សាស្ត្រាចារ្យ Sergey Sharikov ដែលជាប្រធានគម្រោងសាលាមន្ទីរពេទ្យ «We Teach/They Learn» បានមានប្រសាស៍ថា កុមារដែលកំពុងទទួលបានការព្យាបាលជំងឹមហារីក បាននិងកំពុងក្រេបយកចំណោះដឹង ដោយមិនបណ្ដោយឱ្យជំងឺបំបាក់ទឹកចិត្តរបស់ពួកគេទេ។ ចក្ខុវិស័យរបស់គម្រោងនេះ គឺធ្វើឡើងដើម្បីជម្រុញទឹកចិត្ត និងនាំមកនូវសេចក្ដីរីករាយដល់កុមារ ដែលមានជំងឺមហារីក។
នៅក្នុងបទសម្ភាស៍ជាមួយអង្គការសុខភាពពិភពលោក WHO សាស្ត្រាចារ្យ Sergey បានឱ្យដឹងថា ការរៀនសូត្រ ជាផ្លូវឆ្ពោះទៅរកចំណេះដឹង ហើយវាជាមូលដ្ឋានគ្រឹះនៃភាពធន់ខាងផ្លូវចិត្តរបស់កុមារ ក្នុងការប្រឈមមុខនឹងជំងឺដែលគំរាមកំហែងដល់អាយុជីវិតពួកគេ។ សម្រាប់កុមារដែលរស់នៅជាមួយជំងឺនៅក្នុងមន្ទីរពេទ្យ ការអប់រំអាចបង្ហាញថាជីវិតរបស់ពួកគេ មិនបានបញ្ចប់ត្រឹមការធ្វើរោគវិនិច្ឆ័យរកឃើញជំងឺនោះទេ។ តាមរយៈមេរៀននីមួយៗ និងការគាំទ្រពីគ្រូដែលខិតខំប្រឹងប្រែង កុមារទទួលបានចំណេះដឹងពីផ្នែកសិល្ប និងវិទ្យាសាស្ត្រ ហើយលុះពេលជាសះស្បើយ នោះពួកគេនឹងចេះកំណត់គោលដៅនៃជីវិតតែម្ដង។
សាស្ត្រាចារ្យ Sergey បានបន្ដទៀតថា កម្មវិធីសិក្សានេះ បានចាប់ផ្ដើមដំបូងក្នុងឆ្នាំ២០១១ នៅនៅមជ្ឈមណ្ឌលស្រាវជ្រាវជាតិ Rogachev។ គំនិតផ្ដួចផ្ដើមនេះ បានរីកចម្រើនចាប់តាំងពីពេលនោះមក រួចក៏រួមបញ្ជូលនៅប្រទេស Uzbekistan និង Kyrgyzstan។ ចំពោះប្រទេសទាំងនេះ បានសម្របកម្មវិធីអប់រំទៅតាមបរិបទក្នុងតំបន់ ដោយបង្កើតសាលារៀនមន្ទីរពេទ្យ ដែលឆ្លុះបញ្ចាំងពីតម្រូវការរបស់សហគមន៍ពួកគេ។
គួរបញ្ជាក់ផងដែរថា ភាពជាដៃគូរវាងប្រទេស Uzbekistan និង Kyrgyzstan គឺមានតម្លៃមិនអាចកាត់ថ្លៃបានទេ ដោយសារតែប្រទេសទាំងពីរនេះ បានរៀនសូត្រច្រើនពីគ្នាទៅវិញទៅមក អំពីរបៀបកែតម្រូវការអប់រំ និងការគាំទ្រសុខភាពផ្លូវចិត្តចំពោះបញ្ហាប្រឈមជាក់លាក់ ដែលកុមារជួបប្រទះក្នុងប្រទេសផ្សេងៗគ្នា។ បន្ថែមពីនេះ សាស្ត្រាចារ្យ Sergey បានវិភាគឃើញថា កុមារដែលបានរៀនសូត្រ មិនមែនគ្រាន់តែជាអ្នកជំងឺមហារីកនោះទេ តែពួកគេគឺអាចជាអ្នកវិទ្យាសាស្ត្រ សិល្បករ និងអ្នកដឹកនាំនាពេលអនាគត៕