បញ្ហាជ្រុះសក់ ជាបញ្ហាចោទមួយដែលមនុស្សជាច្រើនកំពុងជួបប្រទះ។ មូលហេតុនៅពីក្រោយការជ្រុះសក់មានច្រើន អាចបណ្ដាលមកពីការប្តូរពណ៌សក់ គាប ផ្លុំញឹកញាប់ ប្រើសាប៊ូខុស ជ្រុះសក់ក្រោយសម្រាលកូន កង្វះវីតាមីន សារធាតុចិញ្ចឹមជាដើម។ ករណីជ្រុះសក់ដោយសារមូលហេតុទាំងនេះ មិនមែនជាបញ្ហាធំនោះទេ ងាយក្នុងការកែប្រែវាឡើងវិញ ប៉ុន្តែប្រសិនបើការជ្រុះសក់ដែលបង្កពីជំងឺពីខាងក្នុងវិញទើបជារឿងគួរឱ្យព្រួយបារម្ភ។ មានជំងឺជាច្រើនដែលអាចធ្វើឱ្យអ្នកជ្រុះសក់ ប្រសិនបើអ្នកសង្កេតឃើញថាខ្លួនឯងជ្រុះសក់ច្រើនខ្លាំង ដុំៗ ជាប្រចាំ ឬដល់ថ្នាក់ស្តើងខ្លាំងឃើញស្បែកក្បាល លោកអ្នកគួរចាប់អារម្មណ៍ពីសុខភាពខាងក្នុង មិនមែនផ្ដោតលើសាប៊ូកក់សក់ទេ។
ខាងក្រោមនេះជាជំងឺ៣ប្រភេទ ដែលអាចធ្វើឱ្យសក់ជ្រុះច្រើន បើគិតថាខ្លួនឯងមានសញ្ញាសង្ស័យគួរតែឆាប់ទៅធ្វើការជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់៖
ជំងឺអូតូអីម្ញូន ឌីស្សី (Autoimmune Disease)៖ ជាប្រភេទជំងឺមួយដែលនិយាយឱ្យស្រួលស្ដាប់ខ្លួនស៊ីខ្លួនឯង។ លោកវេជ្ជបណ្ឌិត ហង្ស ដារ៉ា បានពន្យល់ថាជាធម្មតារាងកាយរបស់យើង មានប្រព័ន្ធការពាររាងកាយស្រាប់ដើម្បីការពារខ្លួនពីជំងឺ នៅពេលមានជំងឺជំងឺអូតូអីម្ញូន គឺធ្វើឱ្យខ្លួនឯងមិនស្គាល់ខ្លួនឯង រាងកាយចែកមិនដាច់កោសិកាក្នុងខ្លួនឯង និងកោសិកាណាដែលជាសត្រូវ ធ្វើឱ្យរាងកាយវាយប្រហារខ្លួនឯង។ ជំងឺនេះមានអាការរំខានដូចជាធ្វើឱ្យអស់កម្លាំងអចិន្ត្រៃយ៍ខុសពីធម្មតា ទោះទទួលទានអាហារហើយនៅតែអស់កម្លាំង ឈឺសន្លាក់រ៉ាំរ៉ៃ គ្រុនក្ដៅញឹកញាប់ មានបញ្ហាស្បែក ប្រេះស្រកា អាចមានពងបែក ដំបៅ លើស្បែកខ្លួន ស្បែកក្បាលដូចឡើងកមជាដើម។ ផ្អែកតាមប្រភពeverydayhealth បានឱ្យដឹងផងដែរថា ជំងឺអូតូអីម្ញូន អាចធ្វើឱ្យសក់ជ្រុះជាអចិន្ត្រៃយ៍ មិនដុះវិញទេ ទាល់តែទទួលការព្យាយាមបានត្រឹមត្រូវ។
ជំងឺទឹកនោមផ្អែម៖ យោងតាមការឱ្យដឹងពីmedicalnewstoday ជំងឺទឹកនោមផ្អែមអាចធ្វើឱ្យអ្នកជំងឺមួយចំនួនមានបញ្ហាសក់ជ្រុះ វាបានជះឥទ្ធិពលដល់ការលូតលាស់នៃសក់។ ជំងឺនេះអាចធ្វើឱ្យខូចខាតការលូតលាស់សក់ រាំងស្ទះមិនឱ្យសក់ថ្មីដុះ។
ជំងឺផ្លូវចិត្ត៖ អ្នកមានបញ្ហាតានតឹង ស្រ្តេស រងសម្ពាធច្រើនញាក់ញាប់ មានជំងឺថប់អារម្មណ៍ ជាមូលហេតុមួយធ្វើឱ្យសក់ជ្រុះ នេះបើយោងតាម everydayhealth។ អ្នកដែលមានបញ្ហាជំងឺនេះ ភាគច្រើនពួកគាត់ចូលចិត្តដកសក់ ដើម្បីឱ្យពួកគាត់មានអារម្មណ៍ថាធូរស្រាល។ ប្រសិនបើអ្នកសង្កេតឃើញខ្លួនឯងមានបញ្ហាទាំងនេះ គួរស្វែងរកព្យាបាលសុខភាពផ្លូវចិត្តរបស់អ្នក នោះវានឹងធ្វើឱ្យសក់កាត់បន្ថយការជ្រុះបានផង។
ជារួមមកប្រសិនបើអ្នកសង្កេតឃើញថាខ្លួនឯងជ្រុះសក់ច្រើនខុសធម្មតា ខុសពីការជ្រុះបែបធម្មជាតិ ប្រើសាប៊ូអ្វីក៏មិនត្រូវ សូមលើកទឹកចិត្តឱ្យធ្វើការត្រួតពិនិត្យសុខភាពផ្នែកខាងក្នុងវិញ ចៀសវាងការកើតជំងឺណាមួយដែលមិនបានដឹងខ្លួន៕
អត្ថបទដោយ៖ Senghong