ធម្មជាតិបង្កើតមនុស្សមកត្រូវឱ្យមានគូ ហើយមនុស្សណាក៏ចង់បានដៃគូដែលល្អ អាចផ្ដល់ក្ដីសុខ ស្នាមញញឹម ក្ដីស្រឡាញ់ពិត អាចផ្ញើជីវិតទៅវិញទៅមកបាន។ អ្នកខ្លះ ដោយសារតែរើសចំដៃគូមិនល្អ ត្រូវឈឺចាប់រីងរៃ ខូចចិត្តជាលើកទៅ២ ទី៣ រហូតដល់ខ្លាច ក្នុងការចាប់ផ្ដើមជាមួយមនុស្សថ្មីទៀត។ តាមពិតទៅ វាមិនមែនជារឿងត្រឹមត្រូវនោះទេ ដែលអ្នកត្រូវបិទសិទ្ធខ្លួនឯងមិនឱ្យចាប់ផ្ដើមជាថ្មី ឈោងចាប់សេចក្ដីសុខចំពោះមុខ ត្រូវគិតអវិជ្ជមានលើមនុស្សប្រុសទាំងអស់ ព្រោះតែមនុស្សដែលគ្មានចិត្តស្មោះសម្នាក់។ មនុស្សមិនដូចគ្នានោះទេ មិនប្រាកដថាអ្នកជួយមនុស្សក្បត់ម្ដង ហើយមនុស្សដែលចូលក្នុងជីវិតអ្នកផ្សេងទៀតសុទ្ធតែមិនល្អដែលនោះទេ។
ប្រសិនបើអ្នកកំពុងស្ថិតក្នុងទំនាក់ទំនងមើលចិត្តគ្នាមួយ កំពុងពិចារណាមើលថាគួរទទួលគេឱ្យចូលក្នុងជីវិតអ្នកឬអត់ អាចមានលើចំណុចទាំងនេះ។ បើអ្នកកំពុងជួបដៃគូម្នាក់ដែលមានអត្តចរិតបែបនេះ នោះមានន័យថាអ្នកបានក្លាយជានារីសំណាងម្នាក់ ដែលរើសបានបុរសល្អអាចដឹកដៃអ្នកទៅមុខ ដោយស្នាមញញឹមជាមួយគ្នាពេញ១ជីវិតហើយ។ ដៃគូមាសពេជ្រ មិនមែនជាដៃគូដែលមានទ្រព្យសម្បត្តិច្រើននោះទេ តែជាដៃគូដែលកាន់ដៃគ្នាលូតលាស់ជាមួយគ្នា។
១ បើកចិត្ត៖ បុរសជាភេទមួយដែលមិនងាយបើកចិត្តនិយាយរឿងផ្ទាល់ខ្លួនប្រាប់ទៅនរណាម្នាក់ងាយៗឡើយ។ ប៉ុន្តែប្រសិនបើអ្នកបានជួប បុរសម្នាក់ ដែលបើកចិត្តនិយាយការពិតជាមួយអ្នក ចែករំលែកពីបញ្ហា រឿងក្នុងចិត្ត ឬរឿងសម្ងាត់ដែលគេមិនដែលប្រាប់នរណាសោះពីមុន មកប្រាប់អ្នកនោះមានន័យថាគេបានចាត់ទុកអ្នកជាមនុស្សសំខាន់ម្នាក់ ដែលគេទុកចិត្តបំផុតហើយ។ មនុស្សម្នាក់ៗតែងមានរឿងមួយចំនួនដែលត្រូវការមនុស្សតែម្នាក់ប៉ុណ្ណោះដឹង និងចែករំលែកជាមួយ ពេលខ្លះសូម្បីគ្រួសារផ្ទាល់ក៏អាចនិយាយប្រាប់បានដែរ។ នោះហើយដែលវាបង្ហាញថា អ្នកជាមនុស្សមានឥទ្ធិពលម្នាក់ ដែលគេត្រូវការបំផុតក្នុងជីវិត។
២ ធ្វើរឿងតូចតាច៖ ក្នុងទំនាក់នងស្នេហា មិនចាំបាច់ថាត្រូវតែធ្វើរឿងធំដុំ មានអំណោយថ្លៃៗ មានកម្មវិធីពិសេស បង្ហាញឱ្យអ្នកដទៃឃើញនោះទេ។ ការយកចិត្តទុកដាក់ លើរឿងតូចតាច ប្រចាំថ្ងៃ ជាពិតជាសំខាន់ណាស់ ព្រោះថាការអ្នករស់នៅជាប្តីប្រពន្ធ គឺសំខាន់ណាស់លើការជួយទុកធុរៈ ទឹកក្ដៅទឹកត្រជាក់រាល់ថ្ងៃ នោះឯង។
៣ នៅក្បែរមានអារម្មណ៍សុវត្ថិភាព៖ ចំណុចនេះសំខាន់ណាស់ បុរសម្នាក់ដែលអ្នកនឹងរើសយកមកធ្វើជាគូអនាគត ចាំបាច់បំផុតដែលអ្នកត្រូវមានអារម្មណ៍ថាសុវត្ថិភាព មិនខ្សែលើ មិនលោភលន់ មិនចង់បានលើសកំណត់ មិនបៀតបៀមផ្លូវចិត្ត ផ្លូវកាយ មិនធ្វើឱ្យអ្នកមានអារម្មណ៍ថាអសន្តិភាព ឬមិនគួរឱ្យទុកចិត្ត ព្រួយបារម្ភឬខ្លាចនោះទេ។ ផ្ទុយទៅវិញជាបុរសម្នាក់នោះ កក់ក្ដៅ ផ្ដល់ក្ដីស្រឡាញ់មិនមានលក្ខខណ្ឌ អាចការពារ និងនៅក្បែរអ្នក ទោះជាមានបញ្ហាអ្វីកើតឡើងក៏ដោយ។
