ទឹកខ្មេះប៉ោម គឺជាគ្រឿងទេសដ៏ល្អមួយជួយដល់សុខភាពច្រើនផ្នែក ដោយភាគច្រើនយកទឹកខ្មេះនេះបន្ថែមក្នុងម្ហូប ជាពិសេសទឹកស៊ុប និងទឹកជ្រលក់ ដើម្បីទទួលបានរសជាតិឆ្ញាញ់។ ជាងនេះទៅទៀតទឹកខ្មោះប៉ោម ក៏ត្រូវបានគេប្រើប្រាស់សម្រាប់ជួយដោះស្រាយនូវបញ្ហាសុខភាពដូចជា សម្រកទម្ងន់ និងបំបាត់ក្លិនខ្លួនជាដើម។
តួយ៉ាង បើយោងតាមការចុះផ្សាយរបស់គេហទំព័រ verywellhealth បានឱ្យដឹងថា ទឹកខ្មេះប៉ោម មានអត្ថប្រយោជន៍ជាច្រើនមុខក្នុងការជួយបំពេញតម្រូវការរបស់មនុស្សប្រចាំថ្ងៃ លើសពីការយកទៅបន្ថែមរសជាតិម្ហូប៖
១. សម្រកទម្ងន់៖ ចំពោះការសិក្សានៅក្នុងឆ្នាំ២០១៨បានតាមដានទៅលើមនុស្ស២ក្រុម ចំនួន១២សប្ដាហ៍ ដែលធ្វើការសម្រកទម្ងន់ដោយញុំាទឹកខ្មេះប៉ោម ១ទៅ២ស្លាបព្រាកាហ្វេមុនពេលញុំាអាហារ បង្ហាញឱ្យឃើញថា អាចជួយទប់ស្កាត់ចំណង់អាហារ និងដុតបំផ្លាញជាតិខ្លាញ់លើស បណ្ដាលឱ្យស្រកទម្ងន់គួរឱ្យកត់សម្គាល់។
២. បំបាត់ក្លិនខ្លួនក្លិនក្លៀក៖ ទឹកខ្មេះផ្លែប៉ោម ត្រូវបានគេអះអាងថា អាចជួយធ្វើឱ្យកម្រិតជាតិអាស៊ីតដែលមានក្នុងខ្លួន និងធ្វើឱ្យជាតិអាស៊ីតក្នុងខ្លួនមានតុល្យភាព។ ទឹកខ្មេះប៉ោម អាចជួយប្រឆាំងបាក់តេរីដែលនាំឱ្យមានក្លិនខ្លួនក្លិនក្លៀកផងដែរ។ ក្រឡេកទៅមើលវិធីធ្វើវិញ គឺគេយកកន្សែងទន់ៗ សំឡី ក្រណាត់ ឬក្រដាសទន់ៗ ចាក់ទឹកខ្មេះចូលបរិមាណសមល្មម ហើយយកទៅជូតនៅតំបន់ក្លៀក ទើបលាងទឹកចេញ។
៣. លើសជាតិស្ករក្នុងឈាម៖ អាស៊ីតអាសេទិករបស់ទឹកខ្មេះប៉ោម អាចជួយរារាំងអង់ស៊ីមដែលបានមកពីអាហារយើងញុំា (ដូចអាហារមានជាតិស្ករខ្ពស់)។ ការញុំាទឹកខ្មេះប៉ោម ឬបន្ថែមនៅក្នុងអាហារ មានសមត្ថភាពជួយឱ្យជាតិស្ករនៅក្នុងឈាមមិនឱ្យកើនឡើងខ្លាំង។
៤. កម្ចាត់អង្គែក្បាល៖ នៅក្នុងទឹកខ្មេះប៉ោម មានអាស៊ីតអាសេទិកដែលអាចជួយប្រឆាំង និងការលូតលាស់របស់ពពួកផ្សិតដែលអាចធ្វើឱ្យស្បែកក្បាលរបស់យើងមានអង្គែ មានរមាស់...ជាដើម។ តែចង់បញ្ជាក់ថា ទឹកខ្មេះប៉ោមមិនអាចជួយកម្ចាត់ចៃពីលើក្បាលបានឡើយ។
ជាចុងក្រោយ ទោះបីជាទឹកខ្មេះប៉ោម អាចមានសមត្ថភាពជួយដល់សុខភាព និងសម្រស់ ក៏ពិតមែនតែសូមបងប្អូនញុំា ឬក៏ប្រើប្រាស់នៅកម្រិតមួយសមល្មមកុំលើសកំណត់ពេក ព្រោះអាចជះផលអាក្រក់ប៉ះពាល់ដល់សុខភាពបងប្អូននៅថ្ងៃក្រោយប្រសិនបើប្រើមិនត្រឹមត្រូវ៕
អត្ថបទដោយ៖ប៉ែត ធីតា