ក្នុងឱកាសពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សកាលពីព្រឹកថ្ងៃទៅ២០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា “ខ្ញុំសូមស្នើរឱ្យឯកឧត្តម ហង់ ជួនណារ៉ុន ពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងការងារ គោលដៅរបស់យើងគួរចង់បណ្ដុះបណ្ដាលជាមួយនិស្សិត សិស្សក្រីក្រ ចំនួន១លាន៥សែននាក់។ ក្នុងនោះ ខ្ញុំបានបែងចែកទៅវិជ្ជាជីវៈដូនតា ដែលមានតាំងពីតម្បាញ ចម្លាក់ គំនូរ ស្មូន...។ល។”
ជាមួយគ្នានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសឱ្យពង្រាយការបណ្តុះបណ្តាលវិជ្ជាជីវៈដូនតានេះ ដល់គ្រឹះស្ថានសិក្សានានាដែលមានកម្មវិធីបណ្តុះបណ្តាលនេះស្រាប់មិនថា គ្រឹះស្ថាននោះជារដ្ឋ ឬឯកជនឡើយ។ វិជ្ជាជីវៈដូនតានេះ ទទួលការបណ្តុះបណ្តាលដោយមិនបង់ប្រាក់ ហើយថែមទាំងមានការឧបត្តម្ភគាំទ្រ (លុយ)ពីរដ្ឋថែមទៀត។ សម្តេចតេជោ ក៏បានថ្លែងការកោតសរសើរដល់សាកលវិទ្យាល័យធនធានមនុស្ស បានបំពេញបេសកកម្មយ៉ាងល្អ ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិតទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា៕
អត្ថបទដោយ៖ Senghong