នៅលើផែនដីដ៏ធំល្វឹងល្វើយនេះ គ្មាននរណាម្នាក់ចង់ឱ្យខ្លួនមានរូបរាងធាត់អាក្រក់នោះទេ តែការញុំាអាហារមិនបានត្រឹមត្រូវនិងលើសចំនួនបានធ្វើឱ្យមនុស្សជាច្រើនជួបបញ្ហាធាត់លើសជាតិខ្លាញ់ ទាំងនេះ គឺដោយសារតែកត្តាអាហារ និងការមិនមានលំហាត់ប្រាណត្រឹមត្រូវ ទើបធ្វើឱ្យជួបបញ្ហាទាំងអស់នេះ។
នៅក្នុងបទសម្ភាសជាមួយកូនចាបបៃតង (Healthy Cambodia) ជុំវិញបញ្ហាដ៏រសើបមួយនេះ អ្នកនាង ថិល ចាន់ដាលីន ដែលជាគ្រូបង្វឹកហាត់ប្រាណមានបទពិសោធន៍ជាងមួយឆ្នាំបានលើកឡើងថា “មុននឹងក្លាយជាគ្រូបង្ហាត់ប្រាណដូចសព្វថ្ងៃនេះ អ្នកនាង លីនដា គឺធ្លាប់ជាស្រ្តីមួយរូបដែលធ្លាប់ធាត់រហូតដល់ ៧៦គីឡូ ក្រោយពីតមអាហារមួយចំនួន គួបផ្សំនឹងការហាត់ប្រាណ អ្នកនាងស្រកសល់ត្រឹមតែ៥៤គីឡូប៉ុណ្ណោះ។ ជាក់ស្ដែង យោងតាមបទពិសោធន៍របស់ខ្លួនផង និងតាមក្បួនដ៏ត្រឹមត្រូវផងនោះ អ្នកនាង លីនដា នឹងលើកយកពីរបបអាហារដែលធ្វើឱ្យរូបគាត់ និងអ្នកហាត់ប្រាណទាំងអស់ត្រូវតែធ្វើ ដើម្បីឱ្យការសម្រកគីឡូមានប្រសិទ្ធភាព។
១.ការញុំាបន្លែឱ្យបានគ្រប់គ្រាន់ មិនថាជាបន្លែឆៅ ឬបន្លែឆ្អិននោះទេ ក៏ប៉ុន្តែយកល្អគួរតែញុំាបន្លែឆ្អិនល្អជាង។ ការញុំាបន្លែ គឺសម្បូរទៅដោយវីតាមីន ជីវជាតិ ជាពិសេសបន្លែពណ៌បៃតង ដូចជា ម្ទេសហាហ្វៃ ផ្កាស្ពៃពណ៌ខៀវ ស្បៃ និងបន្លៃចំរុះពណ៌ផ្សេងៗទៀត ដែលបន្លែទាំងអស់នេះ នឹងជួយសម្រកគីឡូហើយថែមទាំងជួយឱ្យសម្រស់ស្រស់ស្អាតថែមទៀត។
២.ការញុំាប្រតេអ៊ីនឱ្យបានគ្រប់គ្រាន់ ពីព្រោះប្រូតេអ៊ីននឹងជួយបង្កើតប្រព័ន្ធការងាររាងកាយ ជួយបង្កើតអង់ស៊ីម ជួយបង្កើតអរម៉ូន ជួយរំលាយអាហារ ជួយស្រូបយកជីវជាតិ ជួយស្រូបយកជីវជាតិដឹកជញ្ជូនរអុកស៊ីសែនទៅកាន់ជាលិកាផ្សេងៗ ដូចជាក្រូម សាច់ដុំសន្លាក់ សរីរាង្គ សក់ ស្បែកនិងផ្នែកផ្សេងៗទៀតនៃសរីរាង្គកាយរបស់យើង។ កួរបញ្ជាក់ថា សម្រាប់អាហារដែលសម្បូរប្រូតេអ៊ីនគឺ ដូចជា សាច់ទ្រូងមាន់ សាច់ត្រី សាច់គោ ស៊ុតស ហើយលោកអ្នកអចាញុំាប្រភេទសាច់ទាំងនោះ៥០ក្រាម ឬ ១០០ក្រាមក្នុងមួយថ្ងៃ ដើម្បីឱ្យសាច់ហាប់ណែន។
៣.ការញុំាខ្លាញ់ ពីព្រោះរាងកាយរបស់យើង គឺត្រូវការខ្លាញ់ ហើយខ្លាញ់ដែលអ្នកគួរតែញុំានោះគឺ ដូចជាខ្លាញ់ប្រេងអូលីវ ប្រេងដូង ខ្លាញ់ដែលបានមកពីផ្លែប័រ គ្រាប់ធញ្ញជាតិដូចជា គ្រាប់អាល់ម៉ុន សណ្ដែកដី។ មូលហេតុដែលយើងចាំបាច់ក្នុងការញុំាំខ្លាញ់ទាំងនេះ ដើម្បីជួយឱ្យរាងកាយរបស់យើងគឺឆាប់បានឆ្អែត។
គួរបញ្ជាក់ថា ប្រសិនបើអ្នកចង់សម្រកគីឡូឱ្យស្រកតាមក្បួន អ្នកមិនត្រូវបង្អត់អាហារខ្លួនឯងដាច់ខាត ប៉ុន្តែរឿងដែលអ្នកតូវធ្វើគឺការផ្ដាច់អាហារដែលនាំឱ្យអ្នកឡើងគីឡូ ដូចជាពពួកអាហារសម្បូរជាតិខ្លាញ់អាក្រក់ដែលមានកាល់ឡូរីខ្ពស់ ដូជា មាន់បំពង មានចៀន សាច់អាំង ប៊ឺរហ្គឺរ ហតដក អាហារដែលមានជាតិប្រៃ និងអាហារដែលមានជាតិផ្អែម ហើយត្រូវព្យយាមធ្វើលំហាត់ប្រាណដើម្បីដុតរំលាយជាតិខ្លាញ់អាក្រក់ និងជួយឱ្យសាច់អ្នកហាប់ណែនស្អាត។
អត្ថបទដោយ៖ កញ្ញា តឹក ស៊ីថា(FB: Tek Sitha)

