ក្រលៀនឬតម្រងនោម ជាអវយុវៈសំខាន់មួយនៃរាងកាយ កាលណាតែខូចហើយ ត្រូវការលាងឈាមឬប្តូរក្រលៀនដើម្បីអាចបន្តអាយុជីវិតបាន។ ជំងឺនេះ យើងអាចនិយាយថាជាជំងឺអ្នកមានបានផងដែរ ព្រោះតែត្រូវការចំណាយលុយច្រើនណាស់នៅក្នុងការព្យាយាល។ មួយរយៈចុងក្រោមមកនេះ មិនមែនតែមនុស្សវ័យចំណាស់ទេ សូម្បីតែក្មេងៗដែលមានអាយុជាង១០ឆ្នាំ ២០ឆ្នាំ និង៣០ឆ្នាំក៏កើតមានជំងឺធ្ងន់ធ្ងរមួយនេះផងដែរ។
ថ្មីៗនេះផងដែរ ផ្អែកទៅតាមប្រភព vnexpress បានឱ្យដឹងថា អ្នកជំងឹដែលមានអាយុទើបតែ២៥ឆ្នាំសោះ ចេះតែមានអាការអស់កម្លាំង ឈឺក្បាល ពេលដែលគាត់ទៅជួបក្រុមគ្រូពេទ្យ ទើបដឹងថាគាត់ខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ ហើយត្រូវធ្វើការលាងឈាមសង្គ្រោះបន្ទាន់។ កាលពីថ្ងៃទី ១៦ខែសីហា វេជ្ជបណ្ឌិត Nguyen Van Tuyen ប្រធាននាយកដ្ឋាន Endocrinology និង Urology នៃមន្ទីរពេទ្យ Duc Giang General Hospital បានធ្វើរោគវិនិច្ឆ័យ អ្នកជំងឺដែលមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃដោយសារជំងឺរលាកតម្រងនោមស្រួចស្រាវ។ បុរសនោះត្រូវបានគេចាត់ឱ្យលាងឈាមជាបន្ទាន់ ៣ដងក្នុងមួយសប្តាហ៍។ លោកវេជ្ជបណ្ឌិតបន្តថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ អត្រាអ្នកជំងឺវ័យក្មេងដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃដំណាក់កាលចុងក្រោយ ដែលតម្រូវឱ្យលាងឈាមមានការកើនឡើងពី៥-១០% ដែលបង្កបន្ទុកយ៉ាងធ្ងន់ធ្ងរដល់សុខភាពគ្រួសារ និងសង្គម។ ករណីជាច្រើនត្រូវបានរកឃើញដោយចៃដន្យ ពីសញ្ញាខ្សោយដូចជា អស់កម្លាំង បាត់បង់ចំណង់អាហារ ចង្អោរ...។ បើយោងទៅមានការប៉ាន់ស្មានរបស់ World Society of Nephrology បានប៉ាន់ស្មានថាប្រមាណថាមនុស្សប្រហែល ៣លាននាក់កំពុងរស់នៅលើការលាងឈាម និងការប្តូរតម្រងនោម។ ដោយឡែកនៅប្រទេសវៀតណាម គេប៉ាន់ប្រមាណថាចំនួនអ្នកខ្សោយតំរងនោមដំណាក់កាលចុងក្រោយដែលតម្រូវឱ្យធ្វើការលាងឈាម មានប្រហែល ៨០០,០០០នាក់ ស្មើនឹង ០.១% នៃចំនួនប្រជាជនសរុប។
