នៅពេលដែលអ្នកនៅក្មេង ច្បាស់ណាស់ម្នាក់ៗបន់ឱ្យឆាប់ធំ នឹងអាលបានចេញធ្វើការរកចំណូល ដើរផ្លូវជីវិតដោយខ្លួនឯង។ ប៉ុន្តែ...នៅពេលដែលឈានចូលវ័យបញ្ចប់ថ្នាក់បាក់ឌុប ពោលចូលវ័យចាប់ពី២០ឆ្នាំឡើង ទើបដឹងថាជីវិតពិតមិនបានសប្បាយគ្រប់ពេលដូចការរំពឹងទុកឡើយ។ ជីវិតដែលឆ្ងាយគ្រួសារ រៀនរស់ម្នាក់ឯង ត្រូវប្រឈមមុខនឹងការសិក្សា សង្គមដែលមានគ្រប់រសជាតិមិនដែលស្គាល់ពីមុន សម្ពាធពីការងារ សម្ពាធសេដ្ឋកិច្ច រ៉ាប់រងការចំណាយគ្រប់យ៉ាង នៅត្រូវផ្គត់ផ្គង់ទៅគ្រួសារទៀត។
រឿងរ៉ាវចាក់ស្រែះទាំងនេះ បានធ្វើឱ្យមនុស្សជាច្រើន ជួបបញ្ហាពិបាកចិត្ត យូរៗក្លាយជាជំងឺបាក់ទឹកចិត្តដោយមិនដឹងខ្លួន។ ជីវិតគឺបែបនេះឯង បើអ្នកបណ្ដោយចិត្តឱ្យលង់កាន់តែជ្រៅ អ្នកនឹងក្លាយជាអ្នកជំងឺបាក់ទឹកចិត្ត ឬមានបញ្ហាផ្លូវចិត្តយ៉ាងពិតប្រាដក។ ប្រសិនបើអ្នកសង្កេតឃើញថា ខ្លួនឯងកំពុងឈានចូលជំងឺបាក់ទឹកចិត្តហើយ សាកវិធីខាងក្រោមនេះ ហើយនាំខ្លួនឯងចេញពីរណ្ដៅនៃជំងឺខ្មៅងងឹតនេះឱ្យបានណា។
បន្ធូរអារម្មណ៍ ដោយការនិយាយពីរឿងរ៉ាវលំបាកដែលអ្នកជួប ទៅកាន់មនុស្សណាម្នាក់ដែលអ្នកគិតថាអាចទុកចិត្តបាន។ បើអ្នកមិនអាចចែករំលែកទៅឳពុកម្ដាយបាន អាចប្រាប់ទៅបងប្អូន មិត្តភ័ក្ត្រ ឬមនុស្សជាទីស្រឡាញ់។ ខ្ញុំយល់អារម្មណ៍ ពេលខ្លះបញ្ហានេះវាពិតជាពិបាកនឹងនិយាយជាឳពុកម្ដាយ ពួកគាត់មិនសូវយល់ពីអ្វីដែលក្មេងៗគិត អាចជាធ្វើឱ្យគាត់ពិបាកចិត្តដែរ ឬបន្ថែមទម្ងន់សម្ពាធលើសដើមមកយើងវិញ។ ការនិយាយរឿងខ្លួនឯងប្រាប់អ្នកដទៃ ពេលខ្លះវាមិនល្អទាំងអស់ តែវាក៏មិនអាក្រក់ទាំងអស់ដែរ បើនិយាយហើយធូរ និយាយចុះ ពេលខ្លះ ពាក្យលួងលោមតែមួយម៉ាត់ពីអ្នកដទៃ អាចធ្វើឱ្យយើងធូរស្រាលបាន។
