ជឿថាមនុស្សស្រីដែលគាត់ពិបាកក្នុងការមករដូវគឺប្រាដកជាយល់ មករដូវប្រចាំខែម្តងៗ ឈឺសន្លាក់ចុកចង្កេះ រោយដៃជើង២ទៅ៣ថ្ងៃ។ ក្រោយមកដល់ថ្ងៃមករដូវ ត្រូវចុកពោះ ឆ្អល់ អារម្មណ៍មួម៉ៅគ្រប់សព្វបែបយ៉ាង ពិបាកក្នុងការគ្រប់គ្រងណាស់។ តែងមានសំណួរជាច្រើនសួរថា តើគួរធ្វើដូចម្តេចដើម្បីបំបាត់រាល់ការឈឺចាប់ទាំងអស់នេះពេលមករដូវម្តងៗ? តោះទៅអានការណែនាំពីអ្នកជំនាញ។
ជាការពិតណាស់ យោងតាមការចុះផ្សាយលើគេហទំព័រ healthshots លោកស្រី rujuta diwekar អ្នកជំនាញផ្នែកចំណីអាហារ បានបញ្ជាក់ច្បាស់ៗថា ស្រ្តីទាំងអស់មិនមែនសុទ្ធតែឈឺចាប់ពេលមករដូវនោះទេ ស្រ្តីខ្លះវដ្តរដូវរបស់គាត់ធម្មតា មករដូវធម្មតា ដោយមិនមានការឈឺចាប់អ្វីនោះទេ ដោយសារតែប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធភាពស៊ាំរបស់គាត់រឹងមាំ ហើយញ៉ាំរបបអាហារបានត្រឹមត្រឹម។ ប៉ុន្តែស្រ្តីមួយក្រុមទៀត ពេលមករដូវម្តងៗ ចុកពោះដូចជិតឆ្លងទន្លេ ចុកចង្កេះ ឈឺឆ្អឹង នេះក៏ដោយសារប្រព័ន្ធការពាររាងកាយគាត់ខ្សោយ ចរន្តឈាមរត់មិនល្អ ហើយរបបអាហាររបស់គាត់មិនត្រឹមត្រូវ។
ជម្រើសល្អបំផុតក្នុងការបំបាត់រាល់បញ្ហាឈឺចុកចាប់អំឡុងពេលមករដូវ អ្នកជំនាញណែនាំឱ្យស្រ្តីញ៉ាំអាហារទាំង៥ខាងក្រោមកុំខាន៖
១. សណ្តែកដី ឬគ្រាប់ស្វាយចន្ទី៖ គ្រាប់ធញ្ញជាតិ២មុននេះអ្នកអាចជ្រើសញ៉ាំមួយណាក៏បាន ពីព្រោះថាសណ្តែកដី និងគ្រាប់ស្វាយចន្ទី មានផ្ទុកជាមួយជាសរសៃ ប្រូតេអ៊ីន ជួយសម្រួលទៅដល់ការឈឺចាប់ពេលមករដូវបានល្អបំផុត។ ក្នុងអំឡុងថ្ងៃនៃវដ្តរដូវអ្នកគួរញ៉ាំរាល់ថ្ងៃធ្វើជាអាហារសម្រន់។ អាចញ៉ាំនៅពេលព្រឹកក្រោយអាហារព្រឹក ឬពេលរសៀលចន្លោះម៉ោង៣ទៅ៤រសៀល។
២. តែបៃតងក្តៅ៖ អំឡុងពេលមករដូវអ្នកគួរចៀសវាងកាហ្វេ ហើយជំនួយមកវិញដោយការផឹកតែបៃតងក្តៅជំនួយវិញ។ ត្បិតថាកាហ្វេ និងតែបៃតងមានផ្ទុកជាតិកាហ្វេអ៊ីនដូចគ្នា ប៉ុន្តែតែបៃតងផ្ទុកជាតិកាហ្វេអ៊ីនតិចជាងកាហ្វេ ហើយវាមានតួនាទីជួយសម្រាលការឈឺចាប់មួយផ្នែកធមពេលមករដូវ ជួយឱ្យចរន្តឈាមរត់បានល្អ។ បញ្ជាក់៖ អ្នកគួរផឹកនៅពេលព្រឹកក្រោយអាហារ ហើយហាមដាក់ទឹកកក គឺត្រូវផឹកក្នុងសីតុណ្ហភាពក្តៅឧណ្ហៗ។
៣. ញ៉ាំបាយ៖ អ្នកជំនាញណែនាំថា ពេលមករដូវដាច់ខាតកុំចោលបាយឱ្យសោះ ទោះជាអំឡុងពេលនោះអ្នកមានអារម្មណ៍ថាមិនឃ្លានបានក៏ដោយ ក៏អ្នកត្រូវតែជំនះ។ ពីព្រោះបាយចម្អិនមកពីគ្រាប់អង្ក ហើយគ្រាប់អង្កគឺវាមានផ្ទុកជាមួយមាន ជាតិកាល់ស្យូម ម៉ាញ៉េស្យូម និង thiamine ផ្តល់ថាពលដល់រាងកាយ បំបាត់រាល់ការឈឺចុកចាប់ពេលមករដូវ។
៤. ទឹកក្តៅ៖ ទឹកក្តៅជាថ្នាំពិសេសបំបាត់ការចុកពោះពេលមករដូវបានល្អបំផុត។ ពីព្រោះការចុកពោះពេលមករដូវ មួយផ្នែកធំគឺបង្កឡើងដោយសារតែចរន្តឈាមរត់មិនល្អ ឈាមកកដុំៗ ជាហេតុនាំឱ្យមានការឈឺចាប់។ ការផឹកទឹកក្តៅគឺជួយសម្រួលចរន្តឈាម លំហូរឈាមហូរល្អ គ្មានការកកស្ទះ។ អ្នកគួរផឹកទឹកក្តៅឧណ្ហៗឱ្យបាន១ថ្ងៃ២ទៅ២លីត្រកន្លះ ហើយចៀសវាងកុំផឹកទឹកកក ឬទឹកត្រជាក់ឱ្យសោះ។
៥. ប្រភេទសាច់៖ ដូចជា សាច់មាន់ ត្រី សុទ្ធតែជាប្រភេទសាច់ធ្វើឱ្យឆ្អែតបានយូរ។ ទន្ទឹមនឹងនេះ សាច់ត្រីសម្បូរទៅដោយជាតិអូមេហ្គា៣ អាចជួយកាត់បន្ថយការឈឺចាប់ពេលមករដូវបាន។
អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនស្រ្តីទាំងអស់គ្នា កុំភ្លេចញ៉ាំអាហារទាំង៥ មុខខាងលើអំឡុងពេលមករដូវ។ មួយវិញទៀតអំឡុងពេលមករដូវនេះផងដែរ បងប្អូនគួរកុំបរិភោគអាហារដែលមានជាតិហឹរខ្លាំង គ្រឿងស្រវឹង អាហារប្រៃ ផ្អែមជាដើម គួរតែព្យាយាមកាត់បន្ថយ ព្រោះវាអាចប៉ះពាល់ដល់ដំណើរការមករដូវនិងសុខភាពរាងកាយផ្សេងៗ៕
អត្ថបទដោយ៖ មឿន គន្ធា