ជំងឺមហារីកមាត់ស្បូន ជាជំងឺកាចសាហាវមួយដែលបង្កហានិភ័យដល់ជីវិតរបស់ស្ត្រី។ មហារីកមាត់ស្បូន ជាជំងឺដែលមានការវិវត្តពីសាច់ស្លូតទៅកាចដែលគេហៅថាមហារីក ដែលវាបង្កឡើងពីមេរោគHPV។ មេរោគHPV មានរាប់រយប្រភេទ ប៉ុន្តែមានប្រភេទ១ចំនួន វាបង្កទៅជាមហារីក ហើយមេរោគនេះឆ្លងតាមរយៈការរួមភេទ។ ប្រភេទខ្លះវាឆ្លងហើយអាចងាប់ទៅវិញដោយខ្លួនឯង ខ្លះអាចបង្កជាការរលាក ខ្លះក្លាយរោគបង្កទៅជាមហារីក។
ដើម្បីការពារខ្លួនពីជំងឺកាចមួយនេះបាន ក្រុមអ្នកជំនាញគេបានបង្កើតវ៉ាក់សាំងសម្រាប់ការពារមេរោគឆ្លងHPV ដែលតម្រូវឱ្យមនុស្សស្រីមានវ័យចាប់ពី៩ទៅ៤៥ឆ្នាំចាក់។ យោងតាមការចែករំលែកពីសាស្ត្រវេជ្ជបណ្ឌិត អ៊ាវ សុខា បានឱ្យដឹងថា ការចាក់វ៉ាក់សាំងនេះគឺដើម្បីការពារស្ត្រីនៅថ្ងៃខាងមុខ ជាធម្មតាមេរោគនេះវាមិនមែនឆ្លងហើយវិវត្តជាមហារីកភ្លាមៗទេ តែវាអាចវិវត្តនៅ២០ទៅ៣០ឆ្នាំខាងមុខ ហេតុនេះទើបតម្រូវឱ្យស្រ្តីមានអាយុ៤៥ឆ្នាំចុះក្រោមចាក់។
យ៉ាងណាមិញមានស្ត្រីកម្ពុជាជាច្រើនរូប ពុំទាន់ទទួលបានវ៉ាក់សាំងនេះ ហើយហួសវ័យ៤៥ឆ្នាំ សំណួរសួរថាតើត្រូវធ្វើបែបណាទើបពួកគាត់ការពារខ្លួនពីជំងឺកាចសាហាវនេះបាន? ជាការពិតស្រ្តីហួសអាយុ៤៥ឆ្នាំ ឬស្ត្រីដែលមិនទាន់ហួសអាយុប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌមិនអាចចាក់វ៉ាក់សាំងការពារបាន គាត់នៅតែមានវិធីក្នុងការការពារខ្លួន។ ផ្អែកតាមplannedparenthood បានឱ្យដឹងថា វិធីបង្ការមួយទៀតស្ត្រីគួរទៅជួបក្រុមគ្រួពេទ្យជំនាញដើម្បីធ្វើតេស្តPap smears។
ការធ្វើតេស្តPap smears មិនគួរឱ្យខ្លាច ឬមានការឈឺចាប់អ្វីនោះទេ។ ឧបករណ៍នេះស្រដៀងគ្នា នឹងឧបករណ៍តេស្តកូវីដដែល គ្រាន់តែធំជាងបន្តិច ដែលក្រុមគ្រូពេទ្យនឹងធ្វើការដាក់ចូលទៅមាត់ស្បូន ដើម្បីយកកោសិកាមាត់ស្បូន ទៅមន្ទីរពិសោធន៍ដើម្បីរកមើលថាមានមេរោគHPV និងការវិវត្តដែលអាចបង្កមហារីកដែលឬក៏អត់? បងប្អូនស្ត្រីអាចធ្វើការតេស្ត នេះរៀងរាល់១ឆ្នាំឬ២ឆ្នាំម្ដង។ ការធ្វើនេះនឹងជួយការពារអ្នកពីជំងឺមហារីកមាត់ស្បូន ក្នុងករណីដឹងថាស្ត្រីទើបកើតដំណាក់កាលដំបូង ក៏អាចព្យាបាលឱ្យជាឡើងវិញបាន។
ជារួមមកស្ត្រីដែលមានអាយុចាប់ពី៩ទៅ៤៥ឆ្នាំ គួរតែទៅទទួលវ៉ាក់សាំងការពារមេរោគHPVនេះទាំងអស់គ្នា ចាក់ហើយអាចការពារអាយុជីវិតអ្នកពីជំងឺកាចបាន១ជីវិត។ សម្រាប់ស្ត្រីដែលឆ្លងកាត់ការរួមភេទហើយ ឬស្ត្រីដែលហួសវ័យតែមិនទាន់បានចាក់វ៉ាក់សាំង ឬស្ត្រីដែលចូលក្នុងលក្ខខណ្ឌមិនអាចចាក់បាន គួរតែធ្វើការតេស្តពិនិត្យសុខភាពមាត់ស្បូនឱ្យបានទៀងទាត់រាល់ឆ្នាំ៕
អត្ថបទដោយ៖ Senghong