អ្នកចូលចិត្តទៅលេងសមុទ្រ និងចុះងូតទឹកសមុទ្រសូមប្រុងប្រយ័ត្នផងថ្មីៗនេះកំពុងតែល្បីល្បាញពេញបណ្តាញសង្គមពាក់ព័ន្ធនឹងសត្វសមុទ្រម្យ៉ាងដែលមានរូបរាងដូចជាចាហួយ ដែលមនុស្សភាគច្រើនតែងហៅវាថា ពពុះសមុទ្រ។ សត្វមួយប្រភេទនេះវាមានគ្រោះថ្នាក់ណាស់ នៅពេលដែលយើងហែលទឹកហើយទៅប៉ះជាមួយនឹងវា គឺធ្វើឱ្យស្បែករបស់យើងមានប្រតិកម្មភ្លាមៗដូចជា ឡើងស្នាមក្រហម ស្លោកស្បែក រលួយស្បែក ហើយករណីធ្ងន់ធ្ងរអាចគាំងបេះដូចស្លាប់ថែមទៀតផង។
ជាការពិតណាស់ យោងតាមការចុះផ្សាយរបស់គេហទំព័រ Mayo clinic បានឱ្យដឹងថា ពពុះសមុទ្រឬ jellyfish ជាសត្វដែលសម្បូររស់នៅតាមឆ្នេរសមុទ្រទឹករាក់ ជាពិសេសនៅរដូវក្តៅ ឬមានខ្យល់ខ្លាំង។ សត្វនេះមើលទៅមានរូបរាងថ្លាដូចចាហួយ មានច្រើនពណ៌ តែវាគ្រោះថ្នាក់ណាស់ នៅពេលសត្វនេះវាមកប៉ះជាមួយរាងកាយមនុស្សយើង គឺធ្វើឱ្យមានអាការៈដូចជា រលាក ឈឺចាប់ ឡើងកន្ទួលរមាស់ និងហើមជាដើម។ ប្រសិនករណីធ្ងន់ធ្ងរអាចវាអាចធ្វើឱ្យមនុស្សមានរោគសញ្ញា ឈឺពោះ ក្អួតចង្អោរ ឈឺក្បាល ឈឺសាច់ដុំ ងងុយដេក ដួលសន្លប់ ពិបាកដកដង្ហើម ឬគាំងបេះដូង។
ជាមួយគ្នានេះដែរ ដើម្បីការពារខ្លួនប្រាណរបស់យើងកុំឱ្យទៅប៉ះជាមួយ ពពុះសមុទ្រនេះនៅពេលលេងទឹកគឺយើងគួរតែស្លៀកពាក់ខោអាវហែងទឹក ឬខោអាវការពារឱ្យបានល្អមុនចុះហែល។ មួយវិញទៀត ប្រសិនជាករណីខ្លួនប្រាណរបស់យើងទៅប៉ះជាមួយសត្វពពុះសមុទ្រនេះយើងអាចប្រើប្រាស់វិធីសង្រ្គោះបន្ទាន់បានដូចជា លាបទឹកខ្មេះ ឬស្អំទឹកកក ហើយអាចនាំអ្នកជំងឺទៅមន្ទីពេទ្យស្បែក ឬពេទ្យជំនាញដែលនៅជិតនោះឱ្យបានលឿនបំផុត៕