើសរើសភាពរីករាយនៅថ្ងៃនេះ”៕
