ជំងឺរលាកសន្លាក់ គឺជាជំងឺមួយដែលបង្កឲ្យការឈឺចាប់នៅជុំវិញតំបន់សន្លាក់នៅផ្នែកណាមួយនៃរាងកាយដូចជាសរសៃពួរ និងសាច់ដុំដែលនៅព័ន្ធជុំវិញសរសៃពួរដែលបណ្ដាលឲ្យយើងមានការឈឺចាប់ខ្លាំងនៅពេលដែលធ្វើចលនា។
ផ្អែកតាមលោកវេជ្ជបណ្ឌិត ហេង វាសនា ដែលជាគ្រូពេទ្យឯកទេសផ្នែកឆ្អឹង និងសន្លាក់ បានលើកឡើងថា កត្តាដែលធ្វើឲ្យយើងងាយកើតជំងឺរលាកសន្លាក់នេះទី១ អ្នកជំងឺមានប្រវត្តិប៉ះទង្គិចទៅនឹងសន្លាក់ ឆ្លងមេរោគ មានការកើនឡើងនៃអាស៊ីតអ៊ុយរិច ជាពិសេសអ្នកដែលធ្វើការងារធ្ងន់ដូចជា កម្មករសំណង់ជាដើម ដែលពួកគាត់មានការប្រើប្រាស់សន្លាក់ច្រើនអនេក ដែលជាហេតុធ្វើឲ្យមានហានិភ័យនៃជំងឺរលាកសន្លាក់។
ជាមួយគ្នានេះផងដែរលោកវេជ្ជបណ្ឌិតបានលើកឡើង ជាទូទៅបញ្ហារលាកសន្លាក់ច្រើនតែកើតមានលើក្រុមអាយុចាស់ដែលមានអាយុចាប់ពី៦០ឆ្នំាឡើងទៅ ជាពិសេសមនុស្សស្រីមានអត្រាកើតមានខ្ពស់ជាងមនុស្សប្រុស នេះក៏ព្រោះដោយសារតែមនុស្សស្រីមានការបម្រែបម្រួលអ័រម៉ូន។ លោកគ្រូពេទ្យក៏បានបញ្ជាក់ទៀតថា តាមបទពិសោធនព្យាបាលកន្លងមកប្រជាជនខ្មែរយើងច្រើនតែកើតទៅលើរលាកសន្លាក់ជង្គង់ និងរលាកសន្លាក់ចង្កេះ។
ចំពោះមូលហេតុចម្បងដែលធ្វើឲ្យពលរដ្ឋខ្មែរយើងកើតមានជំងឺរលាកសន្លាក់នៅត្រង់ចំណុច២នេះ ក៏ព្រោះតែមនុស្សតែងតែមានទម្លាប់បរិភោគសាច់ច្រើនជាងត្រីដែលជាហេតុបណ្ដាលឲ្យឡើងជាតិអ៊ុយរិច ម្យ៉ាងទៀតប្រជាជនយើងមិនសូវជាពេញនិយមហាត់ប្រាណ ម្យ៉ាងទៀតហាត់ប្រាណមិនមានគ្រូបង្រៀនត្រឹមត្រូវដោយហាត់តាមការនឹកឃើញដែលជាហេតុធ្វើឲ្យការធ្វើលំហាត់ប្រាណមិនមានតុល្យភាពក្នុងការប្រើប្រាស់សន្លាក់ មួយវិញទៀតចំពោះអ្នកធ្វើការធ្ងន់ដែលងាយបំផុតចំពោះការខូចខាតសន្លាក់ និងទម្លាប់គេងផ្អៀងតែម្ខាង មិនប្រែចុះឡើង ដែលជាហេតុធ្វើឲ្យឆ្អឹងមានការកោងមិនស្មើគ្នាសង្កត់ទៅលើឆ្អឹងម្ខាងទៀតដែលបណ្ដាលឲ្យរលាកសន្លាក់។
ដូច្នេះហើយដើម្បីកុំឲ្យមានបញ្ហារលាកសន្លាកលោកវេជ្ជបណ្ឌិត ហេង វាសនា ក៏ក្រើនរំលឹកក៏ដូចជាប្រជាជនខ្មែរយើងគួរតែបរិភោគត្រីឲ្យបានច្រើន កុំសូវបរិភោគសាច់ក្រហម គ្រឿងសមុទ្រ ចៀសវាងផឹកស្រា នឹងត្រូវហាត់ប្រាណឲ្យបានទៀងទាត់។ ម្យ៉ាងទៀតបើដឹងថាខ្លួនកើតរលាកសន្លាកគួរតែរួសរាន់មកព្យាបាលចៀសវាងទុក្ខដល់ធ្ងន់រហូតដល់ឈានដល់ការវះកាត់ដូរសន្លាក់ដែលជាការព្យាបាលដំណាក់កាលចុងក្រោយ។
គួរឱ្យដឹងផងដែរថា លោកគ្រូពេទ្យ ហេង វាសនា ជាគ្រូពេទ្យឯកទេសផ្នែកឆ្អឹង និងសន្លាក់ ដែលបញ្ចាប់ការសិក្សាមកពីប្រទេសបារាំង។ សម្រាប់បងប្អូនចង់ពិនិត្យ ព្យាបាលឆ្អឹង និងសន្លាក់ អាចទំនាក់ទំនងណាត់ជួបវេជ្ជបណ្ឌិត តាមរយៈទូរសព្ទ័លេខ៖ ០១៧ ៤១៧ ៤១៧ ៕
អត្ថបទដោយ៖ ស្រីណុច