ទន្ទឹមនឹងនោះ វេជ្ជបណ្ឌិត ក៏បានឱ្យដឹងថា មានមូលហេតុជាច្រើននៃការខ្សោយតំរងនោមដំណាក់កាលចុងក្រោយ ដូចជាហ្សែន ជំងឺគីសតម្រងនោម(polycystic) ការឆ្លងមេរោគ និងជំងឺអូតូអ៊ុយមីន។ លើសពីនេះ ទម្លាប់នៃការទទួលទានថាមពលលើសកម្រិត អាហារកែច្នៃដែលមានសារធាតុរក្សាទុកច្រើន ការផឹកភេសជ្ជៈ និងកង្វះលំហាត់ប្រាណក៏ជាមូលហេតុនៃជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃផងដែរ។ សមាមាត្រនៃអ្នកជំងឺបុរសដែលមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃគឺខ្ពស់ជាងអ្នកជំងឺស្រី។
ជាមួយគ្នានេះដែរ បើតាមការចែករំលែកពីលោកវេជ្ជបណ្ឌិតនៅកម្ពុជា លោកវេជ្ជ. ហួត ចាន់ផូ ឯកទេសជំងឺទូទៅនិងតម្រងនោម និងជាសហស្ថាបនិក បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ ឡាវី ព្រមទាំងជាអនុប្រធានមន្ទីរពហុព្យាបាល និងសម្ភព ថ្មគោលសិរីមង្គល បច្ចុប្បន្ននៅកម្ពុជាបញ្ហាធំមួយគឺការទទួលទានភេសជ្ជៈកំប៉ុងផ្អែម ទាំងក្មេង ទាំងមនុស្សពេលវ័យ ដែលបានរួមចំណែកឱ្យកើតមានការលើសជាតិស្ករក្នុងឈាម បង្កជាជំងឺទឹកនោមផ្អែម និងអាចវិវត្តទៅជាខូចក្រលៀនបានលឿនផងដែរ ប្រសិនបើកើតឡើងដោយមិនដឹងខ្លួន មិនបានទទួលការព្យាបាលត្រឹមត្រូវ។
លោកវេជ្ជ. ហួត ចាន់ផូ បានបញ្ជាក់ផងដែរថា រាល់គ្រប់អាហារកំប៉ុងទាំងអស់គឺសុទ្ធតែមានអាស៊ីតផូស្វរិក ដើម្បីអាចរក្សាទុកបានយូរ គ្រាន់តែតិចឬច្រើនទៅតាមថ្ងៃផុតកំណត់របស់ផលិតផល។ បើផលិតផលមានថ្ងៃបំផុតលឿន អាស៊ីតផូស្វរិកតិច បើផលិតផលមានថ្ងៃផុតកំណត់យូរអាស៊ីតក៏ច្រើនទៅតាមនោះដែរ។ មួយវិញទៀត ស្ករដែរប្រើប្រាស់ក្នុងភេសជ្ជៈកំប៉ុង ជាស្ករដែលមានកំហាប់ក្រាស់មិនងាយរំលាយដូចជាស្ករធម្មជាតិឡើយ ជាទូទៅគេមិនណែនាំឱ្យក្មេងៗក្រោម១៨ឆ្នាំផឹកនោះទេ ជាពិសេសពពួកភេសជ្ជៈប៉ូវកម្លាំង។ ជារឿងគួរឱ្យសោកស្ដាយមែនទែន ដែលក្មេងៗតូចៗនៅកម្ពុជាបច្ចុប្បន្ននេះ ផឹកភេសជ្ជៈទាំងនេះជាប្រចាំទៅវិញ។ សម្រាប់ការទទួលទានយូរៗម្ដងមិនប៉ះពាល់ខ្លាំងទេ ប៉ុន្តែបើទទួលទានជាប្រចាំថ្ងៃទោះជាទទួលទានម្ដងបន្តិចក៏ប៉ះពាល់ដល់សុខភាពដែរ។
គួរឱ្យដឹងផងដែរ វេជ្ជបណ្ឌិតក៏បានណែនាំមនុស្សឱ្យ ទទួលទានរបបអាហារមានតុល្យភាព ផឹកទឹកឱ្យបានគ្រប់គ្រាន់ កុំញ៉ាំអាហារប្រៃ កំណត់អាហារលឿនៗ(Fast Food) ភេសជ្ជៈកំប៉ុង និងជាតិអាល់កុល រួមទាំងកុំជក់បារី រក្សារបៀបរស់នៅធ្វើហាត់ប្រាណប្រចាំថ្ងៃ ដើម្បីបង្ការក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោមនាថ្ងៃអនាគត៕