មិនមែនតែមនុស្សធំទេ ដែលមានបញ្ហាផ្លូវចិត្ត សូម្បីកូនតូចៗរបស់អ្នកក៏មានបញ្ហាផ្លូវចិត្តបានដែរ ចូរកុំមើលស្រាលឱ្យសោះ។ ទម្លាប់ប្រចាំថ្ងៃ ការប្រៀនប្រដៅ របៀបចិញ្ចឹមរបស់ឳពុកម្ដាយពេលខ្លះបាននាំបញ្ហាដល់សុខភាពផ្លូវចិត្តរបស់កូនៗ ដោយពួកគាត់មិនបានដឹងខ្លួនផងដែរ។ ប្រសិនបើអ្នកកំពុងជិតក្លាយជាឳពុកម្ដាយគេ ឬក៏បានធ្វើឱ្យឳពុកម្ដាយគេហើយ សូមប្រុងប្រយ័ត្នជាមួយសកម្មភាពរបស់អ្នកទាំងអស់នេះ បើមិនចង់ធ្វើឱ្យកូន ក្លាយជាមនុស្សមានបញ្ហាផ្លូវចិត្ត៖
១ មើលងាយការសម្រចចិត្តរបស់ពួកគេ៖ ជាការពិតក្នុងនាមអ្នកជាឳពុកម្ដាយ អ្នកមានសិទ្ធក្នុងការសម្រេចចិត្ត ឬឱ្យកូនធ្វើអ្វីតាមចិត្តរបស់អ្នកចង់បាន ប៉ុន្តែអ្នកគួរតែបើកចិត្តឱ្យកូនៗបានសម្រេចចិត្តនិងធ្វើអ្វីដែលពួកគេស្រឡាញ់ចូលចិត្តផងដែរ។ អ្វីដែលអ្នកត្រូវធ្វើចូរផ្ដល់យោបល់ ហើយប្រាប់ពួកគេពីរបៀបជ្រើសរើសជម្រើសដែលល្អសម្រាប់អនាគត មិនមែនជាការតម្រូវឱ្យកូនធ្វើតាមចិត្តរបស់ខ្លួនទាំងស្រុងឡើយ។
២ កុំទាមទារភាពឥតខ្ចោះ៖ ក្មេងគួរតែបង្រៀនឱ្យមានគោលដៅ មានក្ដីស្រម៉ៃខ្ពស់ ប៉ុន្តែគួរតែជាផ្ដល់ជាជម្រើសសម្រាប់ពួកគេមិនមែនជាការបង្ខិតបង្ខំ។ ឳពុកម្ដាយមួយចំនួន តែងតែចង់ឱ្យកូនធ្វើអ្វីដែលល្អបំផុតដូចអ្វីដែលពួកគេចង់បាន ទាមទារភាពល្អឥតខ្ចោះពីកូន អ្នកសាកស្រមៃមើលវិញថាកូនរបស់អ្នកនឹងមានសម្ពាធផ្លូវចិត្ត ថប់អារម្មណ៍ប៉ុនណានៅពេលដែរពួកគេត្រូវតែព្យាយាមធ្វើគ្រប់យ៉ាងឱ្យល្អឥតខ្ចោះ។
៣ មិនអើពើនិងអារម្មណ៍របស់ពួកគេ៖ ក្នុងនាមអ្នកជាឳពុកម្ដាយគួរតែរៀនអានអារម្មណ៍របស់កូន នៅពេលដែលពួកគេនិយាយជាមួយអ្នក ទាក់ទងមកអ្នក បញ្ចេញអារម្មណ៍ដែលពួកគេកំពុងមានទៅកាន់អ្នក មានន័យថាពួកគេកំពុងតែត្រូវការជំនួយ ឬចង់ឱ្យអ្នកយល់ពីពួកគេ។ ផ្ទុយទៅវិញ បើអ្នកបដិសេដ មិនអើពើ មិនចាប់អារម្មណ៍ស្មើរនឹងអ្នកបានបំផ្លាញឬធ្វើឱ្យខូចអារម្មណ៍របស់មនុស្សម្នាក់ នឹងធ្វើឱ្យពួកគេស្ទាក់ស្ទើរក្នុងការប្រាប់ឬនិយាយរឿងក្នុងចិត្តប្រាប់អ្នកទៀត។ ទង្វើរតូចៗបែបនេះ អាចបង្កើនកាតថប់អារម្មណ៍ដល់ក្មេងៗ ជះផលអវិជ្ជមានដល់ផ្លូវចិត្តរបស់ពួកគេ។
៤ បង្ខំឱ្យពួកគេធ្វើតាមបទដ្ឋានសង្គម៖ កុមារក៏មានការបញ្ចេញមតិ ធ្វើអ្វីដែលពួកគេស្រឡាញ់តាមបែបផែនរៀងខ្លួន ដែលវាអាចនឹងខុសគ្នាពីសង្គមពីមុនដែលអ្នករស់នៅ។ ឧទាហរណ៍ដូចជា ក្មេងប្រុសមិនគួររៀនរាំរបាំទេ ក្មេងប្រុសមិនគួរស្លៀកពាក់ពណ៌ផ្កាឈូកទេ ក្មេងស្រីមិនគួរតែមិត្តភក្តិប្រុសៗទេ ក្មេងស្រីមិនគួររៀនខ្ពស់ពេកទេ កូនស្រីមិនអាចដើរឆ្ងាយពីផ្ទះទេ...។ សកម្មភាពទាំងនេះប្រៀបដូចជាការរាំរ៉ៃអ្វីដែលពួកគេស្រឡាញ់ ដោយត្រូវតែឱ្យតម្រូវតាមចិត្តមនុស្សជុំវិញខ្លួន ខ្លាចញាតិមិត្តនិយាយលើក្រោម ដោយមិនបានគិតដល់អារម្មណ៍របស់កូនៗឡើយ។
សរុបសេចក្ដីមក ដើម្បីកុំឱ្យកូនរបស់អ្នករងសម្ពាធ អ្នកគួរតែធ្វើជាភ្លើងបំភ្លឺផ្លូវ មិនមែនសាងផ្លូវតែមួយឱ្យពួកគេដើរទៅតាមទាំងដែលពួកគេមិនចង់នោះឡើយ។ អ្នកមានសិទ្ធជ្រើសធ្វើអ្វីដែលអ្នកស្រឡាញ់ កូនៗរបស់អ្នកក៏ត្រូវធ្វើមានសិទ្ធធ្វើអ្វីដែលពួកគេស្រឡាញ់ដូចគ្នា គ្រាន់តែអ្នកជួយមើលថាអ្វីដែលពួកគេចង់ធ្វើជារឿងត្រឹមត្រូវទៅបានហើយ៕