បើអ្នកចង់មើលទៅក្មេងជាងវ័យនោះ អ្នកមិនអាចមើលរំលងរបបអាហារបានទេ។ ព្រោះអាហារជួយចិញ្ចឹមស្បែកមើលចាស់ជាងវ័យ ឬស្បែកថ្លា និងមានជំងឺ ឬគ្មានជំងឺ។ ប្រភេទអាហារបំផ្លាញស្បែកអ្នកឱ្យឆាប់ចាស់លឿនគឺការផឹកស្រា អាហាររសជាតិប្រែ និងផ្អែមលើសកម្រិត។
១. ផ្លែប័រ (Avocado)៖ បើយោងតាមគេហទំព័រសុខភាព health បានលើកឡើងថា ការញ៉ាំផ្លែបឺរមួយផ្លែក្នុងមួយថ្ងៃជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុល និងជួយឱ្យជួសជុលកោសិកាស្បែកចាស់ៗ ឱ្យល្អឡើងវិញ។ ព្រោះវាមានសារធាតុផ្តល់ឱ្យនៅជាតិវីតាមីន C ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មហើយវាសម្បូរទៅដោយអាស៊ីតហ្វូលិក។
២. ប្រេងអូលីវ៖ ប្រេងអូលីវមិនត្រឹមតែជួយសុខភាពទេ គឺបន្ថែមថែរក្សាស្បែកកុំឱ្យចាស់លឿន។ វាជាប្រភពដ៏សំខាន់មួយនៃអាស៊ីតអាល់ឡាយលីឡែននីក ដែលរក្សាស្បែកឱ្យមានសំណើមហើយការពារស្បែកកុំឲ្យចាស់។
៣. ញ៉ាំត្រីឱ្យច្រើន៖ តាមលោក Richard Bazinet ជាជំនួយការសាស្ត្រាចារ្យ និងជាអ្នកជំនាញចំណីអាហារនៃសាកលវិទ្យាល័យ Toronto បានលើកឡើងថា ការញ៉ាំត្រីដែលសម្បូរជាតិខ្លាញ់អូមេហ្គា ៣ ជួយកាត់បន្ថយការរលាក គ្រប់គ្រងចង្វាក់បេះដូង បញ្ចុះសម្ពាធឈាម បន្ថយសម្ពាធនៅលើជញ្ជាំងសរសៃឈាម និងស្បែកស្អាត។
៣. ស៊ុបរំងាស់៖ ប្រភេទស៊ុបរំងាស់ (ឆ្អឹង គោ ជ្រូក ពពែ ឬមាន់ខ្មៅ) មានផ្ទុកទៅដោយសារធាតុជម្រុញឱ្យការអភិវឌ្ឍកូឡាជែនក្នុងរាងកាយ ដោយសារសមាសធាតុគួបផ្សំដូចជា កាល់ស្យូម, ម៉ាញេស្យូម, ផូស្វ័រ, គ្លូកូស៊ីមីន, chondroitin, អាស៊ីតអាមីណូ និងសារធាតុចិញ្ចឹមជាច្រើនទៀត។
៤. ផ្លែក្រូច៖ យោងតាមប្រភព healthline.com បានបង្ហាញឱ្យឃើញថា វីតាមីនCក្នុងផ្លែក្រូច ដើរតួយ៉ាងសំខាន់ក្នុងការផលិត pro-collagen ដែលជាសារធាតុនាំមុខរបស់រាងកាយដើម្បីឆ្ពោះទៅរកដំណើរវិវិត្តន៍នៃកូឡាជែន។ ហេតុនេះ ការទទួលផ្លែក្រូចជាប្រចាំប្រៀបដូចបន្ថែមនូវ វីតាមីន កូឡាជែនឱ្យស្បែកតឹងណែនក្មេងជាងវ័យ។
៥. កាត់បន្ថយការញ៉ាំប្រភេទកាបូអ៊ីដ្រាត៖ មធ្យោបាយមួយ ដើម្បីជួយការសម្រកទម្ងន់យ៉ាងឆាប់រហ័ស គឺការកាត់បន្ថយជាតិស្ករ និងម្សៅ ឬប្រភេទកាបូអុីដ្រាតដែលមាននៅក្នុងអាហារកែច្នៃ ធ្វើឱ្យមានការកើនឡើងយ៉ាងឆាប់រហ័សនៃជាតិស្ករក្នុងឈាម មិនតែប៉ុណ្ណោះចំពោះអាហារប្រភេទនេះ គឺមានផ្ទុកទៅដោយសារជាតិខ្លាញ់ដែលប្រមូលផ្តុំនៅក្នុងសរីរាង្គកាយនៅត្រង់បរិវេណដែលងាយឡើងជាងគេ គឺត្រង់ក្បាលពោះ ភ្លៅ និងដើមដៃផងដែរ។ ហេតុនេះ គួរកាត់បន្ថយញ៉ាំប្រភេទអាហារមួយចំនួនធំដូចជា នំប៉័ង មី ប្រភេទអាហារខ្លាញ់ អាហារនំកញ្ចប់... ប្តូរមកជាប្រភេទ អាហារសម្បូរជាតិសរសៃដូចជាបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ...វិញ៕ អត្ថបទដោយ៖ ទ្រ សុភាព