តារាសម្តែងសញ្ជាតិកូរ៉េ Lee Young-ae បានបរិច្ចាគសម្បត្តិផ្ទាល់ខ្លួនចំនួន 100 លានវ៉ុន (83,470 ដុល្លារ) ដល់អ៊ុយក្រែន ខណៈដែលខ្លួននិងគ្រួសារធ្លាប់ឆ្លងកាត់ជីវិតក្នុងភ្លើងសង្គ្រាមមកពីមុន នេះបើយោងតាមការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅកូរ៉េកាលពីថ្ងៃអង្គារ។
ឯកអគ្គរដ្ឋទូត Dmytro Ponomarenko បាននិយាយថា “យើងពិតជារំភើបនិងរំភើបយ៉ាងខ្លាំងចំពោះលិខិតនេះ និងការរួមចំណែកផ្នែកហិរញ្ញវត្ថុដ៏អស្ចារ្យរបស់តារាស្រីកូរ៉េដ៏ល្បីល្បាញ Lee Young-Ae ក្នុងការគាំទ្រអ៊ុយក្រែន និងការទាមទារឱ្យបញ្ចប់សង្រ្គាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន!” ។ លោកបានបន្ថែមថា អំណោយទាំងនោះនឹងត្រូវប្រើដើម្បីបម្រើសេចក្តីត្រូវការរបស់ជនរងគ្រោះអ៊ុយក្រែនពីការឈ្លានពានរបស់រុស្ស៊ី។
ឯកអគ្គរដ្ឋទូត Dmytro Ponomarenko បានបញ្ចូលរូបថតនៃមូលប្បទានប័ត្រដែលត្រូវបានផ្ញើដោយតារាសម្តែងស្រីLee និងសំបុត្ររបស់នាងដែលបានសរសេរថា “ក្នុងនាមគ្រួសារអតីតយុទ្ធជនដែលបានឆ្លងកាត់សង្រ្គាម ខ្ញុំអាណិតអាសូរនឹងភាពរន្ធត់នៃស្ថានភាពបច្ចុប្បន្នច្រើនជាងអ្នកផ្សេងទៀត”។
នាងបន្តថា “ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សង្គ្រាមនៅអ៊ុយក្រែននឹងឈានដល់ការបញ្ចប់ក្នុងពេលឆាប់ៗ ហើយបួងសួងសុំសុខុមាលភាព និងសុវត្ថិភាពដល់ពលរដ្ឋអ៊ុយក្រែនទាំងអស់ដែលកំពុងទាមទារសេរីភាព និងសន្តិភាព ខ្ញុំសង្ឃឹមថាអ្នកមិនបាត់បង់ភាពក្លាហាន និងក្តីសង្ឃឹមរបស់អ្នកឡើយ។ ក្នងនាមជាពលរដ្ឋកូរ៉េម្នាក់ដែលចង់បានសន្តិភាព និងសេរីភាព ខ្ញុំសូមបង្ហាញពីដួងចិត្តរបស់ខ្ញុំតាមរយៈអំណោយដ៏តូចមួយនេះ សូមព្រះគង់នៅជាមួយអ្នកជានិច្ច។
សូមរម្លឹកផងដែរថា Lee Young-Ae គឺជាតារាសម្តែងជើងចាស់អាយុ 51 ឆ្នាំដែលបានបង្ហាញខ្លួនជាលើកដំបូងតាមរយៈការផ្សាយពាណិជ្ជកម្មសូកូឡាក្នុងឆ្នាំ 1990 ។ នាងបានចាប់ផ្ដើមអាជីពសម្តែងរបស់នាងតាមរយៈរឿងភាគរបស់ទូរទស្សន៍ KBS រឿង "How's Your Husband?" ក្នុងឆ្នាំ 1993 ។ ស្នាដៃលេចធ្លោមួយចំនួនរបស់នាងចាប់តាំងពីពេលនោះមករួមមានរឿង "Last Present" (2001) "Lady Vengeance" (2009) និង "Bring Me Home" (2018) និងរឿង "Dae Jang Geum" (2003) និង "Saimdang , Memoir of Colors" (2016)៕