បញ្ហាបន្លែនិងផ្លែឈើដែលមានផ្ទុកសារធាតិគីមីប៉ះពាល់ដល់សុខភាព តម្លៃថ្លៃនិងកង្វះការផ្គត់ផ្គង់បន្លែនិងផ្លែឈើដែលមានសុវត្ថិភាព បញ្ហាជីវភាពគ្រួសារ ទម្លាប់ញ៉ាំតែសាច់ មិនសូវញ៉ាំបន្លែនិងផ្លែឈើ ទម្រើសតាំងពីតូច ទម្លាប់ញ៉ាំតែភេសជ្ជៈផ្អែមកំប៉ុងនិងស្រាជំនួសទឹកផ្លែឈើស្រស់ៗ ខ្វះការយល់ដឹងពីមូលដ្ឋានគ្រិះនៃអាហារូបត្ថមបានជំរុញឱ្យប្រជាជនកម្ពុជាមួយភាគធំមិនបានយកចិត្តទុកដាក់ និងមិនសូវបានបញ្ចូលបន្លែនិងផ្លែឈើក្នុងរបបអាហារប្រចាំថ្ងៃនោះទេ ដែលយូរៗទៅបង្កជាបញ្ហាសុខភាព និងបង្កើនឪកាសនៃជំងឺរ៉ាំរ៉ាំផ្សេងៗយ៉ាងច្រើនទាំងដែលវាអាចការពារបាន។
យោងតាម Mayo Clinic ផ្លែឈើនិងបន្លែស្រស់ក្រឡុកដូចជាការ៉ុត ស្ពៃខ្មៅ មានផ្ទុកវីតាមីន ជាតិរ៉ែ និងជាតិសរសៃ ដែលជួយបំប៉នអ្នកឱ្យមានសុខភាពល្អ ជួយបង្ការជំងឺច្រើនមុខ ពិសេសមហារីក និងជួយគ្រប់គ្រងជាតិទឹកក្នុងខ្លួន ហើយការញ៉ាំទឹកផ្លែឈើនិងបន្លែស្រស់ៗក្រឡុកល្អសម្រាប់សុខភាពជាងការញ៉ាំផ្លែឈើនិងបន្លែទាំងមូលព្រោះ៖
១) ជួយប្រព័ន្ធរំលាយ
រាងកាយអាចស្រូបយកសារធាតុចិញ្ចឹមបានល្អ និងជួយឱ្យប្រព័ន្ធរំលាយអាហារនិងពោះវៀនដំណរការល្អជាមួយជាតិសរសៃដែលបានមកពីផ្លែឈើនិងបន្លែ។
២) កាត់បន្ថយហានិភ័យនៃជំងឺមហារីក
សារធាតុបំប៉នមានក្នុងផ្លែឈើនិងបន្លែមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលទៅបំផ្លាញរ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក។
៣) បង្កើនប្រព័ន្ធភាពស៊ាំ
ទឹកផ្លែឈើនិងបន្លែជួយកម្ចាត់ជាតិពុលចេញពីរាងកាយ ហើយវីតាមីន C និង D ជំនួយប្រព័ន្ធភាពស៊ាំឱ្យរឹងមាំ ការពាររាងកាយពីការឈ្លានពាននៃមេរោគ។
៤) ជួយសម្រកទម្ងន់
បន្លែនិងផ្លែឈើក្រឡុកមានផ្ទុកជាតិសរសៃ ស្ករល្អ ជួយឱ្យការរំលាយអាហារនិងស្រូបយកសារធាតុចិញ្ចឹមបានល្អ ជំនួយពោះវៀនបញ្ចេញសារធាតុពុលធ្វើឱ្យអ្នកអាចស្រកទម្ងន់ដោយធម្មជាតិ និងមិនប៉ះពាល់ដល់សុខភាព។ ផងដែរ ជាតិសរសៃក៏អាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត ហើយមិនសូវញ៉ាំច្រើន ហើយអ្នកក៏មិនសូវឡើងទម្ងន់។
អ្នកអាចរករូបមន្តធ្វើទឹកផ្លែឈើនិងបន្លែតាមអ៊ិនធរណេត ឬលាយផ្សំបន្លែនិងផ្លែឈើដោយខ្លួនឯង ទៅតាមចំណង់ចំណូលចិត្តនិងរសជាតិដែលអ្នកចង់បានអ្នក។ សូមយកចិត្តទុកដាក់ឱ្យបានច្រើនលើរបបអាហារប្រចាំថ្ងៃរបស់អ្នក ព្រោះថាតើអ្នកនឹងឈឺ ឫជានៅថ្ងៃស្អែកជាលទ្ធផលនៃអ្វីដែលអ្នកញ៉ាំម្សិលមិញ និងថ្ងៃនេះ។
អត្ថបទដោយ ហៃ សុចិន្តា

