ស្បូនជាសរីរាង្គដ៏សំខាន់បំផុតក្នុងរាងកាយរបស់មនុស្សស្រីគ្រប់រូប ស្បូនងាយប្រឈមជំងឺកាចសាហាវជាច្រើនដូចជាជំងឺមហារីក ស្រុតស្បូន និងដុំគីសជាដើម។ ដូច្នេះស្រ្តីគ្រប់រូបត្រូវយកចិត្តទុកដាក់បំផុតទៅលើរបបអាហារប្រចាំថ្ងៃ។ ជាពិសេសទៅទៀតនោះប្រសិនជាអ្នកចង់ឱ្យស្បូនមានសុខភាពល្អ និងមិនប្រឈមមុខជាមួយជំងឺផ្សេងៗអ្នកត្រូវតែបង្កើតទម្លាប់ញ៉ាំអាហារ និងញ៉ាំភេសជ្ជៈ ជំនួយប៉ូវស្បូនឱ្យបានរាល់ថ្ងៃ។
ជាការពិតណាស់ បើតាមការឱ្យដឹងពីគេហទំព័រ fertilityinstitute បានបញ្ជាក់ថា ស្បូនរបស់ស្រ្តីងាយប្រឈមមុខជាមួយជំងឺបំផុតប្រសិនជាស្រ្តីមានទម្លាប់ញ៉ាំអាហារមិនបានត្រឹមត្រូវដូចជា ស្រ្តីចូលចិត្តញ៉ាំអាហារកែច្នៃ អាហារកំប៉ុង អាហារលើសជាតិខ្លាញ់ ឬចូលចិត្តផឹកភេសជ្ជៈលើសជាតិស្ករជាដើម សុទ្ធតែជាកត្តាបង្កឱ្យស្បូនមានបញ្ហានៅថ្ងៃក្រោយ ជាពិសេសគឺប្រឈមមុខខ្ពស់ជាមួយជំងឺស្រុតស្បូន និងមហារីកស្បូន។
បន្ថែមពីលើនេះទៀត ដើម្បីថែរក្សាស្បូនអ្នកឱ្យមានសុខភាពល្អ រឹងមាំ គ្មានជំងឺ អ្នកត្រូវផ្លាស់ប្តូរទម្លាប់អាក្រក់ និងងាកមកយកចិត្តទុកដាក់ញ៉ាំអាហារនិងភេសជ្ជៈជំនួយស្បូនដូចខាងក្រោមឱ្យបានរាល់ថ្ងៃ។
១. អាហារជំនួយនិងប៉ូវស្បូន
· អាហារជាតិសរសៃ៖ ក្រុមអាហារសម្បូរជាតិសរសៃដូចជាបន្លែបៃតង ផ្លែឈើជាច្រើនមុខ រួមទាំងផ្លែប៊ឺរផងនោះ ត្រូវបានគេរកឃើញថាវាមានសារធាតុចិញ្ចឹមខ្ពស់ផ្តល់ទៅដល់ស្បូន ជួយចិញ្ចឹម និងថែរក្សាស្បូនឱ្យមានសុខភាពល្អ រឹងមាំ មិនងាយមានជំងឺផ្សេងៗ។
· អាហារសម្បូរជាតិដែក៖ ក្រុមអាហារសម្បូរជាតិដែកដូចជា ស្ពៃខ្មៅ ខាត់ណាខៀវ សណ្តែក គ្រាប់ធញ្ញជាតិជាដើមគឺជាអាហារដែលមានតួនាទីពង្រឹងមុខងាររបស់ស្បូនឱ្យកាន់តែល្អ និងធ្វើឱ្យស្បូនមានសុខភាពល្អផងដែរ។ ជាក់ស្តែងដូចជានៅពេលស្រ្តីមានផ្ទៃពោះគ្រូពេទ្យតែងតែណែនាំឱ្យញ៉ាំថ្នាំ ឬអាហារជាតិដែកឱ្យបានគ្រប់គ្រាន់ពីព្រោះដើម្បីការពារស្បូនឱ្យមានសុខភាពល្អ។ កាលណាស្បូនរបស់ម្តាយមានសុខភាពល្អ កូននៅក្នុងផ្ទៃក៏សុខភាពល្អទៅតាមនោះដែរ។
