នៅពេលខ្ញុំនិយាយលើប្រធានបទមួយនេះ អាចមានបងប្អូនមួយចំនួនក៏អាចបដិសេធនឹងខ្ញុំថា វាមិនមែនជាការពិតទេ។ អ្នកជឿទេថា ការនិយាយច្រើនអាចបំផ្លាញក្តីសុខ និងអនាគតអ្នកបានដែរទេ? អ្នកអាចមើលរូបភាពតាមបណ្តាញសង្គម និងតុកាហ្វេជាដើម ពួកគាត់កំពុងតែធ្វើអ្វីខ្លះ? អ្នកគួរធ្វើបែបណា?
ខ្ញុំនិយាយនេះ មិនមែនឱ្យអ្នកក្លាយជាមនុស្សគរ ឬអត់និយាយសោះទេ គ្រាន់តែនិយាយលើរឿងណាចំបាច់ជាមួយក្រុមគ្រួសារ ក្រុមការងារ និងអ្នកមួយចំនួនទៀត កម្រិតមួយបានហើយជាទំនាក់ទំនងល្អ។ តាមលោក Ryan Holiday បាននិយាយថា “ការនិយាយច្រើនគ្មានប្រយោជន៍ វាស៊ីថាមពលក្នុងខ្លួន និងខាតពេលវេលាច្រើនណាស់ក្នុងជីវិតអ្នក។” អ្នកធ្លាប់និយាយ និយាយ...ច្រើន រហូតដល់ផ្ទុះមានអារម្មណ៍ខ្សោះថាមពលពីក្នុងខ្លួនដែរឬទេ?ហើយអ្នកអាចគិតពីពេលវេលាក្នុងមួយថ្ងៃចំណាយអស់ប៉ុន្មាននាទី? បើអ្នកយកពេល និងថាមពលទាំងអស់ហ្នឹង ប្តូរមកធ្វើការវិញ តើអនាគតអ្នកទៅជាបែបណា?
ហើយអ្នកនិយាយថា អារម្មណ៍ខ្ញុំមានភាពតានតឹង និងស្រ្តេសខ្លាំង តើខ្ញុំគួរបញ្ចូលថាមពលបែបណា? សូមអ្នកកុំនិយាយបន្តច្រើនទៀត និងទៅផឹកស៊ីបន្ថែម។ តាមលោក Holiday បានបញ្ជាក់របៀបគ្រប់គ្រងអារម្មណ៍ប្រភេទនេះ ឱ្យអ្នកមានថាមពលខ្លាំងលើសដើម គឺ ពិភពលោកនេះប្រៀបដូចជាទឹកភក់(សម្បូរបញ្ហា) ដើម្បីដោះស្រាយ ឬយកឈ្នះវា អ្នកត្រូវអត់ធ្មត់ ហើយនៅកន្លែងស្ងាត់ៗ ហើយការពិតនឹងលាតត្រដាងចេញមក(បញ្ហាអារម្មណ៍នេះ វានឹងរលាយម្តងបន្តិចៗ ក៏លេចចេញគំនិតថ្មីៗ ឡើងមក។)
នៅក្នុងភាពស្ងប់ស្ងាត់នេះ អ្នកអាចដកពេលខ្លះ ដើរលេងកន្លែងស្ងាត់តាមសួនច្បារ, នៅម្នាក់ឯងកន្លែងវាលស្រែ ស្តាប់សម្លេងសត្វយំ ស្តាប់សម្លេងខ្យល់, នៅក្នុងបន្ទាប់ដកដង្ហើមមួយ, ដកខ្លួនចេញពីទូរស័ព្ទដៃ ៣០ទៅ៦០នាទី, ទម្លាប់អានសៀវភៅ និងចូរធ្វើការដោយអារម្មណ៍ស្ងប់ស្ងាត់ អ្វីៗ ទាំងអស់នេះ ត្រូវការអ្នកមានភាពអត់ធ្មត់។ បញ្ហាផ្នែកអារម្មណ៍ ឬគំនិតច្របូកច្របល់ប្រៀបដូចជាទឹកភក់ ពេលអ្នកទុកវាមួយកន្លែងគ្មានភាពរំញ៉ ឬគ្មានប្រតិកម្ម ទឹកកាន់តែចាប់ផ្តើមថ្លាទៅៗ សូម្បីអារម្មណ៍អ្នកក៏ដូចគ្នាចឹងដែរ។
សរុបជាចុងក្រោយ ខ្ញុំលើកពីលោក Steve Jobs ជាបុគ្គលម្នាក់ ប៉ិនប្រសព្វទំនាក់ទំនង ប៉ិននិយាយក្រុមការងារ និងប៉ិនលើកនិយាយលើវេទិកានានា ប៉ុន្តែនៅពីក្រោយខ្នងសាច់រឿងទាំងអស់នេះ លោកបែរចូលចិត្តនៅម្នាក់ឯងយ៉ាងស្ងាត់ៗ ដើម្បីបញ្ចូលថាមពល យកពេលមកកែលម្អការគិត និងធ្វើការលើសពីមនុស្សធម្មតាឆ្ងាយណាស់៕ អត្ថបទដោយ៖ ទ្រ សុភាព