តាមការចែករំលែករបស់គេហទំព័រ សុខភាពផ្លូវចិត្ត mentalhealth បានឱ្យដឹងថា សម្រាប់អ្នកមានជំងឺបាក់ទឹកចិត្ត អាចផ្សារភ្ជាប់ខ្លួនជាមួយធម្មជាតិ។ ធម្មជាតិជាផ្នែកមួយដែលអាចជួយសុខភាពផ្លូវចិត្តរបស់អ្នកធូរស្រាលបាន។ តាមបទពិសោធន៍ផ្ទាល់ មិត្តរួមការងារនៅកន្លែងដែលខ្ញុំធ្វើការចាស់ គាត់ជាមនុស្សម្នាក់ដែលឆ្លងកាត់សម្ពាធផ្លូវចិត្ត ដោយសារបញ្ហាគ្រួសារ។គាត់បានជ្រើសរើសយកការបណ្ដុះកូនប្រទាល និងដើមរុក្ខជាតិជាច្រើន ជាការបន្ធូរអារម្មណ៍។ ពេលដែលខ្ញុំត្រូវឈប់ពីកន្លែងនោះ គាត់បានជូនរុក្ខជាតិដាក់ថូរស្អាតមួយមកខ្ញុំ ហើយគាត់និយាយថា “មួយដើមនេះបងស្រឡាញ់ណាស់ ព្រោះបងបានព្យាយាមដាំវា ទាំងវាមានពន្លកតូចមួយ លូតលាស់យឺតជាងគេ មានស្លឹកតែ១ប៉ុណ្ណោះ។ នៅពេលដែលវាលូតលាស់បាន វាបានបែកមែកស្អាតជាងដើមដទៃទៀត បងសប្បាយចិត្តណាស់ វាដូចជាជីវិតមនុស្សអ៊ីចឹងដែរ បងជូនទៅប្អូនសង្ឃឹមថាប្អូននឹងរឹងមាំបានដូចរុក្ខជាតិនេះអ៊ីចឹង”។
ក្រៅពីនោះ អ្នកអាចរំសាយអារម្មណ៍ដោយការ ញ៉ាំអាហារឆ្ងាញ់ៗ ធ្វើខ្លួនឱ្យសកម្មទោះជារាងកាយមិនចង់ធ្វើអ្វីទាំងអស់ ក៏ត្រូវបង្ខំឱ្យខ្លួនឯងឱ្យរវល់ ព្រោះពេលយើងទំនេរ ខួរក្បាលនឹងនាំយើងគិតតែរឿងអវិជ្ជមាន ដែលហេតុធ្វើឱ្យសភាពផ្លូវចិត្តកាន់តែដុនដាប។ កុំព្យាយាមឃុំខ្លួនឯងក្នុងបន្ទប់ ចៀសវាងការជក់បារី ឬផឹកស្រាដែលជាការយល់ខុសថានឹងជួយបំបាត់ទុក្ខផ្ទុយទៅវិញនឹងធ្វើឱ្យអ្នកកាន់តែធ្លាក់ក្នុងស្ថានភាពកាន់តែអាក្រក់ និងប៉ះពាល់សុខភាពផ្លូវកាយថែមទៀត។ រៀនទទួលយក គ្រប់រឿងរ៉ាវដែលចូលមក ហើយប្រាប់ខ្លួនឯងនូវរឿងវិជ្ជមានឱ្យច្រើន។
សូមចាំថា កុំដេកដួលទាំងខ្លួនឯងមានជីវិតរស់ ព្រោះមានតែមនុស្សដែលស្លាប់ប៉ុណ្ណោះដែលមិនអាចងើបវិញបាន ហើយការស្លាប់មិនបានជួយអ្វីឱ្យប្រសើរដែល មានតែបន្សល់ការលំបាក ភាពឈឺចាប់បន្តឱ្យមនុស្សជំនាន់ក្រោយរបស់យើងប៉ុណ្ណោះ។ សង្ឃឹមថា អត្ថបទមួយនេះនឹងជួយឱ្យផ្លូវចិត្តរបស់ប្រិយមិត្ត រឹងមាំឡើងវិញបានណា៕
អត្ថបទដោយ៖ Senghong

