ស្រ្តេសធ្វើឱ្យខួរក្បាលរបស់អ្នកបាត់បង់កោសិការងាយឆាប់ភ្លេចភ្លាំងណាស់ មានអ្នកខ្លះ គាត់ស្ត្រេសកាន់ឆ្នាំយូរពេក នាំឱ្យកើតវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរឈានដល់ការសម្លាប់ខ្លួនក៏មានដែរ ហើយរឿងសម្លាប់ខ្លួននេះគឺមានច្រើនករណីមកហើយ កុំមើលងាយស្រ្តេសឱ្យសោះ។ ឥឡូវនេះ ខ្ញុំលើកសញ្ញាខ្លះៗ ពីបញ្ហាស្រ្តេស និងមានដំណោះមួយបំបាត់ស្រ្តេសឱ្យខួរក្បាលស្រស់ស្រាយ។ រោគសញ្ញាស្តេ្រសមានដូចជា៖ អស់កម្លាំង និងពិបាកគេង -ឈឺក្បាលវិលមុខ -សម្ពាធឈាមឡើងខ្ពស់ បេះដូងលោតញាប់ -ថប់បារម្ភ ឆាប់ខឹងឆេវឆាវ -ធ្លាក់ទឹកចិត្ត ងាយស្លន់ស្លោរ
បើអ្នកចង់ការពារខួរក្បាលចេញពីការវ៉ៃប្រហារបញ្ហាស្រ្តេសនោះ តាមវេជ្ជបណ្ឌិត Aaron Bonner-Jackson ជាអ្នកជំនាញជំងឺសរសៃប្រសាទបាននិយាយថា “ការធ្វើលំហាត់ប្រាណផ្នែករាងកាយ ពិតជាជះឥទ្ធិពលដល់ខួរក្បាល កុំឱ្យស្រ្តេស កុំឱ្យអ្នកវិវត្តទៅជាជំងឺវង្វេងស្មារតី និងជំងឺភ្លេចភ្លាំងយ៉ាងឆាប់រហ័ស។” ព្រោះពេលអ្នកធ្វើលំហាត់ប្រាណ ខួរក្បាលរបស់អ្នកនឹងបញ្ចេញអរម៉ូន អង់ដូហ្វីន Endorphin ជួយឱ្យមានអារម្មណ៍រីករាយ ហើយខួក្បាល ក៏គិតអ្វីៗ ក៏បានល្អដែរ។ យើងអាចនិយាយថា អារម្មណ៍រីករាយ បង្កើតលំហូរការគិតបានល្អ។
តាមការស្រាវជ្រាវពី UCLA បានបង្ហាញថា “ការធ្វើលំហាត់ប្រាណ បានបង្កើនការលូតលាស់កោសិកាខួរក្បាល ដែលមានលក្ខណៈតភ្ជាប់នឹងប្រព័ន្ធប្រសាទសារជាថ្មី។” នេះអាចបញ្ជាក់បានថា កោសិការាប់លាននៅក្នុងខួរក្បាល ត្រូវមានដំណតភ្ជាប់ជាមួយផ្នែកប្រព័ន្ធប្រសាទថ្មីៗ ធ្វើឱ្យក្បាលកាត់បន្ថយជំងឺភ្លេចភ្លាំង។
ដើម្បីបញ្ជាក់ឱ្យបានច្បាស់ថា ការធ្វើលំហាត់ប្រាណ ពិតជាមានអត្ថប្រយោជន៍ដល់ខួរក្បាលមែនទេ? យើងត្រូវមើលការពិសោធទាំងអស់គ្នា។ នៅប្រទែសហូឡង់ បានធ្វើការពិសោធន៍មួយ ឱ្យសិស្សធ្វើលំហាត់ប្រាណបែបកាយវិកាចំនួន ២០នាទី គេបានរកឃើញថា សិស្សៗ ទាំងអស់នោះ មានការផ្តោតអារម្មណ៍ និងធ្វើកិច្ចការបានប្រសើរជាមុន។ ចំណែកនៅប្រទេសអាមេរិកវិញ មានការសិក្សាពេញមួយឆ្នាំ ចំពោះសិស្សថ្នាក់កីឡា ហើយគេក៏រកឃើញថា សិស្សទាំងអស់នោះ មានភាពស្វាហាប់ និងពូកែលំហាត់លឿនហើយមិនសូវមានអារម្មណ៍ស្មុកស្មាញនិងស្រ្តេសខ្លាំងនោះទេ។
ដូចនេះ ការធ្វើលំហាត់ប្រាណចំនួន ២០ ទៅ ៣០នាទីជាប្រចាំ ជួយដល់សុខភាពរាងកាយ និងផ្លូវចិត្ត។ ទោះបីអ្នកធ្វើលំហាត់ប្រាណ ដើរ រត់ ហែលទឹក លើកទម្ងន់ និងហាត់យូហ្គា ក៏លំហាត់ប្រាណទាំងអស់ ជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងបែបញើសបញ្ចុះជាតិពុល និងគីឡូ។ តាមទស្សនវិទូអាឡ៉ម៉ងលោក Nietzsche បាននិយាយថា “ការធ្វើលំហាត់ប្រាណដើរនេះ ជួយឱ្យខ្ញុំមានគំនិតថ្មីៗ”៕