មានមនុស្សជាច្រើនមានជំងឺមហារីកបំពង់ច្រមុះ មិនមានរោគសញ្ញាអ្វីទាំងអស់ រហូតដល់មហារីកឈានដល់កម្រិតដំណាក់កាលធ្ងន់ធ្ងរទើបដឹងខ្លួន។ តាមមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា បើអ្នកមានរោគសញ្ញាដូចខាងក្រោមនេះរយៈពេល៣សប្ដាហ៍សូមកុំទុកយូរប្រញាប់មកជួបពេទ្យឯកទេសជាបន្ទាន់។ ចំពោះជំងឺមហារីកច្រមុះNasopharyngeal Cancer ជាជំងឺមហារីកដែលកើតឡើងនៅផ្នែកខាងក្រោយច្រមុះ និងខាងលើបំពងក ដែលពាក្យបច្ចេកទេសឲ្យតំបន់នេះថា “Nasopharynx”។
ក) រោគសញ្ញា៖នៅដំណាក់កាលដំបូង ជំងឺមហារីកច្រមុះ ពុំស្ដែងនូវសញ្ញាអ្វីដែលគួរឲ្យកត់សំគាល់ទេ។ រោគសញ្ញាមួយចំនួនដែលតម្រូវឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ មានដូច៖
១. មានឡើងកូនកណ្តុលនៅក
២. ឈាមច្រមុះ
៣. តឹងច្រមុះភាគច្រើនមួយចំហៀង
៤. សណ្តាប់មានការធ្លាក់ចុះនៅត្រចៀកម្ខាង
៥. ហឹងត្រចៀក
៦. ឈឺក្បាល
ខ) មូលហេតុបង្ក៖ មូលហេតុបង្កឲ្យកើតជំងឺមហារីកច្រមុះ នៅមិនទាន់ដឹងពិតប្រាកដ ប៉ុន្តែមានកត្តាមួយចំនួនដែលជំរុញឲ្យកើតមានជំងឺនេះ៖ ការបរិភោគអាហារដែលសម្បូរជាតិ Nitrosamine : អាហារដែលមានកម្រិតអំបិលខ្ពស់ ប្រលាក់ហាលឲ្យស្ងួតរួចអាំង (សាច់ ឬត្រី)។ អ្នកប្រកបរបរដែលទាក់ទងជាមួយឈើ-ជាងឈើ។ ប្រវត្តិក្រុមគ្រួសារដែលកើតជំងឺនេះ(Nasopharyngeal Cancer)។
មិនមានវិធានការសម្រាប់ការពារមិនឲ្យកើតជំងឺមហារីកច្រមុះទេ ប៉ុន្តែយើងអាចកាត់បន្ថយដោយកត្តាមួយចំនួន ដែលជំរុញឲ្យកើតជំងឺនេះ ដូចដែលបានរៀបរាប់ខាងលើ។ ដូចនេះក្នុងនាមជាគ្រួពេទ្យជំនាញ អំពាវនាវដល់បងប្អូនទាំងអស់ ដែលមានប្រវត្តិឈាមច្រមុះ ឬតឹងច្រមុះជាប្រចាំ សូមអញ្ជើញមកទទួលការពិគ្រោះ ពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញត្រចៀក ច្រមុះ បំពង់ក និងជម្ងឺមហារីកនៅមន្ទីរពេទ្យកាល់ម៉ែត៕
