សុខភាពជារឿងសំខាន់។ ជាពិសេសអ្នកធាត់ ឬលើសជាតិខ្លាញ់ច្រើនបង្កឱ្យមានហានិភ័យដល់សុខភាពណាស់។ អ្នកធាត់ងាយប្រឈមមុខជំងឺលើសឈាម គាំងបេះដូង និងចាស់ជាងវ័យ...។ ការហាត់ប្រាណជារឿងល្អបំផុតដើម្បីរំលាយខ្លាញ់។ ប៉ុន្តែមានអ្នកខ្លះមានបញ្ហានេះ ទៅហាត់ប្រាណដែរ តែមិនស្រកគីឡូសោះ មកពីបញ្ហាទាំង ៣នេះ?
១. ហាត់ខុសបច្ចេកទេស៖ មូលហេតុមួយដែលធុញទ្រាន់បំផុតមិនឱ្យអ្នកស្រកគីឡូអ្វីសោះ ទោះបីអ្នកប្រឹងប្រែងហាត់ប្រាណរាល់ថ្ងៃក៏ដោយគឺមកពីអ្នកហាត់ប្រាណខុសបច្ចេកទេសនេះឯង។ ពេលខ្លះ អ្នកហាត់ប្រាណដើរ និងរត់ចំនួន ១០ទៅ២០នាទី ហើយឈប់ហាត់ រួមទាំងខ្លួនអ្នកលើសគីឡូ ២០គីឡូឯណោះ។ ដើម្បីរំលាយខ្លាញ់ ២០គីឡូនេះ សូមអ្នកហាត់ប្រាណនៅ Gym លើកទម្ងន់ និងបន្ថែមហាត់ប្រាណដើរ ឬរត់នោះ ទើបអ្នកស្រកគីឡូបានលឿន (ដើម្បីស្រកគីឡូនេះ អ្នកត្រូវហាត់ប្រាណយ៉ាងតិច១ម៉ោងដែរមុនដំបូង និងមានគ្រូចាំបង្ហាត់ កុំឱ្យខុសបច្ចេកទេសផងដែរ)។
២. ស្រេ្តសលើសកម្រិតពេក៖ មានពាក្យមួយគេតែងនិយាយថា ល្ងាចមិនទាន់ទេស្រ្តេសហើយ ដើម្បីបាត់ស្រ្តេស តស់! យើងទៅហូបអីរាងផ្អែមៗ...។ ពេលអ្នកស្រ្តេសលើសកម្រិត នាំឱ្យអារម្មណ៍អ្នកឃ្លានខុសពីធម្មតាជាពិសេសពេលល្ងាចតែម្តង។ ហើយបើអ្នកគិតថា ទៅហាត់ប្រាណជាបន្ទុកបន្ថែមពីលើការបំពេញការងារប្រចាំថ្ងៃនោះ ប្រាកដណាស់អ្នកនឹងមិនអាចសម្រកគីឡូបានទេដោយសារតែអ្នកមិនអាចផ្លាស់ប្តូររបរអាហារ និងខ្លួនឯងបានទេ។ មានគុណវិបត្តិមួយទៀតបន្តកន្ទុយដល់យប់គឺអ្នកគេងមិនសូវលក់ទេ។ ពេលអ្នកគេងមិនបានគ្រប់គ្រាន់អាចនាំឱ្យអ្នកហូបអាហារកាន់តែច្រើន ជាពិសេសអាហារមានកម្រិតជាតិស្ករនិងខ្លាញ់ខ្ពស់។
៣. ហូបអាហារមិនទៀងពេល៖ អ្នកមួយចំនួនធំប្រាកដជាញុំាមិនទៀតទេ ដោយសាររវល់ការងារ និងមុខរបរជាដើម។ តាមអ្នកឧកញ្ញា គួច ម៉េងលី បានបញ្ជាក់ថា មូលហេតុអ្នកមិនអាចសម្រកគីឡូបានលឿន មកពីញ៉ាំអាហារមិនទៀងពេល។ អាចមកពីពួកគាត់ភ្លេចរវល់ការងារច្រើន ពេលខ្លះម៉ោង២ ឬម៉ោង៣ បានគាត់ញ៉ាំបាយ ឬញ៉ាំអាហារម៉ោង ១០យប់នេះ។ ការញ៉ាំមិនបែបនេះ ធ្វើឱ្យគាត់មិនអាចសម្រកគីឡូនេះឯង។ ហើយធ្វើឱ្យប្រព័ន្ធកិនចំណីអាហារមានបញ្ហាពេលក្រោយឬឈឺក្រពះ។” ការញ៉ាំអាហារមិនទៀងពេលបែបនេះ ធ្វើឱ្យសល់អាហារ នាំគាត់ឡើងគីឡូ និងបង្កជំងឺថ្ងៃក្រោយទៀត។ ហើយទម្លាប់ហូបនំណីតិចៗ ក៏ធ្វើឱ្យអ្នកកើនជាតិខ្លាញ់ដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព
