ជំងឺលើសសម្ពាធឈាម ជាជំងឺដែលបង្កផលវិបាកយ៉ាងខ្លាំងដល់សុខភាព សម្ពាធឈាមឡើងកាន់តែខ្ពស់ អាចបង្កជាជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ឬអាចប៉ះពាល់ដល់អាយុជីវិតភ្លាមៗផងដែរ។ មិនមែនបង្កគ្រោះថ្នាក់សម្រាប់មនុស្សចាស់តែប៉ុណ្ណោះទេ តាមការសិក្សានៅសហរដ្ឋអាមេរិក មនុស្សពេញវ័យប្រហែល ៤៥ភាគរយ មានជំងឺលើសសម្ពាធឈាមនេះផងដែរ ផ្អែកតាមការឱ្យដឹងពី CDC អាមេរិក។
កត្តារួមផ្សំហានិភ័យនៃការលើសសម្ពាធឈាម មួយចំណែកធំបានចូលរួមពីកត្តាចំណីអាហារដែលទទួលទានជាប្រចាំថ្ងៃ។ ផ្អែកតាមគេហទំព័រ medicalnewstoday បានណែនាំពីប្រភេទអាហារបង្កើនឱកាសសម្ពាធឈាមឡើងខ្ពស់ ដែលអ្នកជំងឺលើសសម្ពាធហើយ និងអ្នកមិនទាន់មានបញ្ហា គួរតែធ្វើការកាត់បន្ថយ៖
១ ក្រុមអាហារមានជាតិសូដ្យូមខ្ពស់(ប្រៃ) ៖ ជាតិសូដ្យូមអាចបង្កើនសម្ពាធឈាមឱ្យឡើងខ្ពស់ ។ មនុស្សម្នាក់គួរតែទទួលទានជាតិសូដ្យូមត្រឹម ២,៣០០មីលីក្រាម ប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែមនុស្សជាច្រើន បានកំពុងតែទទួលទានជាតិសូដ្យូមលើសច្រើនជាប្រចាំ។ អាហារមានជាតិសូដ្យូមភាគច្រើនមាននៅក្នុងពពួក នំបុ័ងរ៉ូល ភីហ្សា សាំងវិច អាហារកំប៉ុង អាហារកែច្នៃ សាច់ក្រក អាហារផ្អាប់ ត្រីសាច់ប្រឡាក់ជាដើម៕
២ អាហារជាតិស្ករខ្ពស់៖ តាមការសិក្សាជាតិស្ករអាចធ្វើឱ្យមនុស្សមានបញ្ហាលើសគីឡូ ហើយក៏រួមចំណែកធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់បានផងដែរ។ ប្រសិនបើអ្នកមានទម្លាប់ទទួលទានភេសជ្ជៈផ្អែមៗ ភេសជ្ជៈកំប៉ុងជាប្រចាំ គួរតែធ្វើការកាត់បន្ថយ។ ភេសជ្ជៈទាំងអស់នោះមិនត្រឹមតែមានជាតិស្ករច្រើន រួមទាំងមានជាតិកាហ្វេអុីន ដែលទទួលទានកាន់តែច្រើននឹងមានហានិភ័យនៃជំងឺលើសសម្ពាធឈាមផងដែរ។ អាហារដែលមានជាតិស្ករច្រើន ប្រភេទអាហារមានជាតិម្សៅច្រើន នំខេក នំដែលមានបន្ថែមប័រ គ្រីម ជាតិស្ករច្រើន ប្រភេទនំកញ្ចប់មួយចំនួន និងអាហារកែច្នៃផងដែរ។
៣ សាច់ក្រហម ៖ ការទទួលទានសាច់ក្រហមច្រើនពេក ក៏រួមចំណែកបង្កើនសម្ពាធឈាមឡើងខ្ពស់ផងដែរ។ ប្រភេទសាច់សត្វ ដូចជា សាច់គោ សាច់ជ្រូក សាច់ចៀម ពពែ និងសាច់ក្រហមមួយចំនួនទៀត គួរតែទទួលទានឱ្យមានកម្រិត និងគួរជ្រើសយកប្រភេទសាច់ដែលមានជាប់ខ្លាញ់តិចបំផុត។
៤ ជាតិអាល់កុល(គ្រឿងស្រវឹង) ៖ ជារឿងគ្រោះថ្នាក់ដល់សុខភាពបំផុត នាពេលបច្ចុប្បន្នការទទួលទានគ្រឿងស្រវឹងហាក់មានការពេញនិយមសម្រាប់មនុស្សស្ទើរគ្រប់វ័យ។ ទទួលទានគ្រឿងស្រវឹងច្រើនពេក អាចបង្កជាជំងឺជាច្រើន ក្នុងនោះក៏មានលើសសម្ពាធឈាមផងដែរ។ តាមការណែនាំពី AHA សម្រាប់បុរសមិនគួរទទួលទានស្រាលើសពី២កែវក្នុង១ថ្ងៃ និងសម្រាប់ស្ត្រីមិនគួរលើសពី១កែវក្នុង១ថ្ងៃ។
ក្រុមអាហារទាំងនេះ សុទ្ធតែជាប្រភេទអាហារដែលមនុស្សជាច្រើន រួមទាំងប្រជាជនខ្មែរជាច្រើននិយមទទួលទានជាប្រចាំផងដែរ។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់សុខភាព គួរតែធ្វើការកាត់បន្ថយ និងបូកបញ្ចូលបន្លែ ផ្លែ ឈើ គ្រាប់ធញ្ញជាតិ ទឹកដោះគោ ចូលក្នុងរបបអាហារប្រចាំថ្ងៃឱ្យបានច្រើន៕
អត្ថបទដោយ៖ Senghong