· អាហារសម្បូរអាស៊ីតខ្លាញ់ល្អ៖ មានដូចជាត្រីសាល់ម៉ុន ត្រីសាឌីន ត្រីរ៉ស់ ត្រឡាច និងគ្រាប់ធញ្ញជាតិ ជាអាហារដែលផ្ទុកទៅដោយអាស៊ីតខ្លាញ់ល្អ ឬអូមេហ្គា៣ ដែលវាមានតួនាទីជួយការលូតលាស់របស់ស្បូន ពង្រឹងប្រព័ន្ធភាពស៊ាំឱ្យស្បូនមានសុខភាពល្អ រឹងមាំ និងជារបាំងការពារជំងឺផ្សេងៗផងដែរ។
· អាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម៖ មាននៅក្នុងផ្លែឈើ និងបន្លែចម្រុះពណ៌ ផ្លែក្រូច ផ្លែប៊ឺរី សូកូឡាខ្មៅ និងស្ពៃ វាមានតួនាទីប្រឆាំងនូវរាល់មេរោគ និងបាក់តេរីទាំងឡាយដែលបម្រុងជ្រៀតចូលមកក្នុងស្បូនបានយ៉ាងល្អ។
២. ភេសជ្ជ:ជំនួយនិងប៉ូវស្បូន
· ទឹកក្តៅ៖ ស្រ្តីគួរបង្កើតទម្លាប់ផឹកទឹកក្តៅឧណ្ហៗនៅពេលព្រឹកប្រសើរជាងផឹកទឹកត្រជាក់ ពីព្រោះការផឹកទឹកក្តៅគឺជួយឱ្យស្បូនរបស់អ្នកមានសុខល្អ គ្មានមេរោគឬបាក់តេរីឡើយ។
· តែបៃតង៖ មានផ្ទុកទៅដោយវីតាមីនD ដែលមាននាទីជួយការពារស្បូនពីដុំសាច់ ឬដុំគីសបានយ៉ាងល្អ។
· ទឹកផ្លែឈើ៖ ទឹកផ្លែឈើស្រស់កិនឬក្រឡុក(មិនដាក់ស្ករ) គឺមានសារសំខាន់ណាស់ក្នុងការរួមចំណែកជួយឱ្យស្បូនសុនភាពល្អ រឹងមាំ។
· ទឹកដោះគោសម្បូរជាតិកាល់ស្យូមនិងវីតាមីនD ៖ ស្រ្តីគួរជ្រើសរើសឬទិញផលិតផលទឹកដោះគោដែលសម្បូរជាតិវីតាមីនD កាល់ស្យូម និងមានកម្រិតជាតិស្ករទាប មកញ៉ាំជាប្រចាំថ្ងៃដើម្បីជំនួយទៅដល់ស្បូនឱ្យរឹងមាំ រដូវមកទៀងទាត់ ការពារការស្រុត និងការពារដុំគីសផងដែរ។
ក្រៅពីរបបអាហារនិងភេសជ្ជៈ ស្រ្តីគួរបន្ថែមនូវទម្លាប់ហាត់ប្រាណមួយទៀត ពីព្រោះការហាត់ប្រាណបានជួយធ្វើឱ្យសាច់ដុំអាងត្រគាករបស់ស្រ្តីរឹងមាំ មិនធ្លាក់ ហើយក៏ជួយទ្រស្បូនកុំឱ្យស្រុតឬធ្លាក់ផងដែរ។ ចង់ដឹងពីលំហាត់ប្រាណការពារស្បូនអាចចូលទៅកាន់លីងនេះបាន។
អត្ថបទដោយ៖ មឿន គន្ធា
ខ្វះគំនិតរកស៊ី ចង់បានសៀវភៅចែកជូនហ្វ្រី ចង់ជួបវាគ្មិនដែលជាសហគ្រិនល្បីៗ សូមកុំភ្លេចមកចូលរួមពិព័រណ៍ Startup Expo 2022
សូមចូលក្នុងគ្រុបនេះ៖ https://t.me/startupexpo2022 ដើម្បីទទួលព័ត៌មានបន្ថែម!