សុខភាពជារឿងចម្បងទីមួយរបស់ក្នុងការរស់នៅ។ បើខូចសុខភាពហើយ រស់ពិបាក និងចំណាយលុយមើលជំងឺក៏ក្រខ្លួនដែរ។ ជាពិសេសយុវជនកុំសប្បាយភ្លេចខ្លួននាំជំងឺដាក់ខ្លួន ដល់ចាស់រស់ក្នុងជំងឺ។ លោកតា ទួន ទេស មានវ័យជិត១០០ឆ្នាំ ប៉ុន្តែលោកតានៅតែមានសុខភាពរឹងមាំ។
លោកតាមមានវ័យ ៩៦ឆ្នាំ ប៉ុន្តែលោកនៅតែដើរបានដោយខ្លួន និងគ្មានជំងឺនោះទេ។ លោកតា ទួន ទេស មានប្រសាសន៍ថា ដាច់ខាតតាំងពីក្មេងមក ខ្ញុំមិនផឹកស្រាទេ ដើម្បីពង្រឹងសុខភាពរបស់ខ្ញុំ។ យើងឃើញសព្វថ្ងៃនេះ មនុស្សឈឺក្រពះ និងឆ្កួតវង្វេង ឆាប់ភ្លេចស្មារតីនេះ ក៏ព្រោះតែស្រានេះឯង។ មនុស្សម្នាក់ៗ និយាយឡើងថា លើកដាច់ៗ ស្រាហ្នឹង វាមានជាតិអាល់កុលជាហេតុនាំឱ្យប៉ះពាល់ក្រពះ វាក្តៅនាំឱ្យឈឺចឹងទៅ។ តាម WHO ប៉ាន់ប្រមាណថា ជាតិអាល់កុលនៅក្នុងគ្រឿងស្រវឹងនេះ បានសម្លាប់មនុស្ស ៣លាននាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។
ជាពិសេសយុវជនលើកដាច់ៗ ទាំងវ័យក្មេង ១០ឆ្នាំក្រោយមករាងកាយឡើងជាតិអាស៊ីត ខូចថ្លើម និងជំងឺមហារីកថែមទៀត។ សម្រាប់អ្នកដែលចូលចិត្ដផឹកស្រាច្រើនហួសម្រិតនិងជាប្រចាំនឹងប្រឈមកើតជំងឺថ្លើមនៅថ្ងៃអនាគត នេះជាការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី ឯកទេស ថ្លើម ក្រពះ ពោះវៀន មានប្រសាសន៍ទៀតថាការទទួលទានគ្រឿងស្រវឹង គឺមានផលប៉ះពាល់ទៅដល់សាច់ថ្លើមរបស់យើងខ្លាំងណាស់ ប្រសិនបើយើងទទួលទានគ្រឿងនៅក្នុងកម្រិតមួយដែលលើសលប់។
ហើយបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិតគួច ម៉េងលី ក៏ធ្លាប់មានប្រសាសន៍ថាផងដែរថា ការផឹកស្រាកត្តាហានិភ័យលេខ១បង្កឱ្យកើតជំងឺមហារីក។ នៅក្នុងស្រាមានសារធាតុម្យ៉ាងធ្វើឱ្យហ្សែនមនុស្សយើងប្រែប្រួលទៅជាជំងឺមហារីក។ ហើយស្រានាំឱ្យកើតមហារីកភាគច្រើនត្រង់ បំពងក ក្បាល ថ្លើម សុដន់...។ សូមយុវជនត្រូវមានការប្រុងប្រយ័តុ្នចំពោះសុខភាព និងទង្វើរផឹកស្រាលើកដាច់ៗ ជាដើម៕អត្ថបទដោយ៖ ទ្រ សុភាព