មើមយ៉េន ដែលជាបន្លែកំពុងល្បី និងមានមនុស្សជាច្រើនជឿថា បន្លែមួយមុខនេះ មានលក្ខណៈពិសេសខ្លាំងក្លាក្នុងការចូលទៅជួយបំប៉នសុខភាពឈាម ដោយអ្នកទទួលទានអាចយកទៅធ្វើម្ហូប ញុំាឆៅ ឬក៏ស្ងោរញុំា ជាដើម។ ទន្ទឹមនឹងនេះ បន្លែមើមយ៉េន ក៏ត្រូវបានគេយល់ថា វាអាចជួយសុខភាពបានច្រើន និងការពារកុំឱ្យកើតជំងឺរុាំរ៉ៃដែរ។
យោងតាមប្រភព healthline បានឱ្យដឹងថា មើមយ៉េន ដែលមានចំណុះប្រមាណជា ១០០ក្រាម មានផ្ទុកទៅដោយ ជាតិដែក ៤%, វីតាមីនC ៤%, វីតាមីនB ៤%, ៤៤ កាឡូរី, ប្រូតេអ៊ីន ១,៧ក្រាម, ខ្លាញ់ ០,២ ក្រាម, កាបូអ៊ីដ្រាត ១០ក្រាម, ជាតិសរសៃ ២ក្រាម, រួមមានជាតិរ៉ែដទៃទៀតដូចជា Folate, ម៉ង់ហ្គាណែស, ទង់ដែង, ប៉ូតាស្យូម និងម៉ាញ៉េស្យូម។ ជាមួយនឹងសារធាតុដ៏សម្បូរទាំងនេះ នឹងអាចចូលទៅជួយទ្រទ្រង់ដល់សុខភាពរាង្គកាយរួមមាន៖
១. ជួយរក្សាតុល្យភាព និងបញ្ចុះសម្ពាធឈាម
តាមការសិក្សាបានបង្ហាញថា មើមយ៉េន មានសមត្ថភាពខ្ពស់ ជួយដល់អ្នកដែលមានបញ្ហាលើសឈាមដោយកម្រិតសម្ពាធឈាមកុំឱ្យឡើងខ្ពស់។ មួយវិញទៀតបន្លែនេះ អាចបន្ថយកម្រិតសម្ពាធឈាម ស៊ីស្តូលិក និង diastolic មានន័យថា ជួយទៅដល់សម្ពាធក្នុងឈាម ដែលត្រូវបានវាស់ដោយប្រើលេខពីរកម្រិត។ លេខទីមួយហៅថាសម្ពាធឈាមស៊ីស្តូលិក គឺវាស់សម្ពាធក្នុងសរសៃឈាម នៅពេលបេះដូងលោត ចំណែកលេខទីពីរហៅថាសម្ពាធឈាម diastolic គឺវាស់សម្ពាធក្នុងសរសៃឈាម នៅពេលដែលបេះដូងសម្រាកនៅចន្លោះពេលលោត។ មើមយ៉េន ក៏មានសារធាតុនីត្រាត ដែលវាបំលែងទៅជាទ្រីអុកស៊ីតផងដែរ ដែលជាម៉ូលេគុល ជួយទៅពង្រីកសរសៃឈាម ធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះ។
២. ជួយដល់សុខភាពខួរក្បាល
សមត្ថភាពខួរក្បាល អាចថយចុះទៅតាមអាយុរបស់យើង និងអាចវិវត្តន៍ចេញជាជំងឺវង្វេង ឆាប់ភ្លេចភ្លាំងច្រើន...ជាដើម ដោយសារតែកម្រិតរបបអាហារ និងទម្លាប់មិនប្រចាំថ្ងៃមួយចំនួន។ ហេតុនេះ ការទទួលទាន មើមយ៉េន នឹងផ្តល់នូវសារធាតុនីត្រាត ជួយឱ្យប្រព័ន្ធឈាមរត់ដែលហូរទៅកាន់ខួរក្បាល ធ្វើឱ្យដំណើរការល្អ ជាហេតុធ្វើឱ្យខួរក្បាលប្រព័ន្ធដំណើរការប្រសើរ។
៣. មានលក្ខណៈពន្យឺតការវិវត្តនៃជំងឺមហារីក
នៅក្នុងមើមយ៉េន មានផ្ទុកសារធាតុពិសេសក្នុងការការពារ និងរារាំងការកកើតនូវកោសិកាមហារីកជាច្រើនរួមមាន betaine, ferulic acid, rutin, kaempferol, and caffeic acid។ តួយ៉ាង ការសិក្សាជាច្រើនបានរកឃើញថា កម្រិត betaine ខ្ពស់ក្នុងឈាមអាចផ្សាភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃការវិវត្តទៅជាជំងឺមហារីក។
៤. ជួយដល់ប្រព័ន្ធរំលាយអាហារ
មើមយ៉េន មានសមត្ថភាពជួយដល់ប្រព័ន្ធរំលាយអាហារធ្វើឱ្យពោះវៀនធំដំណើរការបានយ៉ាងល្អ ដោយ បន្លែនេះសម្បូរដោយជាតិសរសៃ មើមយ៉េន ក្នុង១ពែង មានជាតិសរសៃ ៣,៤ ក្រាម អាចជួយលើកកម្ពស់សុខភាពរំលាយអាហារ ការពារការទល់លាមក ជំងឺរលាកពោះវៀន ជាដើម។ លើសពីនេះ ជាតិសរសៃ ដែលមាននេះទៅជួយ កាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ ដូចជា មហារីកពោះវៀនធំ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២។
គូសបញ្ជាក់បន្ថែមផងដែរ ប្រភេទមើមយ៉េនក្រឡុក នាពេលបច្ចុប្បន្ននេះ គឺត្រូវបានក្លាយជាជម្រើសអាហារល្អពិសេសសម្រាប់អ្នកចង់សម្រកទម្ងន់ និងថែស្បែក។ ជាទូទៅប្រភេទទឹកមើមយ៉េននេះ គឺគេភាគច្រើនទទួលទានជារៀងរាល់ព្រឹក-ល្ងាច និងជារៀងរាល់ថ្ងៃ៕
អត្ថបទដោយ៖ ប៉ែត ធីតា

