វត្តមានប្រេងអូលីវឈរតាំងខ្លួនលើទីផ្សារសកលលោកជ្រកក្រោមឈ្មោះជា ប្រេងរុក្ខជាតិជួយដល់សុខភាពខ្ពស់ បង្ការជំងឺរ៉ាំរ៉ៃដូចជា ជំងឺបេះដូង ជំងឺសរសៃឈាម និងទប់ស្កាត់ការឡើងទម្ងន់...ជាដើម។ ប្រេងធម្មជាតិនេះដែរ ត្រូវបានស្គាល់យ៉ាងទូលំទូលាយថា ចម្រាញ់ចេញពីផ្លែអូលីវដែលគុណភាពខ្ពស់ និងជាដំណាំប្រពៃណីរបស់ក្រុមមនុស្សរស់នៅតំបន់មេឌីទែរ៉ាណេ។
យោងតាមប្រភព medicalnewstoday.com បានបង្ហាញឱ្យឃើញថា ប្រេងអូលីវ គឺមិនត្រឹមតែប្រើអាចប្រើវាក្នុងទិសដៅជាគ្រឿងទេសម្ហូបអាហារប៉ុណ្ណោះទេ សូម្បីតែនៅក្នុងផលិតផលគ្រឿងសម្អាង ថ្នាំពេទ្យ សាប៊ូ (ដុសខ្លួន កក់សក់ លាងមុខ...) ក៏មានផងដែរ។ មិនតែប៉ុណ្ណោះ ប្រេងអូលីវក៏ធ្លាប់ត្រូវបានអ្នកនៅតំបន់មេឌីទែរ៉ាណេ ប្រើធ្វើជាប្រេងចង្កៀងថែមទៀតផង។
ផ្អែកលើការសិក្សាស្រាវជ្រាវមួយរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បង្ហាញឱ្យឃើញថា ប្រេងអូលីវ ១ស្លាបព្រា ឬចំណុះ ១៣,៥ក្រាម មានសារធាតុ ១១៩ កាឡូរី, អាស៊ីតខ្លាញ់ឆ្អែត ១,៨៦ក្រាម, វីតាមីន E ១,៩ មីលីក្រាម, វីតាមីន K ៨,១៣មីក្រូក្រាម។ ជាមួយគ្នានេះដែរ វាក៏មានផ្ទុកនូវសារធាតុកាល់ស្យូម និងប៉ូតាស្យូម ក៏ដូចជាសារធាតុ polyphenols, tocopherols, phytosterols, squalene, អាស៊ីត terpenic និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀត។
ភ្ជាប់ទៅនឹងសមាសធាតុដែលបានរៀបរាប់ខាងលើ ការសិក្សាមួយផ្សេងទៀតនាឆ្នាំ ២០១៨ បានប្រៀបធៀបសុខភាពសរសៃឈាមបេះដូងក្នុងចំណោមអ្នកដែលទទួលទានរបបអាហារនៅតំបន់មេឌីទែរ៉ាណេ ទាំងប្រេងអូលីវ គ្រាប់ធញ្ញជាតិ ឬរបបអាហារមានជាតិខ្លាញ់ទាប។ ជាលទ្ធផលសបញ្ជាក់ឱ្យដឹងថា អ្នកដែលបានទទួលទានប្រេងអូលីវ និងគ្រាប់ធញ្ញជាតិ មានអត្រាប្រឈមនឹងការកើតជំងឺសរសៃឈាមបេះដូងទាបជាងអ្នកដែលទទួលទានអាហារមានជាតិខ្លាញ់ទាប។ បើតាមអនុសាសន៍របស់រដ្ឋបាលចំណីអាហារនិងឱសថ (FDA) និងអាជ្ញាធរសុវត្ថិភាពចំណីអាហារអឺរ៉ុបក្នុងឆ្នាំ២០១៨ដដែលនេះបានឱ្យដឹងដែរ ពីការទទួលទានប្រហែល ២០ក្រាម ឬពីរស្លាបព្រាបាយនៃប្រេងអូលីវសុទ្ធ ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយហានិភ័យនៃប្រភេទជំងឺសរសៃឈាមមួយចំនួនដូចជា សរសៃឈាមបេះដូង សរសៃឈាមខួរក្បាល ...ជាដើម។
