បច្ចុប្បន្នជម្ងឺលើសសម្ពាធឈាមត្រូវបានគេចាត់ទុកថា ជាប្រភេទជម្ងឺមួយដ៏គ្រោះថ្នាក់ ហើយក៏មានប្រជាជនយើងខ្មែរមិនតិចទេដែលកំពុងប្រឈម និងបានកើតជម្ងឺមួយនេះ ។ សម្រាប់អ្នកជម្ងឺលើសសម្ពាធឈាម ការគ្រប់គ្រងសម្ពាធឈាមគឺជារឿងដ៏សំខាន់បំផុត ហើយក្រៅពីការញ៉ាំថ្នាំដើម្បីគ្រប់គ្រង់សម្ពាធឈាម ទម្លាប់នៃការរស់នៅក៏បានជួយឲ្យការគ្រប់គ្រងសម្ពាធឈាមមានប្រសិទ្ធភាពផងដែរ ។ ថ្ងៃនេះHealthy Cambodia នឹងដកស្រង់ ទម្លាប់ទាំង១០ដែលអាចជួយឲ្យលោកអ្នកអាចគ្រប់គ្រងសម្ពាធឈាម បានយ៉ាងល្អចេញពីគេហទំព័រ www.mayoclinic.org ។
១. ត្រូវសម្រកទង្ងន់៖ នៅពេលដែលលោកអ្នកលើសទម្ងន់ វានាំឲ្យកម្រិតសម្ពាធឈាមខ្ពស់ទៅតាមនោះដែរ ។ ការសម្រកទម្ងន់សម្រាប់អ្នកជម្ងឺលើសសម្ពាធឈាមគឺជារឿងដ៏ចាំបាច់គួរយកចិត្តទុកដាក់ ។
២. ធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់៖ ការធ្វើលំហាត់ប្រាណតាមរយៈការហែទឹក ជិះកង់ ការដើរ និងរត់ -ល- ពិតជាអាចជួយឲ្យសម្ពាធចុះបាន ។ លោកអ្នកគួរហាត់ប្រាណ ជាប្រចាំ រយៈពេល ៣០នាទីក្នុងមួយថ្ងៃ ហើយហាត់ចំនួន៥ថ្ងៃក្នុងមួយសប្ដាហ៍ ។
៣. ញ៉ាំអាហារសុខភាព៖ របបអាហារគឺជារឿងដ៏សំខាន់សម្រាប់សុខភាព ជាពិសេសអ្នកជម្ងឺលើសសម្ពាធឈាមតែម្ដង ។ លោកអ្នកគួរផ្ដាស់ប្ដូរទម្លាប់មកញ៉ាំបន្លែ ផ្លែឈើ អាហារសរសៃ អាហារមានជាតិខ្លាញ់តិច និងសម្បូរជាតិប្រូតេអ៊ីនដូចជាត្រីជាដើម ។
៤. កុំទម្លាប់ញ៉ាំប្រៃ៖ អំបិលធ្វើឲ្យលោកអ្នកឡើងសម្ពាធឈាម និងអាចប៉ះពាល់ដល់សុខភាពបេះដូងទៀតផង។ សម្រាប់អ្នកជម្ងឺលើសសម្ពាធឈាម ការតបប្រៃគឺជារឿងដ៏ចាំបាច់បំផុត ។ សូមមានការប្រុងប្រយ័ត្ន សម្រាប់ការទិញទំនិញផ្សេងៗ ត្រូវអានព័ត៌មានលំអិតស្ដីពីធាតុផ្សំឲ្យបានច្បាស់ជាពិសេសកម្រិតជាតិអំបិល ។
៥. កាត់បន្ថយការញ៉ាំស្រា៖ ការញ៉ាំស្រាច្រើនលើសកម្រិតពិតជាមិនល្អនោះសម្រាប់សុខភាព ជាពិសេសសុខភាពបេះដូង សរសៃឈាម ក៏ដូចជារាងកាយទាំងមូល ។
៦. កុំជក់បារី៖ ការជក់បារីអាចធ្វើឲ្យសម្ពាធឈាមឡើងភ្លាមៗ។ ការមិនជក់បារី មិនត្រឹមតែជួយឲ្យសម្ពាធឈាមចុះទាបទេតែថែមទាំងជួយឲ្យលោកអ្នកមានសុខភាពល្អផងដែរ។
៧. កាត់បន្ថយការញ៉ាំកាហ្វេ៖ ការញ៉ាំកាហ្វេ នាំឲ្យសម្ពាធឈាមឡើងខ្ពស់ ។ ក្នុងករណីនេះ លោកអ្នកគួរញ៉ាំក្នុងបរិមាណតិចបានហើយ ។
៨. កាត់បន្ថយអារម្មណ៍ស្រ្តេស៖ ស្រ្តេសអាចធ្វើឲ្យលោកអ្នកឡើងសម្ពាធឈាមបាន និងអាចធ្វើឲ្យលោកអ្នកមានបញ្ហាដំណេកផងដែរ ។ ប្រសិនបើវាជា ស្រ្តេសដែលរ៉ាំរ៉ៃ លោកអ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យជំនាញដើម្បីដោះស្រាយវា ។
៩. ត្រួតពិនិត្យសម្ពាធឈាមជាប្រចាំ៖ លោកអ្នកគួរតាមដានពិនិត្យសម្ពាធជាប្រចាំដោយខ្លួនឯង និងប្រឹក្សាជាមួយគ្រូពេទ្យជាប្រចាំ៕
អត្ថបទដោយវេជ្ជបណ្ឌិត៖ ហួ ភារ៉ា