កោសិកាឈាមក្រហម ធ្វើចរាចរក្នុងសរសៃឈាម ដើម្បីបញ្ជូនអុកស៊ីសែនទៅកាន់ជាលិកា និងសរីរាង្គទាំងអស់ក្នុងរាងកាយ។ ដើម្បីដឹកកាបូនឌីអុកស៊ីតពីកោសិកា ទៅកាន់ សួត។ អុកស៊ីសែនមានសារៈសំខាន់បំផុតសម្រាប់ថាមពល និងការរស់រានមានជីវិតនៃគ្រប់កោសិកាក្នុងរាងកាយរបស់មនុស្ស។
ជាការពិតណាស់ យោងតាមការឱ្យដឹងពីគេហទំព័រ verywellhealth លោកវេជ្ជបណ្ឌិត jeffrey s. lander បានបញ្ជាក់ថា ប្រសិនបើ កោសិកាឈាមក្រហមចុះទាប ឬខ្វះ វាបណ្តាលឱ្យថាមពលចុះខ្សោយ និង ប៉ះពាល់ដល់រាងកាយរបស់អ្នក។ វេជ្ជបណ្ឌិតបានបន្ថែមថា ជាទូទៅនៅពេលមនុស្សណាម្នាក់ដែលខ្វះគ្រាប់ឈាមក្រហមគឺតែងតែមានអាការដូចជា៖ កង្វះថាមពល ងងុយគេង ស្បែកស្លេក ឈឺក្បាល វិលមុខ ឆាប់ខឹង មានបញ្ហាក្នុងការផ្តោតអារម្មណ៍ ចង្វាក់បេះដូងលោតញាប់ (tachycardia) សម្ពាធឈាមទាប (hypotension)...ជាដើម។ ករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យអ្នកជំងឺ ដួលសន្លប់ ដកដង្ហើមខ្លី ខ្សោយបេះដូង និងខូចសរីរាង្គកាយខាងក្នុងភ្លាមៗ។
មូលហេតុដែលបណ្តាយឱ្យមនុស្សមួយចំនួនមានជំងឺខ្វះគ្រាប់ឈាមក្រហមគឺបណ្តាលមកពី រាងកាយខ្វះជាតិវីតាមីន B12 កង្វះជាតិដែក ការហូរឈាមរ៉ាំរ៉ៃដូចជា ការហូរឈាម តាមក្រពះ ពោះវៀន អ្នកផ្ទុកជំងឺខួរឆ្អឹងខ្នង ជំងឺតម្រងនោម ក៏បណ្តាលឱ្តខ្វះគ្រាប់ឈាមក្រហមដែរ។
ដំណោះស្រាយល្អបំផុត វេជ្ជបណ្ឌិតបានប្រាប់ថា ដើម្បីបំពេញគ្រាប់ឈាមក្រហមឡើងវិញអ្នកជំងឺត្រូវព្យាយាមញ៉ាំអាហារដែលផ្ទុកសារធាតុដូចខាងក្រោមឱ្យបានរាល់ថ្ងៃ និងទៀងទាត់៖
· វីតាមីន B9 (អាស៊ីតហ្វូលិក)៖ អាស៊ីតហ្វូលិក ជួយឱ្យរាងកាយរបស់អ្នកបង្កើតកោសិកាឈាមក្រហម។ ប្រភពនៃរបបអាហាររួមមាន បន្លែស្លឹកបៃតង (ដូចជា ខាត់ណា និងស្ពៃ) សណ្ដែក ថ្លើមសត្វ និងអាហារសមុទ្រ។
· ជាតិដែក៖ ជាតិដែកគឺជាសមាសធាតុសំខាន់នៃអេម៉ូក្លូប៊ីន។ ប្រភពអាហារមួយចំនួនមានសាច់ក្រហម អាហារសមុទ្រ បន្លែស្លឹកបៃតង និងសណ្តែក។
· វីតាមីន B12៖ វីតាមីន B12 ពាក់ព័ន្ធនឹងការផលិតកោសិកាឈាមក្រហម។ ប្រភពអាហារមួយចំនួនដែលផ្ទុកវីតាមីននេះគឺសាច់គោ ត្រីមាន់ និងស៊ុត។
· វីតាមីនA៖ វីតាមីន A ជួយដល់ការផលិតកោសិកាឈាមក្រហម។ ប្រភពអាហារមួយចំនួនមានដូចជា ការ៉ុត ដំឡូង ត្រី ថ្លើម និងបន្លែស្លឹកបៃតង។
· វីតាមីន C៖ វីតាមីន C ជួយដល់ការរំលាយអាហារជាតិដែក ដែលមានសារៈសំខាន់សម្រាប់ការផលិតអេម៉ូក្លូប៊ីន។ ប្រភពនៃរបបអាហារមួយចំនួនរួមមាន ប៉េងប៉ោះ ផ្លែក្រូចឆ្មារ ផ្លែស្ត្របឺរី ប្រូខូលី និងបន្លែស្លឹកបៃតង។
· វីតាមីន E៖ វីតាមីន E ជួយការពារកោសិកាឈាមក្រហម។ ប្រភពនៃរបបអាហារមួយចំនួនគឺ អាល់ម៉ុន គ្រាប់ស្រល់ ផ្លែបឺរ និងម្រេចកណ្ដឹង។
គូសបញ្ជាក់ផងដែរថា ប្រសិនជាអ្នកមានអាការ ស្លេកស្លាំង អស់កម្លាំង ឈឺក្បាល វិលមុខ ងងុយគេងខ្លាំង ទាំងថ្ងៃទាំងយប់ក្នុងរយៈពេលចាប់ពី៧ទៅ១៤ថ្ងៃ អ្នកគួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើការពិនិត្យនិងជួសឈាមរកជំងឺឱ្យបានទាន់ពេល។ ចៀសវាងខ្វះគ្រាប់ឈាមក្រហមដោយមិនដឹងខ្លួន អាចបណ្តាលឱ្យអ្នកសន្លប់បានភ្លាមៗ៕
អត្ថបទដោយ៖ មឿន គន្ធា