ចូលមកដល់ឆ្នាំ២០១៩ ក៏មានការសន្និដ្ឋានថ្មីបន្ថែមពី ការប្រើប្រាស់ប្រេងអូលីវក្នុងរបបអាហារប្រចាំថ្ងៃ អាចបញ្ចៀសកត្តាប្រឈមមុខទៅនឹង រោគសញ្ញាមេតាប៉ូលីក ដែលត្រូវបានសម្គាល់ថា ជាប្រភេទជំងឺធាត់ សម្ពាធឈាមខ្ពស់ និងកម្រិតជាតិស្ករក្នុងឈាមខ្ពស់។ នេះដោយសារជាតិវីតាមីន និងប្រូតេអ៊ីនមាននៅក្នុង ប្រេងអូលីវ នឹងចូលទៅជួយមេតាប៉ូលីសឱ្យមានលក្ខណៈប្រសើរឡើងវិញ ដោះស្រាយបញ្ហារលាក ជាតិស្ករក្នុងឈាម ទ្រីគ្លីសេរីដ (ខ្លាញ់ក្នុងឈាម) និង lipoprotein ដង់ស៊ីតេទាប (LDL) ឬ កូលេស្តេរ៉ុល"អាក្រក់" និង បង្កើនកម្រិតនៃ lipoprotein ដង់ស៊ីតេខ្ពស់ (HDL) ឬកូលេស្តេរ៉ុល "ល្អ" ។
ទន្ទឹមនឹងនេះដែរ ក៏មានការធ្វើតេស្តពិសោធន៍មួយបន្ថែមក្នុងឆ្នាំ២០១៩ ស្តែងឡើងថា ប្រេងអូលីវមានសារធាតុដែលអាចជួយការពារជំងឺមហារីកពោះវៀនធំ ពីព្រោះសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងប្រេងអូលីវអាចជួយការពាររាងកាយពីការរលាក ការខូចខាតអុកស៊ីតកម្ម និងការផ្លាស់ប្តូរហ្សែន។ ម្យ៉ាងទៀតសោត phenols នៅក្នុងប្រេងអូលីវអាចជួយបង្កើនភាពស៊ាំនៃពោះវៀន និងសុខភាពពោះវៀនដោយការផ្លាស់ប្តូរអតិសុខុមប្រាណនៅក្នុងពោះវៀន។
ជាអំណះអំណាងបន្ថែមចំពោះគុណសម្បត្តិនៃប្រេងអូលីវចំពោះសុខភាព ក៏មានការសិក្សាផ្សេងទៀតទៅលើសត្វកណ្តុរ បានលើកឡើងថា ការប្រើប្រេងអូលីវសុទ្ធជាប្រចាំថ្ងៃ សម្បូរទៅដោយ សារធាតុ oleocanthal អាចជួយបន្ថយ ឬបញ្ឈប់ការវិវត្តនៃជំងឺភ្លេចភ្លាំង និងជំនួយសមត្ថភាពខួរក្បាល។
ចំណែកឯការពិនិត្យឡើងវិញនាឆ្នាំ ២០១៨ លើការសិក្សាក្នុងមន្ទីរពិសោធន៍បានរកឃើញថា ម៉ូលេគុលនៅក្នុងប្រេងអូលីវសុទ្ធជួយការពារ និងជួសជុលការខូចខាតប្រព័ន្ធភាពស៊ាំថ្លើម។ ដោយ MUFAs របស់ប្រេង ភាគច្រើនជាអាស៊ីត oleic និងសមាសធាតុ phenolic មានតួនាទីការពារការរលាក ភាពតានតឹងអុកស៊ីតកម្ម ភាពធន់នឹងអាំងស៊ុយលីន និងការផ្លាស់ប្តូរផ្សេងទៀតដែលអាចបណ្តាលឱ្យខូចថ្លើម។
គូសបញ្ជាក់ឱ្យដឹងដែរថា ប្រេងអូលីវសុទ្ធ អាចនឹងពិបាកញ៉ាំបន្តិច ក៏ប៉ុន្តែជាការលើកទឹកចិត្តអ្នកគួរព្យាយាមរៀនញ៉ាំ រហូតកើតជាទម្លាប់ ដើម្បីបំប៉នសុខភាពជាប្រចាំ។ តួយ៉ាងប្រសិនបើលោកអ្នកក្រឡេកទៅមើល លោកវេជ្ជបណ្ឌិតជប៉ុន Shigeaki Hinohara ដែលមានវ័យ ១០៥ឆ្នាំធ្លាប់លើកឡើងថា ចំពោះអាហារពេលព្រឹកលោកតែងទទួលទានទឹកក្រូចមួយស្លាបព្រាជាមួយប្រេងអូលីវមួយស្លាបព្រា។ ជាងនេះទៀត តារាចម្រៀងល្បីរបស់សហរដ្ឋអាមេរិកកញ្ញា Selena Gomez ក៏បានបង្ហើបថា នាងមិនត្រឹមតែទទួលប្រេងអូលីវ១ស្លាបព្រាជាប្រចាំទេ ពេលខ្លះនាងផឹកប្រេងអូលីវ មុនពេលនាងឡើងឆាកទៀតផង ដើម្បីបន្ធូរបំពង់កមុនពេលនាងត្រូវសម្ដែង៕

