ជម្ងឺមហារីកស្បែកបានក្លាយជាក្ដីកង្វល់មួយសម្រាប់មនុស្សជាតិ ក្នុងនោះក៏មានប្រជាជនកម្ពុជាផងដែរ ។ ក្នុងឆ្នាំ២០២០នេះ គ្រាន់តែប្រជាជនអាមេរិកត្រូវបានប៉ាន់ស្មានថា មានមនុស្សចំនួនរហូតដល់ មួយសែននាក់បានកើតជម្ងឺនេះ ក្នុងនោះមនុស្សជិត៧,០០០ នាក់ត្រូវបានព្យាករណ៍ថានឹងស្លាប់ដោយជម្ងឺដ៏កាចសាហាវនេះ ។ ដើម្បីជ្រាបឲ្យកាន់តែច្បាស់ ក្រុមការងារ Healthy Cambodia នឹងធ្វើការដកស្រង់ជម្ងឺមហារីកស្បែកទាំងបីប្រភេទមកជម្រាបជូនលោកអ្នក ។
ជម្ងឺមហារីកស្បែក កើតឡើងនៅពេលដែលកោសិកាធម្មតា បានប្រែប្រួល និងលូតលាស់ខុសធម្មតាដោយមិនមានការគ្រប់គ្រងពីរាងកាយ ។ កោសិកាមហារីកច្រើនមានទម្រង់ជាដុំ ហើយវាអាចធ្វើដំណើរតាមចន្តរឈាមទៅដល់សរីរៈផ្សេងៗ ដែលគេហៅថា metastasis ។
ជម្ងឺមហារីកស្បែកត្រូវបានបែងចែកជាបីប្រភេទ៖
ទីមួយ៖ Basal cell carcinoma (BCC) គឺជម្ងឺមហារីកស្បែកដែលកើតឡើងលើស្បែកក្រៅ នៃរាងកាយ ។ វាមានលក្ខណៈស្រាល និងមិនរាលដាលទៅផ្នែកផ្សេងទៀតនៃស្បែករបស់រាងកាយទេ។
ទីពីរ៖ Squamous cell carcinoma (SCC) ៖ កើតឡើងនៅលើស្បែកនៃផ្នែកណាមួយរបស់រាងកាយ(ភាគច្រើន នៅត្រង់ ក្បាល ត្រង់ក ទ្រូង ខ្នង ត្រចៀក ដៃ ជើង និងមុខ-ល- )ហើយស្បែកត្រូវបានបំផ្លាញដោយកាំរស្មីព្រះអាទិត្យ UV rays ។ វាមានការវិវដ្ដយឺត ប៉ុន្តែអាចរាលដាលទៅ ជាលិកា ឆ្អឹង ហើយអាចពិបាកព្យាបាលប្រសិនបើកំណត់រោគវិនិច្ឆ័យឺតយ៉ាង ។
ទីបី៖ Melanoma ៖ បើមិនព្យាបាលបានទាន់ពេលទេ វាអាចរាលដាលដល់ផ្នែកផ្សេងៗនៃរាងកាយ ហើយអាចមានគ្រោះថ្នាក់ដល់ជីវិតទៀតផង ។
មូលហេតុ៖ ភាគច្រើនបណ្ដាលមកពី កាំរស្មីពន្លឺព្រះអាទិត្យ (Ultraviolet) ភាពអន់ថយនៃប្រព័ន្ធការងាររាងកាយ ការប៉ះពាល់ជាមួយចំហាយវិទ្យុសកម្មកម្រិតខ្ពស់ ការប៉ះពាល់ជាមួយសារធាតុគីមី ដូចជា Arsenic ជាដើម ។
រោគសញ្ញា៖ ស្បែកប្រែពណ៌(ក្រហម ករណីធ្ងន់ធ្ងរឡើងពណ៌ខ្មៅសុខធម្មតា ) ស្បែកឡើងដុំរឹង គ្រើម ស្ងួត រមាស់ ក្រហាយ ក្រហមជាំ ខូចទម្រង់ និងអាចធ្វើឲ្យឈឺចាប់ផងដែរ ។
ការព្យាបាល៖ សម្រាប់ជម្ងឺមហារីកស្បែកប្រភេទទីមួយ និងទីពីរ អាចត្រូវព្យាបាលតាមរយៈការវះកាត់ត្រង់ស្បែកដែលមានបញ្ហា ។ ប្រភេទទីបី អាចត្រូវវះកាត់ និងបាញ់កាំរស្មីផងដែរ ឫវិធីផ្សេងៗមួយចំនួនទៀតដោយអាស្រ័យលើទំហំនិងស្ថានភាពនៃដុំមហារីក។
ដើម្បីជៀសវាងការកើតជម្ងឺមហារីកស្បែក លោកអ្នកគួរជៀសវាងកុំឲ្យត្រូវពន្លឺថ្ងៃញឹកញាប់រយៈពេលយូរ ប្រើប្រាស់ឡេ(ផលិតផល)ការពារស្បែក មិនត្រូវប្រើប្រាស់គ្រឿងសម្អាងដែលមានសារធាតុគីមីនាំឲ្យប៉ះពាល់ស្បែក ហាមប្រើថ្នាំពេទ្យដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ-ល- ៕
អត្ថបទដោយ៖ ហួ ភារ៉ា