៤ ចង់ឃើញអ្នករីកចម្រើនជាងមុន៖ បុរសម្នាក់ដែលតែងជំរុញចិត្ត នាំអ្នករៀនសូត្រ ឬឱ្យស្គាល់អ្វីថ្មីៗ មិនថាចំណេះដឹង ចូលក្នុងសង្គម ការរកស៊ី ចង់ចេះចង់ដឹង ឱ្យកម្លាំងចិត្តអ្នក ចង់ឱ្យអ្នករីកចម្រើនជាងមុន ជ្រើសយកទៅមិនខុសទេ។ ព្រោះមនុស្សប្រភេទនេះ មានចិត្តចង់មានបាន ចេះគិតគូរអនាគត គេនឹងចាប់ដៃអ្នកទៅសាងអនាគតដ៏ល្អមួយជាមួយគ្នា។
៥ ធ្វើឱ្យអ្នកមានអារម្មណ៍ថាស្រស់ស្អាត៖ គ្រប់មនុស្សស្រីទាំងអស់ តែងចង់បានពាក្យសរសើរពីមនុស្សដែលនាងស្រឡាញ់។ បុរសដែលល្អ ជាបុរសដែលតែងតែប្រាប់អ្នកថា អ្នកស្អាតតាមរបៀបរបស់អ្នក ហើយគេតែងតែជួយកែលម្អចំណុចណាដែលនៅខ្វះខាត តាមការភាពវិជ្ជមាន។ មានចិត្តចង់ឱ្យមនុស្សដែលខ្លួនស្រឡាញ់ស្រស់ស្អាត មានក្ដីសុខដូចនារីដទៃដែរ។
៦ ឱ្យតម្លៃដៃគូជាអាទិភាពធំ៖ បុរសដែលហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួន ឱ្យអាទិភាពអ្នកជាងមិត្តភក្តិ គឺជាបុរសល្អម្នាក់ដែលអ្នកគួរជ្រើសរើស។ ប៉ុន្តែសូមចាំថា មិនមែនជាបុរសម្នាក់ដែលគិតតែពីស្នេហា បោះបង់ការងារ គ្រួសារ មិនរវល់អ្វីទាំងអស់ គិតតែពីចំណាយពេលច្រើនពេកលើអ្នក យកចិត្ត ទាមទារការចាប់អារម្មណ៍ នោះមិនល្អទៅវិញទេ ព្រោះមនុស្សប្រភេទនេះអាចនឹងងាយប្រែប្រួលទៅពេលខាងមុខ មិនសូវចេះគិតរឿងអនាគតវែងឆ្ងាយជាមួយអ្នកនោះទេ។
៧ បុរសដែលមិនចេះកុហក៖ ភាពស្មោះត្រង់ជាគ្រឹះរឹងមាំបំផុតក្នុងទំនាក់ទំនងស្នេហា។ ប្រសិនបើអ្នកមានដៃគូ ដែលចេះកុហកម្ដងហើយ ម្ដងទៀត មានលេសច្រើនមិនចេះចប់ ដោះសារច្រើន នោះហើយជាបញ្ហា។ ចូរចាំថា មិនថាទំនាក់ទំនងអ្វីក៏ដោយភាពស្មោះត្រង់ត្រូវតែឈរនៅលេខរៀងទី១។
៨ ចេះអភិវឌ្ឍខ្លួនឯង៖ បុរសល្អមិនមែនរុញឱ្យអ្នករីកចម្រើនតែម្ខាងនោះទេ ប៉ុន្តែពួកគេក៏នឹងខំប្រឹងអភិវឌ្ឍខ្លួនឯងផងដែរ។ បុរសដែលគិតវែងឆ្ងាយ នឹងច្បាស់លាស់ក្នុងទំនាក់ទំនងមួយ គេនឹងចាប់ផ្ដើមមានភាពចាស់ទុំជាងមុន ខំប្រឹងរៀនសូត្រ ខំប្រឹងធ្វើការ បង្កើតជំនាញ បង្កើនចំណូល ព្រោះគេបានដឹងច្បាស់ថាគេនឹងមានទំនួលខុសត្រូវធំនៅថ្ងៃខាងមុខ និងមិនចង់ឱ្យមនុស្សដែលខ្លួនស្រឡាញ់ត្រូវលំបាក។
យ៉ាងណាក្ដី ទោះបីជាវាមិនអាចកំណត់បានថាត្រឹមត្រូវ១០០ភាគរយ តែហោចណាស់បុរសដែលមានអត្តចរិតបែបនេះ ភាគច្រើននឹងមិនធ្វើឱ្យអ្នកលំបាក ឬឈឺចាប់ឡើងនៅថ្ងៃមុខ។ រើសបានដៃគូល្អម្នាក់ មិនខុសអ្វីពីរើសបានមាសរាប់គីឡូនោះទេ ហើយជាមាសដែលគ្មានចោរណាអាចលួចយកបាន៕
អត្ថបទដោយ៖ Senghong