គេងមិនលក់ បានក្លាយជាក្តីបារម្ភរបស់មនុស្សគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ គ្រប់ភេទទាំងអស់។ ពិភពលោកជឿនលឿន មនុស្សខិតខំប្រឹងប្រែងឱ្យទាន់សម័យកាល ត្រូវរងសម្ពាធផ្លូវចិត្ត ធ្វើការហត់ច្រើន គ្មានពេលសម្រាក ជាពិសេសគឺមិនសូវមានពេលសម្រាប់ខ្លួនឯង រហូតដល់មានបញ្ហាគេងមិនលក់។ គេងមិនលក់ បើមិនដោះស្រាយទេងាយធ្វើឱ្យឈានដល់បញ្ហាផ្លូវចិត្ត បាក់ទឹកចិត្ត តែមនុស្សមួយចំនួននៅហាក់មិនចាប់អារម្មណ៍។ យ៉ាងណាមិញ អ្នកជំនាញបានសិក្សាស្វែងរកឃើញអាហារ និងផ្លែឈើមួយចំនួនដែលមានតួនាទីជំនួយឱ្យមនុស្សគេងលក់ស្រួលបន្ទាប់ពីញ៉ាំរួច។
នៅក្នុងHealthline, អ្នកជំនាញណែនាំឱ្យញ៉ាំគ្រាប់អាល់មុន ដើម្បីបានគេងលក់ស្រួល។ អាល់មុល គឺជាប្រភេទគ្រាប់ធញ្ញជាតិដែលជាប្រភពនៃសារជាតិមេឡាតូនីន, មេឡាតូនីននេះគឺជាអ័រម៉ូនម្យ៉ាងដែលធ្វើការប្រាប់ទៅរាងកាយនិងខួរក្បាលឱ្យដឹងថា ដល់ពេលវេលាគេងហើយ ហេតុនេះហើយញ៉ាំអាល់មុល ជួយឱ្យអ្នកងងុយគេងបានលឿន។
ក្រៅពីការជួយគេងលក់ អាល់មុនក៏សម្បូរទៅដោយ ម៉ាញ៉េស្យូម ផូស្វ័រ និងប្រូតេអ៊ីនជាច្រើនមុខដ៏សម្បូរបែប។ ការញ៉ាំអាល់មុលរាល់ថ្ងៃ ត្រូវបានគេឱ្យដឹងថាអាចការពារខ្លួនពីជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ និងកាត់បន្ថយស្ត្រេសបានទៀតផង។ បើចង់ឃើញប្រសិទ្ធភាពលឿន អ្នកត្រូវញ៉ាំអាល់ម៉ុនប្រមាណជា២៨ក្រាម ឬមួយក្តាប់ដៃមុនគេងរាល់ថ្ងៃនោះនឹងឃើញផល។
បើអ្នកជាមនុស្សចូលចិត្តផ្លែឈើ អ្នកអាចសាកជាមួយនឹងផ្លែគីវីដើម្បីជួយឱ្យគេងលក់ស្រួល។ មានការសិក្សាដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីអត្ថប្រយោជន៍របស់ផ្លែគីវី រហូតផ្លែឈើមួយប្រភេទនេះក្លាយជាផ្លែឈើល្អបំផុត១សម្រាប់ជំនួយការគេងរាល់យប់។ ពោលគឺនៅក្នុងការសិក្សារយៈពេល ៤សប្តាហ៍ មនុស្សពេញវ័យ២៤នាក់ញ៉ាំផ្លែគីវី២ផ្លែ ១ម៉ោងមុនគេងរាល់យប់, ជាលទ្ធផលពួកគេគេងលក់លឿនជាងពេលដែលមិនបានញ៉ាំរហូតដល់៤២%ឯណោះ។
ការសិក្សាបន្តនៅក្នុងផ្លែគីវី គេរកឃើញថាសារធាតុសេរ៉ូតូនីនគឺជាតួឯកចម្បង។ សេរ៉ូតូនីនគឺជាសារធាតុគីមីខួរក្បាលដែលជួយគ្រប់គ្រងវដ្តនៃការគេង។ វានឹងបញ្ជាខួរក្បាលថាពេលណាត្រូវគេង ពេលណាត្រូវភ្ញាក់ ដែលជាហេតុធ្វើឱ្យញ៉ាំគីវីមុនគេង ជួយឱ្យពួកគេគេងលក់ស្រួល។ លើសពីនេះ ផ្លែគីវីក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងការរលាក, វីតាមីនC និង carotenoids អាចទទួលខុសត្រូវមួយផ្នែកទៀតនៃឥទ្ធិពលជំរុញការគេងរៀងរាល់យប់។
សម្រាប់ក្បួនរបស់វេជ្ជបណ្ឌិតដ៏ល្បីមួយរូបនៅក្នុងប្រទេសកម្ពុជាយើងវិញគឺ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានប្រាប់ថា បើអ្នកជាមនុស្សម្នាក់ដែលពិបាកក្នុងការគេង គេងមិនងាយលក់ មុនពេលចូលគេងយើងត្រូវយកទឹកដោះគោឆៅ ឬទឹកដោះគោស្រស់មួយកែវ ទៅកម្តៅឱ្យក្តៅឧណ្ហៗហើយផឹកជារៀងរាល់ថ្ងៃ។ ការផឹកទឹកគោក្តៅឧណ្ហៗមួយកែវមុនចូលគេង ជួយឱ្យអ្នកគេងឆាប់លក់ ១០ ទៅ ១៥ នាទីបន្ទាប់ពីផឹកអ្នកនឹងទន់ត្របកភ្នែក គេងលក់មិនខាន។
សម្រាប់ក្បួនទាំង៣នេះ បងប្អូនអាចរើស១ណាមកសាកបាន មានទាំងការផឹកភេសជ្ជៈ, ការញ៉ាំគ្រាប់ធញ្ញជាតិ និងញ៉ាំផ្លែឈើ។ រើសតាមចំណូលចិត្តឬអាចឆ្លាស់វេនគ្នាដើម្បីញ៉ាំជំនួយការគេងរាល់យប់ក៏បាន៕
អត្ថបទដោយ៖ កញ្ញា លីហួយ