មនុស្សភាគច្រើនឆ្លងកាត់ស្នេហ៍ក្លែងក្លាយ និងរូបភាពជាអារម្មណ៍អាត្មានិយមរបស់ខ្លួនប៉ុណ្ណោះ។ រូបភាពស្នេហ៍បែបនេះ ស្រឡាញ់ខ្លាំង សញ្ញាសម្គល់អារម្មណ៍នេះ ធ្វើឱ្យដៃគូគ្មានសេរីភាព និងររងសម្ពាធផ្លូវអារម្មណ៍។ ថ្ងៃនេះ ខ្ញុំនិយាយពីស្នេហ៍ពិត វាជាស្នេហ៍កម្រជួបគ្នាណាស់។ តើក្តីស្រឡាញ់ពិតមានលក្ខណៈបែបណាវិញ?
នៅក្នុងជីវិតជាក់ស្តែងទាំងបុរស និងនារី ការឆ្លងកាត់វ័យស្នេហា និងជម្លោះគ្រួសារ ជារឿងជៀសមិនផុតទេ ប៉ុន្តែការជួបអារម្មណ៍ឈឺចាប់ បាក់ទឹកចិត្ត ការបែកគ្នា និងការបាកប្រាស់ស្នេហា រឿងទាំងអស់នេះ ជាមេរៀនដ៏មានតម្លៃ និងជាទុនឱ្យអ្នកបន្តជួបស្នេហ៍ពិត។ ចំពោះស្នេហាក្នុងបេះដូងតែ១ ក្នុងរូបមនុស្សពីរនាក់ តាមសម្តេចសង្ឃ Thich Nhat Hanh បញ្ជាក់ក្នុងសៀវភៅក្តីស្រឡាញ់ពិតថា៖
“នៅក្នុងទំនាក់ទំនងស្នេហាឱ្យស៊ីជម្រៅ វាលែងមានព្រំដែនគូស្នេហ៍ទៀតហើយ។ ខ្ញុំជានាង ហើយនាងជាខ្ញុំ។ ទុក្ខរបស់នាង និងខ្ញុំ ធ្វើឱ្យយើងយល់អារម្មណ៍ឈឺចាប់ដូចគ្នា។ ការយល់ដឹងពីទុក្ខលំបាកគ្នាទៅវិញទៅមក ជួយសម្រាលទុក្ខគ្នា នាំឱ្យស្នេហ៍កាន់តែស្និត។ សេចក្តីទុក្ខ និងសេចក្តីសុខ លែងជារឿងបុគ្គលទៀតហើយ តែវាជារួមគ្នា។ នៅក្នុងស្នេហាពិត មិនមានការបែកគ្នា ឬការរើសអើងគ្នាទៀតទេ។ ការរងទុក្ខរ ជាទុក្ខរួមគ្នា។ ពេលមានសុភមង្គល ជាសុភមង្គលរួមគ្នា។” ស្នេហានេះ ហៅថា ចិត្ត១ រស់ក្នុងកាយ២។
មានសំនួរថា តើធ្វើបែបណា ឱ្យដៃគូគ្នា និងមនុស្សជាទីស្រឡាញ់យល់ពីគ្នា? ឥឡូវនេះ ខ្ញុំនិយាយរឿងមួយ មានពេលមួយ ខ្ញុំមានជម្លោះជាមួយប្អនស្រី ខ្ញុំមិនដែលស្តាប់នាងនិយាយទេ។ ខ្ញុំជាអ្នកនិយាយឱ្យប្អូនស្តាប់ខ្ញុំ ហើយខ្ញុំគិតថា គំនិតទាំងអស់នេះ វាត្រឹមត្រូវ វាអាចជួយគាត់ និងជួយឱ្យសមត្ថភាពគាត់ប្រសើរឡើង...។ ខ្ញុំគិតថា បញ្ហាមកពីប្អូនខ្ញុំ ជម្លោះកាន់តែធំ ធ្វើឱ្យបញ្ហាផ្លូវចិត្ត និងការរស់នៅជាមួយប្អូនខ្ញុំ មិនចុះសម្រុងនឹងគ្នា។ តើធ្វើបែបណា ដើម្បីឱ្យចំណងបងប្អូនខ្ញុំកាន់តែស្រឡាញ់គ្នាខ្លាំងឡើង?
