អ្នកខ្សោយទំនាក់ទំនងតែងតែបរាជ័យក្នុងការងារ ការរាប់អានមនុស្ស និងការដោះស្រាយបញ្ហាក្នុងជីវិត។ ទោះបីវាមិនទាំងអស់ក៏ដោយ តែ៧០%ក្នុងការរស់នៅគឺយើងតែងមានទំនាក់ទំនងជាមួយអ្នកដទៃ។ ការទំនាក់ទំនងជាជំនាញដ៏សំខាន់មួយនាសម័យថ្មីនេះ អ្នកគួររៀនសូត្រទាំងនៅកន្លែងការងារ និងការរកស៊ីជាដើម។ តាមលោក Dale Carnegie ជាអ្នកចិត្តសាស្រ្តប្រាប់ពីគន្លឹះទាំង ៣នេះឱ្យអ្នកពូកែទំនាក់ទំនងជាងមុន៖
១. ចេះញញឹមជាមួយភាសាទីមួយ៖ បើអ្នកចង់ទាក់ទាញចិត្តនរណាម្នាក់ ស្នាមញញឹមជាភាសាផ្លូវចិត្ត ដើម្បីបង្កើតទំនាក់ទំនង។ មនុស្សចេះញញឹមទោះខឹងក៏គេមិនរកវាយដែរ ដូច្នេះប្រសិនបើអ្នកចង់ឱ្យនរណាម្នាក់មានអារម្មណ៍រីករាយដែលបានជួបអ្នក អ្នកគួរតែផ្តល់នូវអារម្មណ៍រីករាយឱ្យទៅគេវិញដូចគ្នា។ ដូច្នេះអ្នកអាចញញឹមពេលនិយាយជាមួយអ្នកដទៃដោយផ្ទាល់ឬនិយាយតាមទូរស័ព្ទជាដើម ព្រោះនៅពេលដែលអ្នកញញឹម អារម្មណ៍និងអាក្បកិរិយា ដែលសម្តែងចេញ អាចមានភាពខុសគ្នាជាខ្លាំងដោយសូម្បីតែអ្នកខ្លួនឯងក៏មិនចាប់អារម្មណ៍ដែរ។
២. ស្តាប់គេឱ្យច្រើន៖ ពីព្រោះថា ការស្តាប់ តែមិនសូវបញ្ចេញការយល់ឃើញរបស់ខ្លួនឯងច្រើន ធ្វើឱ្យដៃគូម្ខាងទៀត មានអារម្មណ៍ល្អក្នុងការនិយាយ។ អ្នកនឹងក្លាយទៅជាមនុស្សម្នាក់ពូកែនិយាយស្តី និងធ្វើទំនាក់ទំនង ប្រសិនបើអ្នកជាមនុស្សដែលយកចិត្តទុកដាក់ស្តាប់អ្នកដទៃ ស្វែងយល់ពីអ្នកដទៃឱ្យបានច្រើន មុនពេលអ្នកនិយាយ ព្រោះវាអាចជួយឱ្យយើងយល់ពីអ្វីដែលអ្នកដទៃចង់បាន ហើយការពិតមួយទៀតគឺដោយសារ មនុស្សយើងភាគច្រើនមិនមែនសុទ្ធតែចូលចិត្តស្តាប់រឿងយ់ើងនោះទេ គេខ្វល់ខ្វាយតែពីរឿងខ្លួនឯងប៉ុណ្ណោះ។
៣. មានទៅមានមក ឱ្យផលប្រយោជន៍ទៅគេដែរ៖ ផលប្រយោជន៍ធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរនាក់ អាចរស់នៅបានយូរអង្វែង។ នៅពេលដែលយើងធ្វើទំនាក់ទំនងក្រៅពីត្រូវដឹងថាយើងខ្លួនឯងចង់បានអ្វីពីគេ ក៏ត្រូវដឹងថាគេចង់បានអ្វីយើងដែរ។ ដូច្នេះពេលដែលចង់កសាងទំនាក់ទំនងមួយឱ្យបានរឹងមាំ គឺត្រូវបង្ហាញការផ្តល់ឱ្យគ្នាទៅវិញទៅមកនៅក្នុងកិច្ចការឬការសន្ទនាអ្វីមួយ។ នេះជាតម្លៃទំនាក់ទំនងគិតពីផលប្រយោជន៍ដោយយុត្តិធម៍ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព
