អ្នកប្រាកដជាបានឃើញច្រើនមកហើយពីសម្រស់ដ៏ស្រស់ស្អាតរបស់នារីៗកូរ៉េ ដែលមានសភាពទន់រលោង ហ្មត់ ស្រមោចវារលើស្ទើរតែធ្លាក់។ ហើយមានមិត្តៗនារីមិនតិចនោះទេ ដែលកំពុងប្រាថ្នាស្បែកមុខ ដែលស្ទាបទៅមានភាព សម៉ដ្ឋ ភ្លឺស្រស់ថ្លា ទន់រលោងគួរឱ្យ ទាក់ទាញបែបនោះ។ខាងក្រោមនេះ គឺជាក្បួនគ្រឹះខ្លះៗ ដែលអ្នកអាចអនុវត្តបាន។
យោងតាមប្រភព Redbook បានប្រាប់ឱ្យដឹងថា តាមពិតទៅ ការថែក្សាតាមបែបកូរ៉េវាមិនមែនជារឿងពិបាកអ្វី ខ្លាំងនោះទេ គ្រាន់តែអ្នកខ្លះមើលរំលង ឬ មិនចាប់អារម្មណ៍ចំណុចទាំងនេះតែប៉ុណ្ណោះ ហេតុនេះ យើងនិងប្រាប់លោកអ្នកខ្លះៗពីគន្លឹះ នៃការថែរក្សាសម្រស់របស់អ្នកឱ្យកាន់តែ ស្រស់ស្អាតបែបស្ត្រីជនជាតិកូរ៉េ៖
ដំបូងគឺលាងសម្អាតផ្ទៃមុខ៖ អ្នកប្រហែលជាគិតថា ការលាងសម្អាតផ្ទៃមុខជារឿងសាមញ្ញធម្មតា ប៉ុន្តែមែនទែនទៅ ការលាងសម្អាតផ្ទៃមុខគឺ ជាជំហ៊ានដំបូងបង្អស់នៃការថែរក្សាសម្រស់របស់អ្នកដែលខ្វះពុំបាន ។ លាងមុខមិនបានស្អាត មិនជ្រះបាក់តេរី ឬ លាងជាមួយទឹកដែលសម្បូរជាតិកខ្វក់ និងបណ្ដាលឲ្យមុខអ្នក ទទួលរងផលប៉ះពាល់ខ្លាំងបំផុត ដូចជាធ្វើឲ្យមុខឡើងរោល ក្រហម ជាដើម។ លើសពីនេះ សូមធ្វើការជ្រើសរើសហ្វូមឬ សាប៊ូដែលសាកសមនិងប្រភេទស្បែករបស់អ្នក ដោយមានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួងផងដែរ។
ប្រើទឹក Toner៖ បន្ទាប់ពីងូតទឹក លាងសម្អាតផ្ទៃមុខរួចហើយនោះ រឿងដែលអ្នកគួរតែធ្វើបន្ត គឺការជូតមុខជាមួយទឹក Toner។ អ្នកអាចយកទឹកTonerចាក់លើសំឡី រួចយកមកជូតស្រាលថ្នមៗ នៅបរិវេណផ្ទៃមុខរបស់អ្នក។ ការធ្វើបែបនេះ វាជួយឲ្យផ្ទៃមុខអាចរក្សាសំណើមបានគ្រប់គ្រាន់ លើសពីនេះ វាធ្វើឱ្យ មុខភ្លឺទន់រលោងដូចសាច់កូនង៉ាអញ្ចឹង។
លាបសេរ៉ូម៖ សេរ៉ូម គឺជួយមុខរបស់អ្នកបានច្រើនខ្លាំងមែនទែន ក្រៅពីជួយឱ្យ មុខមានសំណើមហើយនោះ ថែមទាំងជួយបង្រួមគល់រោម បណ្ដឹងស្បែកមុខរបស់អ្នកឱ្យ មានសភាបតឹង លើសពីនេះ ពន្យារភាពជ្រីវជ្រួញបានថែមទៀតផង ។
គួររម្លឹកថា ការលាបសេរ៉ូមគឺ ធ្វើឲ្យស្បែកមុខម៉ដ្ឋទន់រលោង ជាពិសេសជួយជម្រុះកោសិកាចាស់ៗនៃស្បែកមុខ ហើយបណ្ដុះកោសិកាថ្មីៗសម្រាប់ស្បែកផងដែរ។
បិទម៉ាស់៖ ការបិទម៉ាស់ គឺល្អចំពោះសាច់មុខខ្លាំងណាស់ អ្នកអាចធ្វើការបិទម៉ាសដែលមានសារធាតុចិញ្ចឹមកោសិកាមុខរបស់អ្នក ។ ក្នុងនោះ អ្នកអាចធ្វើការបិទ៣ទៅ៤ដងក្នុងមួយសប្ដាហ៍ ដើម្បីឲ្យមុខមានសំណើម សាច់មុខតឹង ភ្លឺស្រស់ថ្លា ជួយរក្សាភាពក្មេងជាងវ័យរបស់អ្នកបាន។ លើសពីនេះ ការបិទម៉ាស់និងធ្វើឲ្យសាច់មុខរបស់អ្នក ត្រជាក់និងទទួលបានសំណើមខ្ពស់ អាចស្រូបយកសារធាតុល្អៗពីក្នុងម៉ាស។
លាបឡេការពារកម្ដៅថ្ងៃ៖ ប៉ុន្មានចំណុចខាងលើ នៅមិនទាន់គ្រប់គ្រាន់សម្រាប់ផ្ទៃមុខរបស់អ្នកនៅឡើយទេ ដូច្នេះ អ្វីដែលអ្នកគួរធ្វើបន្ថែមនោះ គឺការលាបឡេការពារកម្ដៅថ្ងៃ។ ការលាបឡេការពារកម្ដៅថ្ងៃ អ្នកគួរតែលាបវាជាប្រចាំ មិនថាអ្នកនៅក្នុងម្លប់ឬ ចេញទៅក្រៅនោះទេ ព្រោះវាសំខាន់ណាស់ សម្រាប់ការជួយការពារបាក់តេរី ផ្សែងពុល ធូលី និង ជាពិសេសការការពារពីពន្លឺព្រះអាទិត្យ។
គួរបញ្ជាក់ផងដែរថា សូម្បីតែតារាល្បីលំដាប់កំពូលK-Pop របស់កូរ៉េ កញ្ញា Yoona ក៏បានជ្រើសរើសក្បួនក្នុងការថែរក្សាសម្រស់តាមនេះដែរ។ លើសពីនេះ ប្រភពAsiaone បានបន្តទៀតថា រាតាK-Popរូបនេះតែងតែបន្តធ្វើទម្លាប់បែបនេះ បើទោះជានាងរវល់ខ្លាំងជាមួយនិងការងាររបស់នាងក៏ដោយ។


ដូច្នេះ សម្រាប់ប្រិយមិត្តអ្នកអាន ប្រសិនបើចង់បានស្បែកដែល មើលទៅសម៉ដ្ឋ ស្ទាបទៅទន់ភ្លឺរលោង គ្មានមុន និស្បែកមុខជាំនោះទេ លោកអ្នកអាចធ្វើការអនុវត្តជាមួយវិធីសាស្ត្រខាងលើបាន។
អត្ថបទដោយ៖ តឹក ស៊ីថា (Tek Sitha)

