សុខភាពមាត់ធ្មេញមិនល្អ ក៏ជាកត្តាដែលបង្កផលប៉ះពាល់ដល់សុខភាពអ្នក ដែលមិនគួរមើលរំលង។ តួយ៉ាងដូចជា ជំងឺមហារីកមាត់ធ្មេញ(Oral Cancer) គឺជាដុំកោសិកាមហារីកដែលរីករាលដាលនៅក្នុងប្រអប់មាត់។ ដុំកោសិកាមហារីកនេះកើតចេញពីកោសិកានៅក្នុងប្រអប់មាត់ដោយផ្ទាល់ (Primary Lesion) ឬក៏ជាដុំកោសិកាមហារីកដែលកើតមានដោយសារការរីករាលដាលពីដុំកោសិកាមហារីកផ្សេងទៀតក្នុងសារពាង្គកាយ។ ភាគច្រើននៃជំងឺនេះ មានទីតាំងស្ថិតនៅលើអណ្តាត តំបន់ស្ថិតក្រោមអណ្តាត តំបន់សាច់ថ្ពាល់ លើអញ្ចាញ លើក្រអូមមាត់ជាដើម នេះបើផ្អែកតាមការចែករំលែកពីមន្ទីរពេទ្យកាល់ម៉ែត្រ។
ជំងឺមហារីកមាត់ធ្មេញមានច្រើនប្រភេទណាស់ ហើយភាគច្រើនបំផុតប្រហែល ៩០% ជាប្រភេទ Squamous Cell carcinomas។ ជំងឺនេះមានរោគសញ្ញាដូចជា ៖
សម្រាប់ដំណាក់កាលដំបូង មានបន្ទះពណ៌ស បន្ទះពណ៌ក្រហម ឬ បន្ទះសលាយក្រហមអាចស្ថិតក្រោមអណ្តាត តំបន់សាច់ថ្ពាល់ លើអញ្ចាញ លើក្រអូមមាត់។ សម្រាប់ដំណាក់កាលបន្តបន្ទាប់ មានរោគសញ្ញាដូចជា៖
- ឡើងដុះជាដុំសាច់ហើយរីកលូតលាស់លឿន
- ជាដំបៅក្នុងមាត់ ដែលមិនជា ហើយមានសភាពឈឺចាប់
- ងាយក្នុងការហូរឈាម ហើយដុំសាច់អាចឡើងរឹង
- ចាប់ផ្តើមស្ពឹកតំបន់មួយចំនួនដូចជាលើអណ្តាត ឬបបូរមាត់
- ឈឺក្នុងត្រចៀក ក្បាល
- ហាមាត់មិនរួច ស្ទះផ្លូវដង្ហើម
- ពិបាកញ៉ាំ ស្រកទំងន់លឿន
- ឡើងកូនកណ្តុរតាមតំបន់ក (Cervical lymphadenopathy)
ចំពោះកត្តាធ្វើឱ្យអ្នកជំងឺប្រឈមមុខនឹងជំងឺមហារីកមាត់ធ្មេញមានដូចជា៖
- ជក់បារី ការពិសាស្រា ការប្រើប្រាស់ស្លាម្លូយូរឆ្នាំ។
- កត្តារួមផ្សំផ្សេងទៀតដូចជា អនាម័យមាត់ធ្មេញមិនល្អ ការរំខានឬភាពគ្រើមនៃធ្មេញសប្បនិមិ្មតដែលធ្វើឱ្យមុតជាដំបៅរ៉ាំរៃ
- អ្នកជំងឺខ្វះអាហារូបត្ថម្ភ
- កត្តាមេរោគ បាក់តេរី ពពួកផ្សិត (Fungi) វីរុស(ឧទាហរណ៍ប្រភេទវីរុស HPV16)។
ដើម្បីការពារ គួរធ្វើការរក្សាអនាម័យឱ្យបានល្អ ចៀសវាងជក់បារី ទទួលទានស្រា ករណីមានដំបៅក្នុងមាត់លើសពី២ទៅ៣អាទិត្យគួរតែឆាប់ប្រញាប់ទៅជួបគ្រូពេទ្យ ព្រមទាំងគួរធ្វើការពិនិត្យសុខភាពមាត់ធ្មេញ១ឆ្នាំ២ដង៕
អត្ថបទដោយ៖ Senghong