បញ្ហានៅក្នុងជីវិតរបស់អ្នកព្រោះតែរបៀបការគិតរបស់អ្នក មិនមែនបរិយាកាសខាងក្រៅនោះទេ។ ពេលការងាររបស់អ្នកមានបញ្ហា មកពីណាអ្នកណា? ពេលអ្នកឃ្លានអាហារ អ្នកណាហូបជំនួសរូបអ្នកឱ្យឆ្អែត? នេះជាសំណួរសាមញ្ញាឱ្យអ្នកគិតឃើញថា រាល់បញ្ហាគឺខ្លួនអ្នកសុទ្ធតែបំណែកជាប់ជាមួយរូបអ្នកដែរ។ ការគិតរបស់អ្នកជាអ្នកកំណត់ថា អ្នកសប្បាយចិត្ត ឬមិនសប្បាយ មានទុក្ខកង្វល់ ឬមានក្តីរីករាយ នេះជាជម្រើសការគិតរបស់អ្នកតែប៉ុណ្ណោះ។ ព្រះអង្គ គូ សុភាព មានសង្ឃដីកាថា ពេលអ្នកគិតបែបនេះ ជីវិតរបស់អ្នកនឹងមានក្តីសុខជាង៖
១. បញ្ហាជាមេរៀន៖ បើអ្នកគិតថា បញ្ហាមកខាងក្រៅនោះ អ្នកកំពុងគេចវេសពីទំនួលខុសត្រូវហើយ។ ទោះបីអ្នកធ្វើខុសក៏ដោយ ត្រូវតែព្យាយាមដោះបញ្ហា ទើបបញ្ហាទាំងអស់នោះ វារួមតូចទៅៗ។ តាមលោកព្រះអង្គ គូ សុភាព បានលើកឡើងថា គ្មាននរណាមិនធ្លាប់ខុសនោះទេ ក្មេងធ្លាប់ដួលរាប់សិបដង ទម្រាំចេះដើរ។ រឿងមិនល្អធ្វើឱ្យអ្នកឈឺចាប់ តែវាជួយអ្នកឱ្យមើលបញ្ហាបានច្បាស់ជាងមុន ស្គាល់ពីមនុស្សកាន់តែប្រាកដជាងមុន។ កំហុសចាត់ទុកជាគ្រូ តែកុំឱ្យខុសដដែលៗ បានហើយ។
២. បាបចាស់៖ សម្រាប់ពាក្យថា បាបចាស់នេះ មានន័យថា អ្នកធ្លាប់កម្មចចាស់ ឬទង្វើពីអតីតកាល ជាអំពើខុសឆ្គង ទើបដល់ពេលនេះ អ្នកមានបញ្ហាកើតឡើងក្នុងជីវិត។ ហើយអ្នកកុំតូចចិត្តតូចថ្លើមអី ជីវិតជួបភ្លៀងគង់តែរាំវិញនោះទេ។ អ្នកមានបញ្ហាគង់តែអស់បញ្ហាដូចគ្នាដែរ។ តាមព្រះអង្គបានលើកឡើងថា តាមច្បាប់កម្មផល យើងម្នាក់ៗសុទ្ធតែធ្លាប់សាងបាបកម្មខ្លះ ពីអតីតជាតិមក។ ពេលបាបចាស់ឱ្យផល ក៏ជួបរឿងមិនល្អ ជួបបញ្ហា ទោះខំរត់ទៅណា ក៏រត់មិនរួច (ព្រះពុទ្ធក៏មានបាបតាមឱ្យផលដែរ)។ រឿងមិនល្អជាផលនៃបាបចាស់ រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មី ដែលធ្វើឱ្យរឿងកាន់តែអាក្រក់ឡើង។
៣. ពិចារណាមិនបានល្អ៖ បើជីវិតរបស់អ្នកសម្បូរបញ្ហាច្រើននោះ ព្រោះតែរបៀបគិតរបស់អ្នកមានបញ្ហានេះឯង។ តាមព្រះអង្គ គូ សុភាព បានលើកឡើងថា អាចថាអ្នកមិនបានពិចារណាល្អិតល្អន់ មិនបានសួរគេសួរឯង ឱ្យបានច្បាស់លាស់ ចំណេះដឹងមិនគ្រប់គ្រាន់ ធ្វើឱ្យគេបោកអ្នកបាន ឬត្រូវខាតបង់ទៅ។ ថ្ងៃក្រោយ ត្រូវចាំទុក រៀនគិតគូរឱ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្ត។ ណ្ហើយចុះ បើវាខុសទៅហើយ ឱ្យវារួចទៅចុះ ចាប់ផ្តើមសាជាថ្មី។ ព្រោះនរណាក៏មានបញ្ហាក៏ធ្លាប់ធ្វើខុសដែរ ទៅណាក៏គេចមិនរួច វាជារឿងធម្មតានៃជីវិតហើយ។ សុខទុក្ខ ចំណេញខាត ជួបព្រាត់ ជាសច្ចធម៌ មិនអាចប្រកែកបាន។ បើជួបហើយ ប្រឹងដោះទៅ បើដោះហើយ ដើរទៅ មុខទៀត កុំសូវទូលរឿងសំពីងសំពោងច្រើនពេកធ្ងន់ណាស់ ទៅមុខមិនបានឆ្ងាយទេ៕ អត្ថបទដោយ៖ ទ្រ សុភាព