ការមានផ្ទៃពោះរបស់នាង Katrina Weynberhg បានក្លាយជាសុបិនអាក្រក់ នៅពេលដែលកូនភ្លោះរបស់នាង ត្រូវបានពិនិត្យឃើញថា ទងសុកតែមួយ។ ទន្ទឹមនឹងនោះ នាងបានជួបហានិភ័យ ដែលធ្វើឱ្យនាងត្រូវសម្រាលដោយការវះកាត់ នៅសប្ដាហ៍ទី៣៣នៃការពរពោះ ហើយចាប់តាំងពីសម្រាលកូនរួចមក នាងក៏មានវិបត្តិផ្លូវចិត្តតែម្ដង។
នៅក្នុងបទសម្ភាស៍ជាមួយ The Guardian នាង Katrina បានទម្លាយមកថា នាងបានពរពោះកូនដំបូងបង្អស់ក្នុងអំឡុងឆ្នាំ២០២១ ហើយនាងពិតជាសប្បាយចិត្តនៅពេលដឹងថា នាងកំពុងមានកូនភ្លោះប្រុសចំនួនពីរនាក់។ តែក៏ស្លុតចិត្ត នៅពេលដឹងថាកូនទាំងពីរជាប់ទងសុខតែមួយ។ លុះពេលពរពោះសប្ដាហ៍ទី៣៣ កូនរបស់នាងម្នាក់បានមានបញ្ហាលំហូរឈាម ទើបនាងត្រូវធ្វើការសម្រាលដោយការវះកាត់ភ្លាមៗ។ ក្រោយកូនទាំងពីរសម្រាលរួច កូនរបស់នាងម្នាក់ទទួលបានជំនួញផ្លូវដង្ហើម ហើយនាងមិនអាចប៉ះពាល់កូនៗទេ ពោលគឺត្រូវស្នាក់នៅក្នុងបន្ទប់ដាច់ដោយឡែកពីគ្នា។
នាង Katrina ដែលមកពីរដ្ឋ New South Wales បានបន្ដទៀតថា ក្នុងអំឡុងពេលកូវីដកំពុងរាតត្បាត នាងត្រូវតម្រង់ជួររង់ចាំធ្វើតេស្តរាល់ម៉ោង៤ទាបភ្លឺ ដើម្បីចូលទៅមើលកូនៗរយៈពេលខ្លី ក្នុងអង្គភាពថែទាំទារក។ ការស្នាក់នៅបែកគ្នាគិតចាប់តាំងពីថ្ងៃកូនៗកើតមក បូករួមទាំងក្ដីបារម្ភពីកូនៗ បានធ្វើឱ្យនាងជួបវិបត្តិផ្លូវចិត្ត ដោយសម្គាល់តាមរយៈការគេងមិនលក់ និយាយលឿន ភ័ន្ដច្រឡំ និងថប់បារម្ភ។ ហេតុនេះ នាងក៏ទទួលបានការព្យាបាលនៅមន្ទីរពេទ្យ និងជាសះស្បើយវិញ ក្រោយរយៈពេល៣៣ថ្ងៃ។ យ៉ាងណាមិញ បច្ចុប្បន្ននេះ កូនៗរបស់នាង Katrina បានធំលូតលាស់យ៉ាងល្អ។
គួរបញ្ជាក់ផងដែរថា នៅក្នុងរដ្ឋ New South Wales របស់ប្រទេសអូស្ត្រាលី មានបញ្ហាកង្វះគ្រែសម្រាប់ឱ្យម្ដាយនិងទារកស្នាក់នៅរួមគ្នា ស្របពេលម្ដាយទទួលបានការព្យាបាលវិបត្តិផ្លូវចិត្ត បន្ទាប់ពីសម្រាល។ បច្ចុប្បន្ននេះ មានតែរដ្ឋ Victoria ប៉ុណ្ណោះដែលបំពេញតាមស្តង់ដារនៃការមានគ្រែគ្រប់គ្រាន់។ ជុំវិញករណីនេះដែរ បានបង្ហាញឱ្យឃើញថា គ្រែសុខភាពសម្រាប់ម្ដាយដែលមានវិបត្តិផ្លូវចិត្តពិតជាសំខាន់។ ក្នុងករណីបញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យផ្សេង ជួនកាលអាចធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ឆេវឆាវ ឬឈានដល់បញ្ចេញហិង្សាជាដើម។ ចំណែកកូនៗដែលទើបសម្រាលរួច ក៏មិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្បែរម្ដាយឡើយ៕ អត្ថបទដោយ៖ មាស ចាន់ដារ៉ា