អាយុកាន់តែច្រើនវ័យកាន់តែចាស់ ស្បែករបស់យើងនឹងកាត់បន្ថយការផលិតខូឡាជែនខ្សោយទៅៗ នៅពេលដែលស្បែកបាត់បង់ខូឡាជែន គឺវានឹងប្រែប្រួលសភាពលក្ខណៈទៅជា ស្ងួត ឡើងស្នាមអុចខ្មៅៗ ស្បែកប្រែជាជ្រីវជ្រួញ ជាពិសេសត្រង់កន្ទុយភ្នែក ថ្ងាស ម្រាមដៃ និងប្រអប់ដៃជាដើម។ ដូច្នេះហើយទើបមនុស្សម្នាក់ៗត្រូវយកចិត្តទុកដាក់លើការជ្រើសរើសអាហារក្នុងការបរិភោគនៅពេលចូលដល់វ័យកណ្តាលឬវ័យចំណាស់ ហើយជាពិសេសទៀតនោះត្រូវជ្រើសយកអាហារដែលសម្បូរជាតិខូឡាជែន។
នៅក្នុងអាហារដែលយើងគ្រប់គ្នាបរិភោគរាល់ថ្ងៃនេះគឺគេចែកចេញជាច្រើនក្រុមដូចជា ក្រុមអាហារខូឡាជែន អាហារវីតាមីន អាហារប្រូតេអុីន និងផ្សេងៗទៀត។ ក្នុងនោះដែរអាហារខូឡាជែន ជាអាហារមួយប្រភេទដែលមានតួនាទីជួយទប់ស្កាត់ភាពជ្រីវជ្រួញនៅលើស្បែក ជួយឱ្យស្បែកមានសភាពតឹងណែន និងមានសំណើម។ មិនតែប៉ុណ្ណោះចំពោះបុគ្គលណាដែលចូលចិត្តបរិភោគអាហារខូឡាជែននេះជាប្រចាំគឺវាជួយទប់ស្កាត់ភាពចាស់បានទៀតផង។ ជាមួយគ្នានេះដែរអាហារខូឡាជែនគឺមាននៅក្នុង ត្រី សាច់គោ សាច់ទ្រូងមាន់ បន្លែបៃតង ម្ទេសប្លោក ប៉េងប៉ោះ ក្រូច ត្របែក ទំពាំងបាយជូរ សណ្តែក គ្រាប់ស្វាយចន្ទី។
១. ការញុំាត្រីទាំងស្បែក៖ មនុស្សភាគច្រើនពេលញុំាត្រី ពួកគេយកស្បែកត្រីចេញ ក៏ប៉ុន្តែអ្នកជំនាញបាននិយាយថា មួយតួខ្លួនរបស់ត្រីសុទ្ធតែជាកន្លែងដែលសម្បូរអាមីណូអាស៊ីត ដែលជួយជំរុញដល់ការផលិតខូឡាជែន។ ជាពិសេស ការញុំាត្រីសាល់ម៉ុន ក៏ប៉ុន្តែដោយសាត្រីសាល់ម៉ុនមានតម្លៃរាងថ្លៃបន្តិច ដូច្នេះលោកអ្នកអាចញុំាត្រីដែលសម្បូរក្នុងស្រុកខ្មែរបានដូចគ្នា ដូចជាត្រីរ៉ស់ ត្រីដៀប និងប្រភេទកូនត្រីផ្សេងៗទៀត។
២. ការញុំាសាច់គោ និងសាច់ទ្រូងមាន់៖ ចំពោះសាច់២ប្រភេទនេះ គឺអាចនិយាយបានថាជាប្រភពវីតាមីនដ៏ល្អបំផុតក្នុងការជួយទ្រទ្រង់ការផលិតខូឡាជែន ជួយជំរុញនឹងថែរក្សាខូឡាជែនក្នុងសរីរាង្គកាយ។ នៅក្នុងសាច់មាន់ ឬសាច់គោក៏មិនខុសពីសាច់ត្រីនោះដែរ គឺសម្បូរអាស៊ីតអាមីណូ ដែលជួយឱ្យមានការផលិតខូឡាជែនបានលឿន លើសពីនេះវាជាអាហារដែលសម្បូរប្រូតេអ៊ីនដែលជួយឱ្យឆ្អែតបានយូរ។
៣. ផ្លែឈើ និងបន្លែបៃតង៖ អាហារដែលសម្បូរវីតាមីនសេ ដូចជាប៉េងប៉ោះ ចេក ក្រូច ក្រូចឆ្មា ស្ត្រប៊ឺរី ប៉ោមខៀវ ម្នាស់ ត្របែក ស្វាយទុំ ម្ទេសហាហ្វៃ ដែលពពួកអាហារទាំងនេះ គឺជាប្រភពវីតាមីនស៊ី។ អ្នកជំនាញនិយាយថា វីតាមីនស៊ី គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញការផលិតខូឡាជែន ជួយឱ្យស្បែកភ្លឺរលោង ស្រស់ថ្លាពីខាងក្នុង។ ការញុំាផ្លែឈើបានច្រើន នឹងជួយឱ្យលោកអ្នកទទួលបានវីតាមីនច្រើនបំផុត។
អាហារខូឡាជែន មិនមែនចេះតែញ៉ាំតាមចិត្តចង់នោះទេ បើចង់ឆាប់ឃើញផលលុះត្រាតែញ៉ាំតាមការណែនាំ “ នៅពេលមនុស្សម្នាក់ដាក់ចិត្តញ៉ាំអាហារខូឡាជែនគឺគេហាមមិនញ៉ាំផ្អែម និងជាខ្លាញ់ច្រើនពេកនោះទេ ពីព្រោះថានៅពេលដែលរាងកាយរបស់យើងផ្ទុកទៅដោយសារធាតុស្ករ និងខ្លាញ់លើសចំនួន គឺធ្វើឱ្យរាងកាយរបស់យើងបាត់បង់សមត្ថភាពក្នុងការផលិតខូឡាជែន ជាហេតុធ្វើឱ្យអាហារដែលយើងខំព្យាយាមញ៉ាំទាំងប៉ុន្មានគឺគ្មានន័យទេ។
មួយវិញទៀត យល់ល្អអ្នកគួរតែមានទម្លាប់ញ៉ាំអាហារខូឡាជែននេះតាំងពីនៅវ័យក្មេងឱ្យហើយ មានន័យថាអ្នកគួរចាប់ផ្តើមបង្កើតទម្លាប់ញ៉ាំបន្លែបៃតង ញ៉ាំត្រី ផ្លែឈើ ឱ្យបានច្រើន ហើយកាត់បន្ថយការញ៉ាំផ្អែម និងខ្លាញ់ ពីព្រោះទោះជាយើងនៅអាយុក្មេងក៏ពិតប៉ុន្តែសភាពស្បែករបស់យើងក៏អាចប្រែទៅជាជ្រីវជ្រួញបានដែរ នៅពេលដែលរាងកាយខាងក្នុងរបស់យើងខ្វះជាតិខូឡាជែន៕

