ឪពុកម្តាយអារម្មណ៍មានឈឺចាប់ណាស់ ពេលកូនមានជំងឺទាំងវ័យក្មេង ជាពិសេសជំងឺកាចទឹកនោមផ្អែមហ្នឹងតែម្តង។ តាមសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ស្នើឱ្យឪពុកម្ដាយ អាណាព្យាបាល គ្រូបង្រៀន និងអ្នកលក់ គិតគូរពីការលក់ភេសជ្ជៈមានសារជាតិផ្អែម ឱ្យទៅក្មេងៗ “។ ព្រោះអាហារនិងភេសជ្ជៈផ្អែមៗ បែបនេះ ងាយបង្កកើតជំងឺទឹកនោមផ្អែមដល់កុមារវ័យក្មេងលឿនណាស់។
សម្ដេចបវរធិបតី បានគូសបញ្ជាក់ដែរថា ភេសជ្ជៈប៉ូវកម្លាំង មិនមែនសម្រាប់ក្មេងៗទេ។ ភេសជ្ជៈទាំងនេះបានក្លាយទៅជាទឹកដែលកុមារកម្ពុជា ប្រើប្រាស់ច្រើនទាំងក្នុង និងក្រៅសាលារៀន។ ប្រការនេះជារឿងមួយត្រូវប្រកាសអាសន្ន ហើយរឿងនេះជាបញ្ហារយៈពេលវែងសម្រាប់យើង។ បើសិនជាមានជំងឺទឹកនោមផ្អែមហើយ គឺជាបន្ទុក មិនមែនជាទ្រព្យនោះឡើយ។
ហើយសម្ដេចបរវធិបតី ហ៊ុន ម៉ាណែត បន្ថែមទៀតដែរថា ថ្ងៃមុនខ្ញុំ បានជួបគ្រូពេទ្យម្នាក់នៅសិង្ហបុរី ដោយគ្រូពេទ្យ បានប្រាប់ថា សូមសង្កេតមើលប្រទេសកំពុងអភិវឌ្ឍន៍ថ្មីៗ មានមនុស្សអាយុ ៣០ ទៅ ៤០ឆ្នាំ មានជំងឺទឹកនោមផ្អែមច្រើនណាស់ ហើយយើងគិតថា ដោយសារមនុស្សអាយុប៉ុណ្ណឹង បានចេះផឹក បានមានជំងឺទឹកនោមផ្អែម។ ការពិតមិនមែននោះទេ គឺតាំងពីក្មេង ដោយជួនកាល ពេលនៅក្មេងៗ ឪពុកម្ដាយ ចង់ឱ្យកូនផឹកទឹកដោះគោ ដើម្បីលូតឆ្អឹង ប៉ុន្តែកូនមិនព្រមផឹកទឹកដោះគោសាប អញ្ចឹងត្រូវទិញទឹកដោះគោមានជាតិស្ករឱ្យក្មេងៗផឹក ដើម្បីលួង ដែលទាំងនេះហើយជាបញ្ហានៅពេលក្រោយ(ទឹកនោមផ្អែមនិងខូចតម្រងនោម)។
ការជ្រើសអាហារឱ្យកូនញ៉ាំពេលក្មេងនៅតូចជារឿងសំខាន់ណាស់។ បើកូនមានទម្លាប់អាហារល្អ ធំឡើងកូនក៏សុខភាពរឹងមាំដូចគ្នាដែរ គ្មានជំងឺទឹកនោមផ្អែមនោះទេ។ តាមលោកវេជ្ជបណ្ឌិត មិញ ចាន់ភក្ដី ឯកទេសជំងឺទឹកនោមផ្អែមបានលើកឡើងថា របបអាហារសម្រាប់កុមារជារឿងរសើប ដូច្នេះឪពុកម្ដាយគួរតែយកចិត្តទុកដាក់ ព្រោះក្មេងមិនដឹងទេថាអាហារណាប៉ះពាល់សុខភាពរបស់ខ្លួន អាហារណាល្អសម្រាប់សុខភាពនោះទេ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ចុងក្រោយថា យកល្អ! ឪពុកម្តាយគួរបង្រៀនកូនឱ្យញ៉ាំអាហារទឹកដោះសាបៗ ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ល្អជាងភេសជ្ជៈ បង្រៀនញ៉ាំផ្លែឈើដូចជាទៅរៀន ឱ្យកូនយកក្រូចឬផ្លែប៉ោមមួយផ្លែទៅញ៉ាំ និងធ្វើម្ហូបឱ្យកូនញ៉ាំដោយមានបន្លែច្រើន...ជាពិសេសរសជាតិក្នុងអាហាររបស់កូន ឱ្យមានរសជាតិរាងសាបៗ ជាការល្អដល់សុខភាពរបស់កូនលោកអ្នកបំផុត។ ទម្លាប់ល្អបែបនេះ កូនរបស់អ្នកធំឡើងគ្មានបញ្ហាសុខភាព គ្មានជំងឺទឹកនោមផ្អែមនោះទេ។ បង្រៀនកូនពីតូចល្អជាងប្រដៅកូនពេលធំឡើងពិបាកណាស់សម្រាប់ឪពុកម្តាយ៕ អត្ថបទដោយ៖ ទ្រ សុភាព