មានរឿងមួយពីបុរាណកាលមួយ បាននិទានថា កូនសិស្សម្នាក់បានចូលទៅបា្រប់ដំណឹងអាក្រក់មួយដល់លោក សូក្រាត ថា មានមិត្តម្នាក់បាននិយាយដើមរបស់លោកគ្រូ។ កូនសិស្សចង់និយាយបន្ត សម្រាប់តែលោកសូក្រាត បាននិយាយកាត់ថា ឈប់សិន! តើរឿងដែលឯងចង់និយាយឱ្យខ្ញុំស្តាប់ហ្នឹង វាមានប្រយោជន៍ទាំង ៣នេះដែរទេ?
ហើយលោកសូក្រាតបានសួរថា តើរឿងដែលឯងចង់និយាយប្រាប់យើង វាជារឿងពិតដែរទេ?
កូនសិស្សបានឆ្លើយតបថា វាមិនពិតទេ! ខ្ញុំឮតាមគេដែរហ្នឹងលោកគ្រូ។
សម្រាប់រឿងទី២ លោកសូក្រាត បានសួរថា តើរឿងនេះមានភាពត្រឹមត្រូវដែរទេ?ដែលឯងចង់និយាយប្រាប់យើង
កូនសិស្សបានឆ្លើយតបថា អត់ទេ! តាមពិតទៅ! វាជារឿងមិនល្អ គ្មានភាពត្រឹមត្រូវនោះទេលោកគ្រូ
ហើយលោកសូក្រាតបានបន្តសំណួរចុងក្រោយថា តើរឿងនេះ វាចាំបាច់ខ្លាំងដែរទេសម្រាប់ខ្ញុំ?
កូនសិស្សបានឆ្លើយតបអស់ពីពោះថា វាមិនមែនជារឿងចាំបាច់ទេលោកគ្រូ។
បន្ទាប់មកទៀត បិតាទស្សនវិជ្ជលោកសូក្រាត បានសរុបន័យសេចក្តីថា បើឯងចង់ប្រាប់ខ្ញុំអំពីរឿងអ្វីមួយ បើវាមិនពិត បើវាមិនត្រឹមត្រូវ ហើយបើវាមិនចាំបាច់ទេ ឯងគួរតែបំភ្លេចរឿងនេះចោលទៅ។
នៅក្នុងជីវិតរបស់យើងដូចគ្នាដែរ បើវាមិនពិត បើវាមិនត្រឹមត្រូវ ហើយបើវាមិនចាំបាច់ទេ កុំយកខួរក្បាលទៅគិតច្រើនលើរឿងទាំងអស់នោះធ្វើអី នាំតែធ្វើបាបផ្លូវចិត្ត ក្តៅក្រហាយរស់នៅគ្មានក្តីសុខនោះទេ។ ពេលខ្លះគេរិះគន់អ្នក គ្រាន់តែបង្ហើរសម្តីចោលសោះ អ្នកយកសម្តីគេមកគិតនាំឱ្យដេកមិនលក់ពេញមួយយប់ ប៉ះពាល់ដល់សុខភាពថែមទៀត។ រួមទាំងសម្តីទាំងអស់ហ្នឹង វាគ្មានការពិត ហើយមិនចាំបាច់អ្វីទាល់តែសោះ។ ប៉ុន្តែបើគេនិយាយមកមានគោលបំណងចង់កែលម្អអ្នក អ្នកគិតផងថា វាជាការពិត វាជារឿងត្រឹមត្រូវ ហើយវាជារឿងចាំបាច់ទៀតនោះ ចាំអ្នកកែប្រែតាមគេ។ ហើយអរគុណគេផង។
ទោះបីយើងស្តាប់គេក៏ដោយ ឬមួយយើងនិយាយរឿងអ្វីមួយក៏ដោយ យើងត្រូវតែប្រកាន់ខ្ជាប់តាមគោលការណ៍របស់ព្រះពុទ្ធបានសម្តែងថា មុននឹងនិយាយ អ្នកត្រូវគិតចំណុច ៣នេះ ថា ការពិត មានប្រយោជន៍ ត្រូវកាល។
អត្ថបទដោយ៖ ទ្រ សុភាព