ខ្ញុំបានឃើញផ្ទៃមុខប្អូនខ្ញុំ មិនរីករាយសោះក្នុងថ្ងៃហ្នឹង។ យប់ហ្នឹង ពេលវេលាប្រហែលជាម៉ោងជិត ១០ វេលាយប់ ប្អូនស្រីខ្ញុំ គាត់ពិបាកចិត្តខ្លាំង។ ខ្ញុំបានឮសម្លេងយំតិចៗ ខ្ញុំក៏មានដើរតាមសម្លេងយំហ្នឹង ខ្ញុំបានឃើញមុខប្អូនស្រី កំពុងតែជូតទឹកភ្នែកចេញ។ ខ្ញុំសួរថា ប្អូនមានបញ្ហាអ្វីដែរ? ចម្លើយប្អូនឆ្លើយមកកាន់តែខ្ញុំថា ខ្ញុំមិនអីទេ អាបង...។
ខ្ញុំបានដើរទៅជិត និងអង្គុយនៅក្បែរប្អូនខ្ញុំ។ ហើយខ្ញុំសួរថា ប្អូនមានស្រីរឿងអី? គាត់ប្រកែកថា មិនអីទេ! ខ្ញុំសួរបន្តថា ប្អូនមានរឿងអី ប្រាប់អាបងមកណា? គាត់បានឆ្លើយថា “អាបងឈប់ស្រឡាញ់ប្អូនទៀតហើយ។” វាជាចម្លើយចាក់បេះដូងខ្ញុំមែនទែន ហើយខ្ញុំដឹងថា ខ្ញុំមានអារម្មណ៍ខុសលើប្អូនខ្ញុំ វាជាកំហុសយ៉ាងធំ ដែលខ្ញុំយល់អារម្មណ៍ខ្លួនឯង ប៉ុន្តែមិនយល់អារម្មណ៍ប្អូនស្រីខ្ញុំ។ ខ្ញុំចាំស្តាប់ប្អូនស្រីនិយាយចេញេពីអារម្មណ៍អស់ពេលជិតមួយម៉ោង។ រហូតប្អូនខ្ញុំធូរស្បើយក្នុងចិត្ត និងមានស្នាមញញឹមឡើងវិញ។ ហើយខ្ញុំនិយាយថា ឱ្យអាបងសុំទោសណាប្អូនស្រី។
នៅពេលខ្ញុំព្យាយាមស្តាប់ប្អូនខ្ញុំ ហើយខ្ញុំប្អូនក៏ស្តាប់ខ្ញុំវិញ ដោយមានអារម្មណ៍យល់ពីគ្នាកាន់តែខ្លាំងឡើង។ តើធ្វើបែបណា ឱ្យដៃគូ និងមនុស្សទីស្រឡាញ់អាចយល់ពីគ្នា? ចម្លើយគឺស្តាប់ឱ្យយល់ពីអារម្មណ៍គ្នា។ ពេលអ្នកព្យាយាមស្វែងគ្នាពីអារម្មណ៍គ្នាដោយការបើកចិត្តស្តាប់គ្នា ចេះយល់អារម្មណ៍គ្នា ចេះជួយគ្នា និយាយការពិតដាក់គ្នា មានភាពស្មោះត្រង់នឹងគ្នា ទាំងអស់នេះកុងសន្សំទំនុកចិត្ត និងដាក់ក្តីស្រឡាញ់ឱ្យគូស្នេហ៍កាន់តែស្រឡាញ់ និងមានអារម្មណ៍កក់ក្តៅនឹងគ្នាផងដែរ។ នៅប្រធានបទស្នេហ៍ពិត ខ្ញុំមិនសំដៅទៅលើស្នេហាតែម្យ៉ាងទេ គឺស្នេហ៍ជាក្តីស្រឡាញ់ចំពោះគូស្នេហ៍ ឬជាដៃគូជីវិត បងប្អូន កូនក្មួយ ក្រុមគ្រួសារ បុគ្គលិក និងអ្នកដទៃផងដែរ៕
អត្ថបទដោយ៖ ទ្រ សុភាព

