នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសបើកសម្ពោធអគារថ្មីនេះដែរ សម្តេចក៏បានមានប្រសាសន៍ថា វិស័យសុខាភិបាលជាវិស័យមួយដ៏សំខាន់សម្រាប់ប្រជាជនគ្រប់ប្រទេសទាំងអស់ វិស័យសុខាភិបាលជាវិស័យជួយជីវិតមនុស្ស។ ឆ្លៀតឱកាសនេះ សម្តេចបានអរគុណដល់វិស័យសុខាភិបាល និងពេទ្យរបស់មិត្ដជប៉ុនដែលជួយធ្វើគ្រាប់ភ្នែករបស់សម្តេចភ្លឺច្បាស់ តាំងពីឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០២៣នេះ រយៈពេល ៣៣ ឆ្នាំហើយអត់ដែលមានបញ្ហាអ្វីឡើយ ដោយសារដាក់គ្រាប់ភ្នែកសិប្បនិមិត្មរបស់ជប៉ុន។ ដូច្នេះហើយ សម្តេចចង់មិត្ដជប៉ុនជួយមករៀបចំឲ្យមានកន្លែងផលិតគ្រាប់ភ្នែកសិប្បនិមិត្មនៅកម្ពុជា។
ក្នុងន័យនេះដែរ សម្តេចចង់អភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែទំនើប។ សម្តេចបានមានប្រសាសន៍បន្តថា ដើម្បីវិស័យសុខាភិបាលកម្ពុជាទំនើបបាន ក្រុមគ្រូពេទ្យត្រូវមាន២ចំណុចសំខាន់ ទី១ គឺត្រូវមានក្រមក្រមសីលធម៌វិជ្ជាជីវៈ និងទី២ ត្រូវលើកម្ពស់សមត្ថភាព សម្រាប់ការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗដែលចំណុចនេះ ទាមទារឱ្យគ្រូពេទ្យត្រូវធ្វើការស្រាវជ្រាវ និងរៀនសូត្រ ការប្រើប្រាស់នូវបច្ចេកវិទ្យា និងឧបករណ៍ថ្មីៗ សម្រាប់ព្យាបាលសុខភាពជូនប្រជាជនឱ្យបានល្អប្រសើរ៕
អត្ថបទដោយ៖ មឿន គន្ធា