យោងតាមការចែករំលែករបស់អ្នកឱកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានចែករំលែកទាក់ទងនឹងវិធីសាស្រ្តគ្រប់គ្រងចិត្តខ្លួនឯង ដោយបានលើកឡើងថា ប្រជាជនយើងភាគច្រើន តែមានបញ្ហាពិបាកក្នុងការគ្រប់គ្រងចិត្តខ្លួនឯង អ្នកឱកញ៉ាបាន ណែនាំថាដើម្បីគ្រប់គគ្រងខ្លួនឯងបានមាន៥ចំណុចសំខាន់ៗដែលត្រូវដឹង
-ទី១៖ ត្រូវគិតវិជ្ជមានជាមុនសិន(ក្នុងអារម្មណ៍ត្រូវមានការគិតវិជ្ជមានក្នុងខ្លួន)គិតល្អ ធ្វើល្អ និយាយល្អ ភ្ញាក់ពីគេងមកក៏ប្រកបដោយក្ដីសង្ឃឹមញញឹមជានិច្ច កុំទម្លាប់ស្អប់ ត្រូវស្រឡាញ់មនុស្សជុំវិញខ្លួនឱ្យបានច្រើន ព្រោះការគិតវិជ្ជមាននេះ គឺជាការចាប់ផ្ដើមដំបូងមួយដែលមនុស្សត្រូវតែមានក្នុងខ្លួន។
- ទី២៖ត្រូវស្គាល់ខ្លួនឯង អ្នកឱកញ៉ាបានរៀបរាប់ថា ការស្គាល់ខ្លួនឯង ដឹងថាខ្លួនឯងចង់ធ្វើអ្វីចង់ក្លាយជាអ្វី យើងចង់បានអ្វី យើងនៅណា យើងចង់ក្លាយជាអ្វីធំឡើង ឱ្យប្រាកដ សួរហើយសួរទៀត សួររហូតដួងព្រលឹងរបស់យើងលេចចេញមក ហើយបើដឹងហើយចាប់ផ្ដើមសំលៀងវាឱ្យមុត សំលៀងឱ្យស្រួច នោះអ្នកនឹងក្លាយជាមនុស្ស ដែលមានសមត្ថភាព ក្លាហាន ដឹងគ្រប់យ៉ាង ដែលនរណាក៏ចង់បាន ។
-ទី៣៖ ត្រូវចេះគ្រប់គ្រងស្រ្តេស ត្រូវចាំថា នរណាក៏មានអារម្មណ៍ស្រ្តេសបែបហ្នឹងហើយ ដូច្នេះការគ្រប់គ្រងស្ដ្រេស ព្រោះស្ត្រេសអាចធ្វើឱ្យរឿងតូចក្លាយជាធំបាន គេងក៏គេងមិនគ្រប់ គេងមិនលក់ ឆាប់ខឹងច្រើន នោមញឹក ភ្លេចភ្លាំងច្រើន ចូលចិត្តនៅ ម្នាក់ឯងជាដើម។ ជាហេតុបណ្ដាលឱ្យខ្លួនឯងដុនដាប ខ្លាំងឡើងៗ ភ្ញាក់ពីគេងមិនស្ងប់ឈឺឆ្អឹង ឈឺឆ្អែងច្រើន ដូច្នេះត្រូវកាត់បន្ថយ នឹងគ្រប់គ្រងឱ្យបានល្អ។
-ទី៤៖ ចេះមានការទទួលសខុសត្រូវលើខ្លួនឯង មានន័យថា ត្រូវចេះបែងចែកអ្វីសំខាន់ អ្វីមិនសំខាន់ អ្វីត្រូវធ្វើមុន អ្វីត្រូវធ្វើតាមក្រោយ ធ្វើការឱ្យមានលទ្ធភាព កុំយកតែបរិមាណ ដូច្នេះលោកឱកញ៉ា ណែនាំថា ត្រូវចេះម្ចាស់ការឱ្យបានច្បាស់លាស់ កុំឱ្យគេប្រាប់ដដែលៗ ។
-ទី៥៖ ធ្វើខ្លួនឱ្យគេពឹងពាក់បាន លោកឱកញ៉ាបាននិយាយថាធ្វើឱ្យខ្លួនឯង មានសមត្ថភាព អាចឱ្យគេពឹងពាក់ ឱ្យគេទុកចិត្ត ឱ្យគេស្រឡាញ់ចូលចិត្ត និងឱ្យតម្លៃខ្លាំង ខំរៀន ខំស្រាវជ្រាវ ខំអភិឌ្ឃន៍ខ្លួនជានិច្ចធ្វើយកស្នាដៃ។
គូសបញ្ជាក់ឱ្យដឹងផងដែរថា មាន៥ចំណុចខាងលើនេះ អ្នកនឹងក្លាយជាមនុស្សដែលអភិវឌ្ឃន៍ខ្លួនបានលឿន ចេះគ្រប់គ្រងអារម្មណ៍ខ្លួនបានយ៉ាងងាយ៕
អត្ថបទដោយ៖ ប៉ែត ធីតា