អ្វីជាជំងឺរមួលទងពងស្វាស ( Testicular torsion ) ? ការរមួលទងពងស្វាស ភាគច្រើនកើតលើបុរសដែលមានវ័យជំទង ឬទើបតែពេញវ័យ ត្រូវបានចាត់ទុកជាជំងឺបន្ទាន់ ដែលទាមទារការធ្វើរោគវិនិច្ឆ័យឆាប់រហ័ស ដើម្បីអោយការព្យាបាលមានប្រសិទ្ធិភាពខ្ពស់ ។
ក) តើអ្វីជាជំងឺរមួលទងពងស្វាស? ការរមួលទងពងស្វាសជាការរមួលនៃរចនាសម្ព័ន្ធខ្សែមេជីវិតឈ្មោល និងសរសៃឈាមរបស់ពងស្វាសដែលនាំអោយមានការកកស្ទះសរសៃឈាមទៅចិញ្ចឹម ពងស្វាស(ischemia) ។
ខ) រោគសញ្ញានៃជំងឺរមួលទងពងស្វាស
១. ការចាប់ផ្តើមឈឺ ភ្លាមៗ បន្ទាប់ពីលេងកីឡា រឺ លំហាត់ប្រាណ
២. ឈឺចុកចាប់ខ្លាំងនៅត្រង់ពងស្វាសម្ខាង
៣. ពងស្វាស មានសភាពកន្ទ្រាក់ទាញទៅលើបើប្រៀបធៀបនឹងម្ខាងទៀត
៤. ពងស្វាសហើមធំ រឹង ប្រែពណ៍ខុសធម្មតា
៥. អាចមានសញ្ញាចង្អោរ ចង់ក្អួត ក្តៅខ្លួន ជាដើម។
គ) រោគវិនិច្ឆ័យអមគ្លីនិក
- អេកូនៅតំបន់ទងពងស្វាស ដើម្បីរកមូលហេតុច្បាស់លាស់ (Testicular Ultrasound)
- អេកូសរសៃឈាមទៅចិញ្ចឹមពងស្វាស (Doppler Testicular Ultrasound)
ឃ) ការព្យាបាល៖ ការវះកាត់ ត្រូវធ្វើឡើងបន្ទាន់ ក្នុងករណី រកឃើញថាមានជំងឺរមួលទងពងស្វាស ។
ក្នុងការវះកាត់ យើងអាចវាយតម្លៃជាក់ស្តែងលើស្ថានភាពនៃពងស្វាស ៖
- រយៈពេលក្រោម ៦ម៉ោង អាចនៅមានឈាមមកចិញ្ចឹមវិញ បន្ទាប់ពីពន្លានៃការរមួល យើងអាចដេរផ្ជាប់នឹងថង់ពងស្វាស (surgery detorsion + Orchidopexy) ។ - រយៈពេលលើសពី៦ ទៅ១២ម៉ោង ក្នុងលក្ខខណ្ឌ បើក្នុងការវះកាត់ពងស្វាសមិនមានឈាមទៅចិញ្ចឹមវិញទេ យើងនឹងធ្វើការកាត់ពងស្វាសដែលខូចនោះចេញតែម្តង (Orchidectomy)៕ ពីមន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital
